26.6 C
Phnom Penh

ក្រសួង​ការបរទេស​កម្ពុជា​ចាត់ទុក​ចំណាត់ការ​ផ្លូវច្បាប់​ថៃ លើ​មេដឹកនាំ​ខ្មែរ គឺជា​ការ​រំលោភ​លើ​អធិបតេយ្យ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា ចាត់ទុក​ចំណាត់ការ​ផ្លូវច្បាប់​របស់​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ លើ​មេដឹកនាំ​កម្ពុជា ថា​មិន​ត្រឹមតែ​ជា​ការ​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ជាតិ​កម្ពុជា ទេ ថែមទាំង​ធ្វើ​ឱ្យ​ខូចខាត​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

ក្រសួង​ការបរទេស​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា ទង្វើ​របស់​នាយករដ្ឋមន្ត្រី​ស្ដីទី​ថៃ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​ដែល​បាន​អនុវត្ត​កន្លង​មក ដើម្បី​សម្រេច​បាន​នូវ​បទ​ឈប់​បាញ់​ពេញលេញ និង​ដើម្បី​ស្ដារ​សន្តិភាព រួម​ទាំង​ប្រក្រតីភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

ប្រភព​ដដែល អះអាង​ថា សកម្មភាព​ផ្លូវច្បាប់​ដែល​បាន​គ្រោងទុក​របស់​ថៃ នឹង​ធ្វើ​ឱ្យ​ខូចខាត​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​ក្នុង​ការ​ស្ដារ​ឡើងវិញ​នូវ​ទំនុកចិត្ត ដែល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​បទ​ឈប់​បាញ់ និង​ការ​បន្ថយ​ភាព​តានតឹង​នៃ​ស្ថានការណ៍ ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) កាលពី​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៥ កន្លង​ទៅ។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញាចិត្ត​ឥត​ងាករេ​ក្នុង​ការ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព និង​ការ​ស្ដារ​ទំនាក់ទំនង​ឱ្យ​មាន​ភាព​ប្រក្រតី​ឡើងវិញ​នា​ពេល​ដ៏​ខ្លី​បំផុត​ខាងមុខ​នេះ។

កាលពី​ថ្ងៃទី​១៨ ខែ​សីហា កាសែត​ថៃ ខៅ​ស៊ុត (Khaosod) បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ លោក ភូមថាំ វីឆាយ៉ាឆ័យ (Phumtham Wechayachai) ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ចាប់​ខ្លួន​ភ្លាមៗ ប្រសិនបើ​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​១៨ ខែ​សីហា ថា នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ លោក ភូមថាំ វីឆាយ៉ាឆ័យ (Phumtham Wechayachai) គឺជា​មនុស្ស​ព្រៃ មិន​ស្គាល់​ច្បាប់​ទម្លាប់ និង​ការទូត ប្រសិនបើ​មេដឹកនាំ​ថៃ រូប​នេះ​ពិត​ជា​ចង់​ចាប់​មេដឹកនាំ​កម្ពុជា មែន​នោះ។

លោក​បន្ត​ថា បើ​នាយករដ្ឋមន្ត្រី​ស្ដីទី​ថៃ ប៉ុនប៉ង​ចាប់​ខ្លួន​លោក និង​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត ដូច​ការ​ចុះផ្សាយ​របស់​កាសែត​ថៃ មែន​នោះ គឺ​មាន​ន័យ​ថា ច្បាប់​ទម្លាប់​នឹង​ត្រូវ​បាន​បំផ្លាញ​ដោយ​ពួក​ឈ្លានពាន​ទាំងនេះ​យ៉ាង​ពិតប្រាកដ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ សីហា នេះ​ដែរ​ថា លោក​ពិត​ជា​មិន​នឹកស្មាន​ថា​មេដឹកនាំ​ថៃ ហ៊ាន​និយាយ​ពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​កម្ពុជា​បែប​នេះ​សោះ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រូប​នេះ បញ្ជាក់​ថា បើ​ការ​ប្រកាស​ចាប់​ខ្លួន​មេដឹកនាំ​កម្ពុជា​នេះ​ជា​ការពិត នោះ​មាន​ន័យ​ថា មេដឹកនាំ​បែប​នេះ​នឹង​នាំ​ឱ្យ​ប្រទេស​ថៃ ដើរ​ថយក្រោយ​ក្រោម​ភាព​អាម៉ាស់​ដ៏​ធ្ងន់ធ្ងរ​នៅ​លើ​ឆាក​អន្តរជាតិ​ជាក់​ជាមិនខាន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស