32.7 C
Phnom Penh

រដ្ឋាភិបាល​បង្កើត​ទិវា​លើក​តម្កើង​អតីត​យុទ្ធជន និវត្តជន ១២ ឧសភា ខណៈ​មេ​បក្ស​ជំទាស់​ពី​ក្រៅ​ស្រុក​ថា​កម្ពុជា​ក្រ តែ​អ្នក​ដឹកនាំ​ជា​សេដ្ឋី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជរដ្ឋាភិបាល​កម្ពុជា កំណត់​យក​ថ្ងៃទី​១២ ខែ​ឧសភា ជា​រៀងរាល់​ឆ្នាំ ជា​ទិវា​លើក​តម្កើង​វីរភាព​អតីត​យុទ្ធជន និង​និវត្តជន ដែល​បាន​លះបង់​ដើម្បី​ជាតិ​មាតុភូមិ។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៥ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២១ សីហា នេះ សម្រេច​យក​ថ្ងៃទី​១២ ខែ​ឧសភា ជា​រៀងរាល់​ឆ្នាំ ជា​ថ្ងៃ​ប្រារព្ធ​ទិវា​អតីត​យុទ្ធជន និង​និវត្តជន​កម្ពុជា ដែល​បាន​លះបង់​ដើម្បី​ជាតិ​មាតុភូមិ។

ខ្លឹមសារ​ក្នុង​អនុក្រឹត្យ​នេះ បញ្ជាក់​ថា ទិវា​នេះ​មាន​គោលបំណង​លើក​តម្កើង​វីរភាព​ដ៏​អង់អាច និង​គុណបំណាច់​ដ៏​ធំធេង​នៃ​អតីត​យុទ្ធជន និង​និវត្តជន​កម្ពុជា ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ។

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ សង្គម​ស៊ីវិល គ្រឹះស្ថាន​សាធារណៈ និង​ឯកជន រួម​ទាំង​ភាគី​ពាក់ព័ន្ធ ត្រូវ​ចូលរួម​បំផុស​ស្មារតី​គាំទ្រ​ទិវា​នេះ​ដល់​សាធារណជន ដើម្បី​ឱ្យ​យល់ដឹង​ពី​គុណតម្លៃ​នៃ​គំរូ​វីរភាព​អតីត​យុទ្ធជន និង​និវត្តជន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​អ្នក​សង្កេតការណ៍ លើកឡើង​ថា ទន្ទឹម​នឹង​បង្កើត​ទិវា​តម្កើង​វីរភាព​របស់​អតីត​យុទ្ធជន និង​និវត្តជន រដ្ឋាភិបាល​ក៏​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ជីវភាព​កងទ័ព និង​និវត្តជន អតីត​យុទ្ធជន​ទាំងនោះ​ឱ្យ​បាន​ល្អ​ប្រសើរ​ផង​ដែរ ជៀសវាង​ការ​យកចិត្ត​ទុកដាក់​តែ​ពេល​ដែល​ប្រទេស​ជាតិ​មាន​សង្គ្រាម ហើយ​បោះបង់​ពួកគេ​ចោល​ពេល​ដែល​សង្គ្រាម​ផុត​រលត់។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ផ្តល់​ដី​សម្បទាន ការ​ផ្តល់​ប្រាក់បៀវត្ស និង​ការ​ថែទាំ​ផ្សេងៗ ដើម្បី​ធានា​ជីវភាព​របស់​កងទ័ព និវត្តជន និង​អតីត​យុទ្ធជន គឺជា​រឿង​ចាំបាច់​បំផុត​ដើម្បី​លើក​ទឹកចិត្ត​ឱ្យ​កូន​ខ្មែរ​ចូលរួម​ការពារ​ប្រទេស​ជាតិ​កាន់តែ​ខ្លាំងក្លា​ដែល​ជា​ខឿន​ការពារ​ជាតិ​ដ៏​រឹងមាំ​ទៅ​ថ្ងៃ​មុខ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​ចេញ​បទបញ្ជា​ឲ្យ​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​នូវ​គោលនយោបាយ​លើក​ទឹកចិត្ត​ពិសេស​សម្រាប់​កងកម្លាំង​ប្រដាប់​អាវុធ ទាំង​យោធា ទាំង​នគរបាល​ជាតិ ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នា​ពេលនេះ។

