32.4 C
Phnom Penh

កងទ័ព​ថៃ ប្រកាស​ដាក់​ភូមិ​ណងចាន់ ដែល​ទល់​មុខ​ភូមិ​ជោគជ័យ របស់​កម្ពុជា ស្ថិត​ក្រោម​ច្បាប់​អាជ្ញាសឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងកម្លាំង​ថៃ បូរ៉ាផា (Burapha) ឬ​កម្លាំង​បូព៌ា​ប្រទេស​ថៃ ប្រកាស​ដាក់​ភូមិ​ណងចាន់ ឃុំ​ខកសុខ ខេត្ត​ស្រះកែវ ដែល​នៅ​ទល់​មុខ​នឹង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជា​តំបន់​ស្ថិត​ក្រោម​ច្បាប់​អាជ្ញាសឹក ដែល​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​យោធា​ទាំងស្រុង។

សារព័ត៌មាន​ថៃ The Nation ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៩ សីហា ថា ក្រោយ​ការ​ដាក់​ភូមិ​ណងចាន់ ស្ថិត​ក្រោម​ច្បាប់​អាជ្ញាសឹក​នេះ គឺ​ត្រូវ​ហាម​មិន​ឲ្យ​យក​អាវុធ​គ្រប់​ប្រភេទ​ចូល ឬ​វត្ថុ​ដែល​អាច​ប្រើ​ជា​អាវុធ​ផង​ដែរ។ ជាង​នេះ​ទៀត ក៏​ត្រូវ​ហាមឃាត់​ការ​បិទ​ផ្លូវ​ដែល​ប៉ះពាល់​ដល់​ប្រតិបត្តិការ​មន្ត្រី និង​ការ​រស់នៅ​របស់​ប្រជាជន​ថែមទៀត។ លើស​ពី​នេះ ក៏​ហាមឃាត់​មិន​ឲ្យ​ថត​រូប​មូលដ្ឋាន​ប្រតិបត្តិការ​យោធា រួម​ទាំង​ហាមឃាត់​មិន​ឲ្យ​វាយ​គ្នា ទាស់​គ្នា និង​ទទួលទាន​សារធាតុ​ស្រវឹង ព្រមទាំង​ហាមឃាត់​មិន​ឲ្យ​យក​ឧបករណ៍​បំពង​សំឡេង​ចូល​ក្នុង​បរិវេណ​នេះ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ផង​ដែរ។

កាលពី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៥ ផ្អែក​តាម​សារព័ត៌មាន ខៅស៊ុត (Khaosod) នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ លោក ភូមិថាំ វិឆាយាឆៃ អះអាង​ថា ចំពោះ​កម្ពុជា​ដែល​បាន​ដាក់​សម្ពាធ​បង្ខំ​ឱ្យ​ថៃ រុះរើ​របង​បន្លា​លួស​ចេញ គឺ​លោក​គ្មាន​សិទ្ធិ​សម្រេច​លើ​រឿង​នេះ​ទេ។

នាយករដ្ឋមន្ត្រី​ស្តីទី​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន រដ្ឋាភិបាល​ថៃ បាន​ប្រគល់​សិទ្ធិ​ការពារ​ព្រំដែន​ឱ្យ​កងទ័ព​ថៃ ជា​អ្នក​ដោះស្រាយ​អស់​ហើយ ខណៈ​ការ​រាយ​បន្លា​លួស​ពី​សំណាក់​កងទ័ព​ថៃ នា​ពេលនេះ គឺ​ធ្វើឡើង​ដោយ​ត្រឹមត្រូវ ស្រប​តាម​កិច្ចព្រមព្រៀង​នៃ​បទ​ឈប់​បាញ់​នៅ​ប្រទេស​ម៉ាឡេស៊ី ទាំងអស់។

កាលពី​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ បាន​អះអាង​ថា កងទ័ព​ថៃ បាន​រាយ​បន្លា​លួស និង​ប្រើ​សម្បក​កង់ឡាន ហ៊ុមព័ទ្ធ​ផ្ទះ​របស់​ពួកគាត់​ដែល​ស្ថិត​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៣ ខែ​សីហា ថា កម្លាំង​កងទ័ព​ថៃ និង​តម្រួត​ព្រំដែន​ថៃ ប្រដាប់​ដោយ​អាវុធ នៅ​ថ្ងៃទី​១២ និង​ទី​១៣ ខែ​សីហា បាន​រាយ​លួស​បន្លា ព្រមទាំង​ដាក់​កង់ឡាន​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៃ​យោធភូមិភាគ​ទី​៥។

រហូត​ដល់​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង ០២ និង ២០​នាទី យោធា​ថៃ ប្រដាប់​ដោយ​អាវុធ រួម​ទាំង​ឧបករណ៍​បញ្ចេញ​រលក​សំឡេង (Long Range Acoustic Device) បាន​ចូល​មក​រាយ​បន្លា​លួស​សាជាថ្មី​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ភូមិសាស្ត្រ​ទល់​មុខ​នឹង​ភូមិ​ណងចាន់ ឃុំ​ខកសុខ ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​នៅ​ទីតាំង​នោះ រួម​មាន​មនុស្ស​ចាស់ជរា ជនពិការ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ពកូន ជាដើម បាន​រួម​គ្នា​ប្រឆាំង​តវ៉ា​មិន​ឱ្យ​ទាហាន​ថៃ រាយ​បន្លា​លួស​បន្ត​ទៀត​ឡើយ និង​បាន​រុះរើ​បន្លា​លួស​ដែល​ទាហាន​ថៃ ទើប​នឹង​ដាក់​ពង្រាយ​ចេញ​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស