28.4 C
Phnom Penh

កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ លើក​បញ្ហា​ទាំង ១៧​ទីតាំង​ទៅ​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា អំពាវនាវ​ឱ្យ​ភាគី​ថៃ លើក​បញ្ហា​ដែល​ចោទ​កម្ពុជា​អំពី​ការ​ឈ្លានពាន​ទឹកដី​នៅ​ទីតាំង​ទាំង​១៧ ស្ថិត​នៅ​តំបន់​ពី​ខេត្ត​ពោធិ៍សាត់ ដល់​ខេត្ត​កោះកុង យក​ទៅ​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​តុលា។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៥ កញ្ញា ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​អះអាង​របស់​អ្នក​នាំពាក្យ​កងទ័ព​ជើងទឹក និង​ទីបញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទបុរី-ត្រាត ដែល​ថា​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ឈ្លានពាន​ទឹកដី​ថៃ ចំនួន ១៧​ទីតាំង ស្ថិត​នៅ​តំបន់​ពី​ខេត្ត​ពោធិ៍សាត់ ដល់​ខេត្ត​កោះកុង រួម​ទាំង​តំបន់​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​ស្ថិត​នៅ​ទល់មុខ​នឹង​ស្រុក​មឿង ខេត្ត​ត្រាត ប្រទេស​ថៃ នោះ។

ក្រសួង​ការបរទេស​កម្ពុជា ចាត់ទុក​ទង្វើ​របស់​ភាគី​ថៃ បែប​នេះ មិនមែន​ជា​កាយវិការ​ស្ថាបនា​ទេ ដែល​បំផុស​រឿង​នេះ​ឡើង ព្រោះ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​សមស្រប​រួច​ហើយ​ជាមួយ​នឹង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​លើក​ចុងក្រោយ​កាលពី​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លង​ទៅ។

ប្រភព​ដដែល​បន្ត​ថា ជា​រឿង​សំខាន់​ដែល​ត្រូវ​ទទួលស្គាល់​ការពិត​ថា ពេល​ដែល​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​កំណត់​ខណ្ឌសីមា​នៅ​តំបន់​មួយ​ចំនួន​នៃ​ព្រំដែន​រួម​គ្នា ប្រជាជន​ទាំង​សងខាង​បាន​រស់នៅ និង​បង្កបង្កើនផល​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​នៅ​លើ​ដី​ក្នុង​តំបន់​ដែល​មិន​ទាន់​បាន​កំណត់​ព្រំដែន​នោះ។

ក្រសួង​ការបរទេស គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញាចិត្ត​ឥត​ងាករេ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​មិត្តភាព ចំពោះ​រាល់​វិវាទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏ដូចជា​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់ តាម​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ។

កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា សារព័ត៌មាន The Nation របស់​ថៃ បាន​ស្រង់​សម្ដី​អ្នក​នាំពាក្យ​រង​នៃ​កងទ័ព​ជើងទឹក​ថៃ លោក ផារ៉ាជ រតនាឆៃយ៉ាប៉ាន (Parach Rattanaichaiyapan) ថា​កម្ពុជា​បាន​បំពាន​កិច្ចព្រមព្រៀង​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ព្រោះ​មិន​អើពើ​ក្នុង​ការ​រុះរើ​រចនាសម្ព័ន្ធ និង​បំពេញ​ប្រឡាយ​នៅ​ក្នុង​តំបន់​ចំនួន​បី ក្នុង​ខេត្ត​ត្រាត របស់​ថៃ ដែល​ទល់​នឹង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ របស់​កម្ពុជា។

យ៉ាងណាក៏ដោយ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៥ កញ្ញា នេះ​ថា ការ​លើកឡើង​របស់​កងទ័ព​ជើងទឹក និង​ទីបញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទបុរី-ត្រាត គឺជា​ការ​គំរាមកំហែង​អនុវត្ត​ដោយ​បង្ខំ​នូវ​ការ​ខណ្ឌសីមា​លើ​ដី​ជាក់ស្តែង​ដោយ​ឯកតោភាគី ដែល​ជា​ការ​រំលោភ​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ឆ្នាំ​២០០០ ជាពិសេស​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា-ថៃ (JBC) យ៉ាង​ធ្ងន់ធ្ងរ។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា អំពាវនាវ​ឱ្យ​ភាគី​ថៃ លើក​យក​បញ្ហា​ទាំង ១៧​ទីតាំង​នេះ​ទៅ​ដោះស្រាយ​តាមរយៈ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ដែល​គ្រោង​រៀបចំ​កិច្ចប្រជុំ​នា​ពេល​ខាងមុខ ព្រោះ​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន គឺ​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​ផ្ដាច់មុខ​របស់ JBC នៃ​ប្រទេស​ទាំង​ពីរ ដោយ​គ្មាន​យន្តការ ឬ​ស្ថាប័ន​ផ្សេង​ណា​មួយ​មាន​សមត្ថកិច្ច​លើ​កិច្ចការ​នេះ​ឡើយ។

ចំណែក​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៧ កញ្ញា ថា កងកម្លាំង​ថៃ មាន​បំណង​ដណ្តើម​យក​ទឹកដី​ខ្មែរ​ចំនួន ១៧​ទីតាំង​នៅ​ក្នុង​តំបន់​ចាប់ពី​ខេត្ត​ពោធិ៍សាត់ ដល់​ខេត្ត​កោះកុង ខណៈ​សកម្មភាព​របស់​ថៃ បែប​នេះ គឺជា​ការ​ប៉ុនប៉ង​ធ្វើ​ការ​កំណត់​ខណ្ឌសីមា​ព្រំដែន​ជា​ឯកតោភាគី​តាមរយៈ​ការ​ប្រើប្រាស់​កម្លាំង។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ទង្វើ​បែប​នេះ​គឺជា​ការ​បំពាន​ដោយ​ផ្ទាល់​លើ​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០០ និង​អាណត្តិ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា-ថៃ (JBC) រួម​ទាំង​ការ​ប្ដេជ្ញាចិត្ត​ក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ និង​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស