អ្នកសារព័ត៌មានអនឡាញពីររូប ត្រូវបានចោទប្រកាន់ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ អាចធ្វើឱ្យអន្តរាយការការពារជាតិ» តាមបញ្ញត្តមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងជាប់ទោសពន្ធនាគារពី ៧ ទៅ ១៥ឆ្នាំ ជុំវិញការបង្ហោះព័ត៌មានលើបណ្ដាញសង្គមពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
យោងតាមការចេញផ្សាយរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា អ្នកសារព័ត៌មានអនឡាញពីររូបមកពីសារព័ត៌មាន ធីអេសភី ៦៨ ធីវី អនឡាញ លោក ផន សុភាព និងលោក ភាព ភារ៉ា ត្រូវបានចាប់ខ្លួននៅទីតាំងផ្សេងគ្នាកាលពីថ្ងៃទី៣១ ខែកក្កដា ក្រោយត្រឡប់មកពីធ្វើបទយកការណ៍ក្នុងខេត្តឧត្ដរមានជ័យ នៅជិតព្រំដែនកម្ពុជា-ថៃ។
ប្រភពដដែលបានអះអាងថា អ្នកសារព័ត៌មានទាំងពីររូបនេះ ត្រូវបានសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារខេត្តសៀមរាប។ កាលពីថ្ងៃទី១ ខែកញ្ញា ភរិយាលោក ភាព ភារ៉ា គឺអ្នកស្រី អោម សារ៉ាត់ បានចេញវីដេអូខ្លីមួយនៅលើទំព័រហ្វេសប៊ុក ធីអេសភី ៦៨ ធីវី អនឡាញ សុំទោសទៅកាន់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និងស្នើសុំឱ្យជួយអន្តរាគមន៍លើករណីស្វាមីរបស់អ្នកស្រី។
អ្នកតាមដានកំពុងរង់ចាំមើលថា តើពលរដ្ឋខ្មែរពីរនាក់នេះ តុលាការនឹងដកសញ្ជាតិខ្មែរពីកំណើតរបស់គេឬទេ បើលោក ហ៊ុន សែន មិនលើកលែងទោស ហើយតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារតាមច្បាប់ទើបនឹងកែថ្មីនោះ។
អង្គការលីកាដូ បានអះអាងថា ការចោទប្រកាន់ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ អាចធ្វើឱ្យអន្តរាយការការពារជាតិ» តាមបញ្ញត្តមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលបទចោទនេះអាចប្រឈមនឹងជាប់ទោសពន្ធនាគារពី ៧ ទៅ ១៥ឆ្នាំ ជុំវិញការបង្ហោះព័ត៌មានលើបណ្ដាញសង្គមពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
ប្រភពខាងលើបានអះអាងថា ទោះបីជាយ៉ាងណា ពុំមានការបញ្ជាក់ច្បាស់លាស់អំពីការបង្ហោះណាមួយលើបណ្ដាញសង្គម ដែលជាមូលហេតុនៃការចោទប្រកាន់ទាំងនោះនៅឡើយទេ។
អ្នកសារព័ត៌មានទាំងពីរនេះ ត្រូវបានគេឃើញថតជាប់ជាមួយនឹងទាហានខ្មែរនៅពីមុខប្រាសាទតាក្របី ក្នុងរូបថតមួយសន្លឹក ដែលរូបភាពនោះត្រូវបានថតក្រោយពីបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ រូបភាពទាំងនោះត្រូវបានគេយកបង្ហោះចែកចាយឡើងវិញដោយសារព័ត៌មានថៃ និងមានរូបភាពមីននៅផ្ទៃខាងក្រោយដែលមិនបញ្ជាក់ទីតាំង។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ១៦១ ក្នុងចំណោម ១៨០ប្រទេសនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះបន្ថែមទៀតពីចំណាត់ថ្នាក់ ១៥១ កាលពីឆ្នាំ២០២៤ ដែលចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយកាន់តែយ៉ាប់យ៉ឺន។
ប្រភពដដែលអះអាងថា ការធ្លាក់ចុះនេះ ដោយផ្អែកលើសោកនាដកម្មនៃមរណភាពរបស់អ្នកសារព័ត៌មានដែលចុះយកព័ត៌មានអំពីបញ្ហាព្រៃឈើក្នុងខេត្តសៀមរាប និងការចាប់ខ្លួនអ្នកសារព័ត៌មានជុំវិញការបង្ហោះតាមបណ្ដាញសង្គម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