សេចក្តី​រាយការណ៍​ពី​រដ្ឋាភិបាល បាន​បង្ហាញ​កាលពី​ពេល​កន្លង​ទៅ​ថា បច្ចុប្បន្ន អតីត​យុទ្ធជន​ខ្មែរ​មាន​ចំនួន​ជាង ១​សែន​នាក់ (១០៩០៣៤​នាក់) ព្រមទាំង​អ្នក​នៅ​ក្នុង​បន្ទុក​ជិត ១​សែន ៥​ពាន់​នាក់​ផង​ដែរ (១៤៩០៥៣​នាក់) ដែល​កំពុង​ទទួល​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំ​ខែ​ពី​រដ្ឋ។

គួរ​បញ្ជាក់​ថា រាជាណាចក្រ​កម្ពុជា មាន​ទិវា​អតីត​យុទ្ធជន​ដែល​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០៧ ហើយ​ប្រារព្ធ​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃទី​២១ ខែ​មិថុនា។

ដំណាល​ពេល​គ្នា​នេះ មេដឹកនាំ​បក្ស​ជំទាស់​នៅ​ក្រៅ​ប្រទេស ដែល​ដឹកនាំ​ក្រុមប្រឹក្សា​ជាតិ​តស៊ូ លោក សម រង្ស៊ី បាន​សរសេរ​ផ្សាយ​ក្នុង​ហ្វេសប៊ុក ហើយ​ដែល​សារព័ត៌មាន​ថៃ The Nation បាន​យក​ទៅ​ចុះផ្សាយ​បន្ត​នៅ​ថ្ងៃទី​២១ ខែ​សីហា នេះ​ថា៖ «ប្រទេស​កម្ពុជា​ក្រ កងទ័ព​ក្រ ប៉ុន្តែ​មេដឹកនាំ​ជា​មហាសេដ្ឋី។»

លោក សម រង្ស៊ី អះអាង​ថា៖ «ទ្រព្យសម្បត្តិ​លោក ហ៊ុន សែន ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន ៣​ពាន់​លាន​ដុល្លារ ខណៈ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន មាន​ចំនួន ១​ពាន់​លាន​ដុល្លារ។ មេដឹកនាំ​កម្ពុជា ជា​អ្នក​មាន មាន​ជាង​មេដឹកនាំ​ចិន ទៅ​ទៀត ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​កម្ពុជា​ជំពាក់​លុយ​ចិន​រាប់​ពាន់​លាន​ដុល្លារ ហើយ​គ្មាន​លទ្ធភាព​ពង្រឹង​វិស័យ​កងទ័ព? យោធា​របស់​យើង​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ រស់នៅ​ខ្វះ​មុខ​ខ្វះ​ក្រោយ យោធា​របស់​យើង​មិន​មាន​សូម្បីតែ​ឧបករណ៍​សុវត្ថិភាព​គ្រប់គ្រាន់​ដើម្បី​ការពារ​ខ្លួន ហើយ​ពួកគេ​កាន់​អាវុធ​ចាស់ និង​គ្មាន​ប្រសិទ្ធភាព។ ចំណែកឯ​អាវុធ​ទំនើប និង​សំណាញ់​មេឃ (ឬ​ប្រព័ន្ធ​ការពារ​ដែនអាកាស) គេ​ទុក​នៅ​ទួលក្រសាំង ដើម្បី​ការពារ​ផ្ទះ​លោក ហ៊ុន សែន។»

លោក សម រង្ស៊ី ហៅ​ទ្រព្យសម្បត្តិ​ទាំងនោះ​ជា​ទ្រព្យសម្បត្តិ​ចោរ​លួច​ជាតិ ដែល​នឹង​ត្រូវ​រឹបអូស៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស