29.3 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​ស្នើសុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ជួយ​តាមដាន​ថៃ​បន្ត​រាយ​លួស​បន្លា​នៅ​លើ​ទឹកដី​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក តាមដាន​ដោយ​យកចិត្ត​ទុកដាក់​ចំពោះ​ស្ថានការណ៍​ចុងក្រោយ​នៃ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ជាពិសេស​ការ​បន្ត​ដាក់​លួស​បន្លា​ពី​សំណាក់​ទាហាន​ថៃ មក​លើ​ទឹកដី​កម្ពុជា នា​ពេលនេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ជុំវិញ​ជំនួប​ជាមួយ​ភារធារី​ស្តីទី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី Bridgette L. Walker នៅ​ថ្ងៃទី​៥ កញ្ញា ថា កម្ពុជា​បាន​អត់ធ្មត់​គ្រប់​បែប​យ៉ាង​ដើម្បី​ធានា​ការ​គោរព​បទ​ឈប់​បាញ់ ហើយ​ក៏​ចង់​បាន​អ្នក​សង្កេតការណ៍​ជាក់លាក់​ដែរ ដើម្បី​ធានា​ការ​អនុវត្ត​នូវ​បទ​ឈប់​បាញ់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក ហ៊ុន សែន អះអាង​ថា ជំហរ​របស់​កម្ពុជា គឺ​ចង់​ឱ្យ​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ ត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើងវិញ ដែល​កម្ពុជា​ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​ដែល​កំពុង​កើតមាន ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​បទ​ឈប់​បាញ់​ឲ្យ​បាន​ពេញលេញ។

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​រូប​នេះ បញ្ជាក់​ថា អ្នកស្រី Bridgette L. Walker បាន​សង្កត់​ធ្ងន់​ក្នុង​ជំនួប​នេះ​ដែរ​ថា សហរដ្ឋ​អាមេរិក ជាពិសេស​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចង់​ឲ្យ​ភាគី​ទាំង​ពីរ​បង្កើត​ឲ្យ​មាន​អ្នក​សង្កេតការណ៍​អាស៊ាន ខណៈ​អាមេរិក​នឹង​ខិតខំ​ជំរុញ​ឲ្យ​មាន​អ្នក​សង្កេតការណ៍​នេះ ព្រោះ​ជំហរ​របស់​សហរដ្ឋ​អាមេរិក គឺ​ចង់​ឃើញ​សន្តិភាព​កើតមាន​សម្រាប់​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

សារព័ត៌មាន​ក្នុង​ស្រុក SBT News បាន​ធ្វើ​សេចក្តី​រាយការណ៍​នៅ​ថ្ងៃទី​៥ កញ្ញា ពី​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជុំវិញ​សកម្មភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដែល​នាំគ្នា​យាម​ប្រចាំ​ការ​កុំ​ឱ្យ​កងកម្លាំង​យោធា​ថៃ ចូល​ទៅ​ដាក់​ពង្រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី និង​ផ្ទះសម្បែង​របស់​ពួកគេ។

ប្រភព​ដដែល រាយការណ៍​ថា កងកម្លាំង​យោធា​ថៃ ទាំងនោះ បែងចែក​កម្លាំង​ជា​ក្រុមៗ​ដែល​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ១៥​នាក់ ប្រដាប់​ដោយ​ដំបង និង​ខែល ទំនង​ជា​ទុក​បង្ក្រាប​ប្រជាពលរដ្ឋ​ដែល​តវ៉ា​មិន​ឱ្យ​ពួកគេ​រាយ​លួស​បន្លា ខណៈ​ប្រជាពលរដ្ឋ​ក៏​បាន​សាងសង់​ជា​កូនខ្ទម​ប្រក់​ស្លឹក និង​បាំង​តូចៗ​ដើម្បី​ឃ្លាំមើល​ទាហាន​ថៃ ទាំងនោះ​ដែរ។

កាលពី​ថ្ងៃទី​៤ កញ្ញា សារព័ត៌មាន ខៅស៊ុត របស់​ថៃ បាន​ចុះផ្សាយ​ថា អ្នក​ភូមិ​ដែល​ជា​ពលរដ្ឋ​ខ្មែរ​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ជិត​ព្រំដែន​ក្នុង​ស្រុក​បានណងចាន់ ខេត្ត​ស្រះកែវ បន្ទាប់ពី​អាជ្ញាធរ​ថៃ បាន​ដាក់​បទបញ្ជា​ឱ្យ​អ្នក​ភូមិ​ខ្មែរ​ដែល​បាន​ទន្ទ្រាន​ព្រំដែន​ថៃ ចាកចេញ​ពី​តំបន់​នោះ។

សារព័ត៌មាន​ថៃ ដដែល​នេះ រាយការណ៍​ថា អាជ្ញាធរ​ថៃ បាន​ដាក់​ពង្រាយ​កងកម្លាំង​បន្ថែម​ទៀត រួម​មាន កងកម្លាំង​យោធា និង​ប៉ូលិស​ល្បាត​ព្រំដែន ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នេះ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ កញ្ញា ដែរ​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ដាក់​ញត្តិ​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​លំនៅឋាន​កាលពី​ពេល​ថ្មីៗ​នេះ ក្នុង​គោលបំណង​ជំរុញ​ឱ្យ​ភាគី​ថៃ រើ​បន្លា​លួស និង​កង់ឡាន​ដែល​បាន​ដាក់​ពង្រាយ​ខុស​ច្បាប់​លើ​ទឹកដី​កម្ពុជា ចេញ​វិញ។ ជាង​នេះ​ទៀត ក៏​ដើម្បី​ធានា​ការ​ប្រគល់​ទ្រព្យសម្បត្តិ និង​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​ត្រូវ​បាន​ភាគី​ថៃ រំលោភ​យក​ដែរ និង​ដើម្បី​ជំរុញ​ឱ្យ​ភាគី​ថៃ គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង ១៣​ចំណុច​នៃ​កិច្ចប្រជុំ GBC ព្រមទាំង​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច ក្នុង​ការ​ស៊ើប​អង្កេត និង​ស្វែងរក​អ្នក​ទទួល​ខុសត្រូវ និង​អ្នក​ពាក់ព័ន្ធ​ចំពោះ​អំពើ​រំលោភ​បំពាន​នេះ​ថែមទៀត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស