អ្នកសង្កេតការណ៍ ជំរុញឲ្យនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ គួរស្វែងរកដំណោះស្រាយជាមួយកម្ពុជា ស្ថិតក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ និងច្បាប់អន្តរជាតិ ជាជាងទុកឱ្យបញ្ហារដ្ឋាភិបាលចាស់តាមញាំញីរដ្ឋាភិបាលថ្មីរបស់លោក និងបំផ្លាញផលប្រយោជន៍ថៃ។
អ្នកផ្តល់ប្រឹក្សាផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ កញ្ញា នេះថា បើនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បន្តគំនិតឈ្លានពានកម្ពុជាដូចរដ្ឋាភិបាលមុន នោះគាត់ក៏គួរតែពិនិត្យមើលវាសនាអតីតនាយករដ្ឋមន្ត្រីមុនដែរ ព្រោះការបង្កសង្គ្រាមជាមួយកម្ពុជា មិនត្រឹមតែបង្កបញ្ហាសម្រាប់ខ្លួនឯងទេ ថែមទាំងនាំការខាតបង់ដល់ប្រទេសថៃ ធ្ងន់ធ្ងរថែមទៀតផង។
លោក សេក សុជាតិ បញ្ជាក់ថា ដើម្បីធានាការបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នេះ គ្មានជម្រើសផ្សេងក្រៅពីប្រើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់ដែលភាគីទាំងសងខាងបានឯកភាពគ្នាឡើយ ព្រោះការធ្វើដូច្នេះ ក៏ជាបំណងរបស់កម្ពុជាផង ហើយក៏ជាបំណងរបស់ប្រទេសដែលកំពុងជួយដោះស្រាយបញ្ហានេះដែរ។
កាលពីថ្ងៃទី៧ ខែកញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្ញើលិខិតអបអរសាទរមួយទៅកាន់លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បន្ទាប់ពីត្រូវបានរដ្ឋសភាថៃ បោះឆ្នោតគាំទ្រឱ្យក្លាយទៅជានាយករដ្ឋមន្ត្រីថ្មីទី៣២ របស់ប្រទេសថៃ ដោយរំឭកថា ទាំងកម្ពុជា និងថៃ គឺជាអ្នកជិតខាងនឹងគ្នាផ្អែកលើកត្តាទីតាំងភូមិសាស្ត្រ និងជាសមាជិកអាស៊ានដូចគ្នា។
លោក ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ដើម្បីស្ដារទំនាក់ទំនងរវាងកម្ពុជា និងថៃ ឱ្យត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ក៏ដូចជាកសាងឡើងវិញនូវការជឿជាក់គ្នាទៅវិញទៅមក និងផ្លាស់ប្ដូរព្រំដែនជាប់គ្នារវាងប្រទេសទាំងពីរឱ្យមានសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការរីកចម្រើនជាមួយគ្នា។
នាយករដ្ឋមន្ត្រីកម្ពុជា រូបនេះ សង្ឃឹមថា តាមរយៈការប្ដេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរចំពោះការកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ប្រជាជននៃប្រទេសទាំងពីរនឹងរីករាយ ព្រមទាំងមានភាពរីកចម្រើន និងរស់នៅក្នុងភាពសុខដុមសុភមង្គល។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី០៧ ខែកញ្ញា កាសែតថៃ Khaosod បានស្រង់សម្ដីនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ថា រដ្ឋាភិបាលរបស់លោកនឹងចាប់ផ្ដើមអនុវត្តវិធានការដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈមធ្យោបាយដោយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់ និងការឈឺចាប់នៃប្រជាជនប្រទេសទាំងពីរ។
ដំណាលពេលគ្នានេះ សារព័ត៌មានថៃ ដដែល រាយការណ៍នៅថ្ងៃចន្ទ ទី៨ ខែកញ្ញា នេះថា ទាហានថៃ ល្បាតតាមព្រំដែន បានចាប់ឃាត់ខ្លួនពលករខ្មែរពីខែមិថុនា មកទល់ពេលនេះមានចំនួន ៣០០នាក់ ដែលឆ្លងព្រំដែនដោយខុសច្បាប់ តាមភូមិមួយចំនួនក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ។
មូលហេតុដែលពលករទាំងអស់នោះសម្រេចចិត្តវិលចូលប្រទេសថៃ វិញ ទាំងប្រថុយប្រថានជីវិត ដោយសុខចិត្តបង់ប្រាក់ពី ៥ពាន់ទៅ ៦ពាន់បាតឲ្យមេខ្យល់នាំផ្លូវទាំងខុសច្បាប់នោះ គឺមកពីការងារធ្វើក្នុងស្រុកខ្មែរពិបាករក។
ទាហានថៃ នឹងបញ្ជូនពលករខ្មែរខុសច្បាប់ទាំងនោះ ទៅកាន់ស្ថានីយតម្រួតថៃ ក្លងណាមសៃ ដើម្បីដាក់ពន្ធនាគារ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

