38.5 C
Phnom Penh

អ្នក​សង្កេតការណ៍​ចង់​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ដោះស្រាយ​វិវាទ​តាម​កិច្ចព្រមព្រៀង​បែប​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សង្កេតការណ៍ ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ គួរ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​កម្ពុជា ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ច្បាប់​អន្តរជាតិ ជាជាង​ទុក​ឱ្យ​បញ្ហា​រដ្ឋាភិបាល​ចាស់​តាម​ញាំញី​រដ្ឋាភិបាល​ថ្មី​របស់​លោក និង​បំផ្លាញ​ផល​ប្រយោជន៍​ថៃ។

អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា បើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បន្ត​គំនិត​ឈ្លានពាន​កម្ពុជា​ដូច​រដ្ឋាភិបាល​មុន នោះ​គាត់​ក៏​គួរតែ​ពិនិត្យ​មើល​វាសនា​អតីត​នាយករដ្ឋមន្ត្រី​មុន​ដែរ ព្រោះ​ការ​បង្ក​សង្គ្រាម​ជាមួយ​កម្ពុជា មិន​ត្រឹមតែ​បង្ក​បញ្ហា​សម្រាប់​ខ្លួនឯង​ទេ ថែមទាំង​នាំ​ការ​ខាតបង់​ដល់​ប្រទេស​ថៃ ធ្ងន់ធ្ងរ​ថែមទៀត​ផង។

លោក សេក សុជាតិ បញ្ជាក់​ថា ដើម្បី​ធានា​ការ​បញ្ចប់​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ នេះ គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ប្រើ​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​ភាគី​ទាំង​សងខាង​បាន​ឯកភាព​គ្នា​ឡើយ ព្រោះ​ការ​ធ្វើ​ដូច្នេះ ក៏​ជា​បំណង​របស់​កម្ពុជា​ផង ហើយ​ក៏​ជា​បំណង​របស់​ប្រទេស​ដែល​កំពុង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ដែរ។

កាលពី​ថ្ងៃទី​៧ ខែ​កញ្ញា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ផ្ញើ​លិខិត​អបអរសាទរ​មួយ​ទៅ​កាន់​លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បន្ទាប់ពី​ត្រូវ​បាន​រដ្ឋសភា​ថៃ បោះឆ្នោត​គាំទ្រ​ឱ្យ​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ទី​៣២ របស់​ប្រទេស​ថៃ ដោយ​រំឭក​ថា ទាំង​កម្ពុជា និង​ថៃ គឺជា​អ្នក​ជិតខាង​នឹង​គ្នា​ផ្អែក​លើ​កត្តា​ទីតាំង​ភូមិសាស្ត្រ និង​ជា​សមាជិក​អាស៊ាន​ដូច​គ្នា។

លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​ទន្ទឹង​រង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ដើម្បី​ស្ដារ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ ឱ្យ​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើងវិញ ក៏ដូចជា​កសាង​ឡើងវិញ​នូវ​ការ​ជឿជាក់​គ្នា​ទៅវិញ​ទៅមក និង​ផ្លាស់ប្ដូរ​ព្រំដែន​ជាប់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​សន្តិភាព កិច្ចសហប្រតិបត្តិការ ការ​អភិវឌ្ឍ និង​ការ​រីកចម្រើន​ជាមួយ​គ្នា។

នាយករដ្ឋមន្ត្រី​កម្ពុជា រូប​នេះ សង្ឃឹម​ថា តាមរយៈ​ការ​ប្ដេជ្ញាចិត្ត​រួម​គ្នា​របស់​ប្រទេស​ទាំង​ពីរ​ចំពោះ​ការ​កសាង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​នឹង​រីករាយ ព្រមទាំង​មាន​ភាព​រីកចម្រើន និង​រស់នៅ​ក្នុង​ភាព​សុខដុម​សុភមង្គល។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​០៧ ខែ​កញ្ញា កាសែត​ថៃ Khaosod បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ថា រដ្ឋាភិបាល​របស់​លោក​នឹង​ចាប់ផ្ដើម​អនុវត្ត​វិធានការ​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ តាមរយៈ​មធ្យោបាយ​ដោយ​សន្តិវិធី ដើម្បី​កាត់បន្ថយ​ការ​ខាតបង់ និង​ការ​ឈឺចាប់​នៃ​ប្រជាជន​ប្រទេស​ទាំង​ពីរ។

ដំណាល​ពេល​គ្នា​នេះ សារព័ត៌មាន​ថៃ ដដែល រាយការណ៍​នៅ​ថ្ងៃ​ចន្ទ ទី​៨ ខែ​កញ្ញា នេះ​ថា ទាហាន​ថៃ ល្បាត​តាម​ព្រំដែន បាន​ចាប់​ឃាត់​ខ្លួន​ពលករ​ខ្មែរ​ពី​ខែ​មិថុនា មក​ទល់​ពេលនេះ​មាន​ចំនួន ៣០០​នាក់ ដែល​ឆ្លង​ព្រំដែន​ដោយ​ខុស​ច្បាប់ តាម​ភូមិ​មួយ​ចំនួន​ក្នុង​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ។

មូលហេតុ​ដែល​ពលករ​ទាំងអស់​នោះ​សម្រេច​ចិត្ត​វិល​ចូល​ប្រទេស​ថៃ វិញ ទាំង​ប្រថុយប្រថាន​ជីវិត ដោយ​សុខចិត្ត​បង់ប្រាក់​ពី ៥​ពាន់​ទៅ ៦​ពាន់​បាត​ឲ្យ​មេខ្យល់​នាំ​ផ្លូវ​ទាំង​ខុស​ច្បាប់​នោះ គឺ​មកពី​ការងារ​ធ្វើ​ក្នុង​ស្រុក​ខ្មែរ​ពិបាក​រក។

ទាហាន​ថៃ នឹង​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ទាំងនោះ ទៅ​កាន់​ស្ថានីយ​តម្រួត​ថៃ ក្លងណាមសៃ ដើម្បី​ដាក់​ពន្ធនាគារ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស