34.5 C
Phnom Penh

ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ចុះ​ទៅ​ផ្ទៀងផ្ទាត់​ស្ថានភាព​ព្រំដែន​ក្រោយ​បទ​ឈប់​បាញ់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ដែល​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor ប្រធាន​បេសកកម្ម IOT (HOM) និង​សមាជិក បាន​ចេញ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ទីស្នាក់ការ​ប្រចាំ​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចុះ​ទៅ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​ក្រោយ​បទ​ឈប់​បាញ់​នៅ​រសៀល​ថ្ងៃទី​១១ ខែ​កញ្ញា។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ឧត្ដមសេនីយ៍ត្រី Dato’ Pahlawan និង​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) តំណាង​ពី​ប្រទេស​ឥណ្ឌូនេស៊ី និង​ហ្វីលីពីន បាន​មក​ដល់​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ហើយ​ពួកគេ​បាន​ចុះ​ទៅ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​ក្រោយ​បទ​ឈប់​បាញ់​នៅ​រសៀល​ថ្ងៃទី​១១ ខែ​កញ្ញា។

ក្រសួង​ការពារ​ជាតិ​កម្ពុជា ចាត់ទុក​ថា​វត្តមាន​របស់​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) នេះ គឺជា​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ជាពិសេស​ប្រទេស​ម៉ាឡេស៊ី ជា​ប្រធាន​ដែល​ដឹកនាំ​សម្របសម្រួល​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។

ក្រសួង​ការពារ​ជាតិ​បន្ថែម​ថា ទាំងនេះ​គឺជា​ការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​អំពី​បំណង​ប្រាថ្នា​រួម ក្នុង​ការ​ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​ទទួល​បាន​ជោគជ័យ និង​យូរអង្វែង ជាមួយ​នឹង​គោលដៅ​នាំមក​វិញ​នូវ​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ខេត្ត​កោះកុង លោក ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ឱ្យ​ដឹង​ថា ការ​វិវឌ្ឍ​ចុងក្រោយ​នៃ​ស្ថានភាព​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នេះ គឺ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​កែសម្រួល​យុទ្ធោបករណ៍ និង​សម្ភារៈ​យោធា ក្រោម​ការ​តាមដាន​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT)។

លោក ទៀ សីហា អះអាង​ថា បន្ថែម​ពី​នេះ កម្ពុជា-ថៃ ក៏​បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ទៅ​លើ​លក្ខខណ្ឌ​ប្រតិបត្តិ (TOR) សម្រាប់​ការ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ថែមទៀត ដោយ​រង់ចាំ​តែ​ការ​អនុម័ត​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​តែប៉ុណ្ណោះ។

លោក​បន្ត​ថា ក្នុង​អំឡុង​ពេល​រង់ចាំ​ការ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ភាគី​ទាំង​ពីរ​បាន​ទទួលស្គាល់​នូវ​តួនាទី​ដ៏​សំខាន់​របស់​ក្រុម​អ្នក​សង្កេតការណ៍​បណ្ដោះអាសន្ន (IOT) និង​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ប្រើប្រាស់​យន្តការ​នេះ ដើម្បី​ធានា​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​សីហា ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​ថា រដ្ឋាភិបាល​ជប៉ុន អំពាវនាវ​ឱ្យ​មាន​ការ​អនុវត្ត​ដោយ​ប្រាកដប្រជា​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បន្ធូរបន្ថយ​ភាព​តានតឹង ព្រោះ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ថៃ មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស