ក្រសួងការបរទេសកម្ពុជា បានដាក់លិខិតតវ៉ាជាផ្លូវការមួយទៅកាន់រដ្ឋាភិបាលថៃ ដើម្បីប្រឆាំងនឹងការទន្ទ្រានជាបន្តបន្ទាប់របស់យោធាថៃ ចូលទៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ដោយរាយបន្លាលួស ដាក់សំណាញ់របាំង និងដាក់កង់ឡាន ជាពិសេសតំបន់ដែលមានពលរដ្ឋកម្ពុជារស់នៅ។
យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោក ជុំ សុន្ទរី ថ្លែងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេសកម្ពុជា បានដាក់លិខិតតវ៉ាជាផ្លូវការមួយទៅកាន់រដ្ឋាភិបាលថៃ ដើម្បីប្រឆាំងនឹងការទន្ទ្រានជាបន្តបន្ទាប់របស់យោធាថៃ ចូលទៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ដែលមានប្រជាពលរដ្ឋកម្ពុជាបានរស់នៅ។
លោក ជុំ សុន្ទរី ថ្លែងថា នៅក្នុងលិខិតតវ៉ាជាផ្លូវការនោះ កម្ពុជាបានបង្ហាញក្តីកង្វល់យ៉ាងខ្លាំង និងបានចាត់ទុកសកម្មភាពទន្ទ្រានដោយរាយបន្លាលួស ដាក់សំណាញ់របាំង និងដាក់កង់ឡានចូលទឹកដីខ្មែរនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺជាទង្វើដែលនាំឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នាកាលពីកន្លងទៅ។
ក្រោយមានការព្រមព្រៀងលើបទឈប់បាញ់រវាងភាគីកម្ពុជា និងថៃ តាំងពីនៅទីក្រុងពូត្រាចាយ៉ា ក្នុងប្រទេសម៉ាឡេស៊ី រហូតដល់មានការព្រមព្រៀងជាថ្មីក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រុមអនុព័ន្ធយោធាប្រចាំកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន បានចុះទៅសង្កេតស្ថានការណ៍តាមព្រំដែនខ្មែរ-ថៃ ជាបន្តបន្ទាប់។
ការចុះទៅពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅខេត្តព្រះវិហារ នាថ្ងៃពុធកន្លងមកនេះ គឺជាលើកទីបីហើយគិតតាំងពីមានការប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងភាគីកម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
ការចុះទៅពិនិត្យទីតាំងដែលធ្លាប់មានការវាយប្រយុទ្ធគ្នារវាងទាហានខ្មែរ និងថៃ នេះ ក៏បានរៀបចំនៅខាងភាគីថៃ ផងដែរ។ ជាក់ស្តែង កាលពីថ្ងៃអង្គារ ទី១៩ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន ៨ប្រទេស ក្រោមការរៀបចំរបស់ភាគីថៃ បានចុះពិនិត្យតំបន់ចុងអានម៉ា នៅខេត្តអ៊ូប៊ុន រជ្ជឆថានីរបស់ថៃ ដែលខាងកម្ពុជា ហៅថាច្រកអានសេះ ហើយក៏ជាទឹកដីរបស់កម្ពុជាក្នុងខេត្តព្រះវិហារ។
នៅថ្ងៃទី២០ ខែសីហា នេះ ភាគីថៃ ក៏បាននាំក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះពិនិត្យនៅតំបន់មានជម្លោះក្នុងខេត្តសុរិន្ទ ដែលនៅជាប់ខេត្តឧត្ដរមានជ័យ ប្រទេសកម្ពុជា។
កាលពីថ្ងៃទី១៩ ខែសីហា តំណាងក្រុមអ្នកសង្កេតការណ៍អន្តរកាល ដែលចុះពិនិត្យស្ថានការណ៍នៅខាងថៃ បានប្រាប់អ្នកកាសែតថា ការចុះពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍ គឺមិនមែនជាការវាយតម្លៃថាខាងណាត្រូវ ឬខុសនោះទេ តែធ្វើឡើងដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន ហើយធ្វើរបាយការណ៍នៅពេលក្រោយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

