ប្រទេសថៃ គ្រោងសាងសង់របងព្រំដែនជាប់ជាមួយប្រទេសកម្ពុជា ប្រវែង ១០គីឡូម៉ែត្រនៅខេត្តស្រះកែវ ជាប់គ្នានឹងខេត្តបន្ទាយមានជ័យ ដែលមានការជួយជ្រោមជ្រែងពីរាជវង្សថៃ ក្រោមមូលនិធិហាថៃធិប (Hathai Thip)។
កាសែត The Nation បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាតាផុន ណាក់ផានិច (Nattaphon Narkphanit) នៅថ្ងៃទី២៦ កញ្ញា នេះថា ថៃគ្រោងចំណាយថវិកាក្នុងការសាងសង់របងនេះប្រមាណជា ៨៧លានបាត ដែលស្មើនឹងប្រមាណជាង ២លានដុល្លារអាមេរិក ក្នុងនោះ ម្ចាស់ក្សត្រី ជូឡាផន ដែលជារាជបុត្រីច្បងរបស់ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ក៏បរិច្ចាគទឹកប្រាក់ប្រមាណជាង ៣ម៉ឺនដុល្លារអាមេរិកដែរ។
ប្រភពដដែល អះអាងថា របងព្រំដែននេះ នឹងសាងសង់តាមបណ្តោយព្រំដែនដែលមានការឯកភាពគ្នារវាងប្រទេសទាំងពីរ ខណៈទីបញ្ជាការកងយោធពលខេមរភូមិន្ទថៃ ត្រូវបានចាត់តាំងជាភ្នាក់ងារដឹកនាំការសាងសង់ និងដើម្បីសម្របសម្រួលជាមួយយោធភូមិភាគទី១ និងទី២ ព្រមទាំងកងទ័ពជើងទឹកថៃ ផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ រូបនេះ បញ្ជាក់ថា ការសាងសង់របងព្រំដែននេះ អាចអនុវត្តបានភ្លាមនៅពេលដែលថវិការបស់រដ្ឋាភិបាលត្រូវបានពិនិត្យ និងអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ។
ជុំវិញការប្រកាសសាងសង់របស់ព្រំដែនខេត្តស្រះកែវ របស់ថៃ ជាប់នឹងខេត្តបន្ទាយមានជ័យ របស់កម្ពុជា នេះ គេសង្កេតឃើញថាប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ កំពុងភៀសខ្លួនចាកចោលលំនៅឋាន បន្ទាប់ពីកងកម្លាំងយោធាថៃ បានយកលួសបន្លាទៅព័ទ្ធយកផ្ទះសម្បែង និងដីធ្លីរបស់ពួកគេនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មក។
ព្រំដែនកម្ពុជា-ថៃ មានប្រវែងជាង ៨០០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ៧ របស់កម្ពុជា រួមមានខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងខេត្តព្រះវិហារ ដែលមានច្រកទ្វារព្រំដែនអន្តរជាតិផ្លូវការចំនួន២៤ សម្រាប់ការធ្វើទំនាក់ទំនង និងធ្វើពាណិជ្ជកម្មជាមួយគ្នា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានបង្ហាញរបាយការណ៍កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ នេះថា៖
- ខេត្តព្រះវិហារ របស់ប្រទេសកម្ពុជា មានភូមិសាស្ត្រជាប់ជាមួយខេត្តស៊ីសាកេត និងខេត្តអ៊ូប៊ុនរជ្ជធានី របស់ប្រទេសថៃ លើខ្សែព្រំដែនសរុបប្រវែងជាង ១០០គីឡូម៉ែត្រ (១៤០គីឡូម៉ែត្រ)។
- ខេត្តប៉ៃលិន ជាប់ជាមួយខេត្តចំនួនពីររបស់ថៃ គឺខេត្តច័ន្ទបុរី និងខេត្តត្រាត លើខ្សែព្រំដែនប្រវែងជិត ៥០គីឡូម៉ែត្រ (៤៨គីឡូម៉ែត្រ)។
- ខេត្តបាត់ដំបង ជាប់ជាមួយខេត្តចំនួន៣ របស់ថៃ គឺខេត្តច័ន្ទបុរី ខេត្តត្រាត និងស្រះកែវ លើខ្សែបន្ទាត់ព្រំដែនប្រវែងជាង ១០០គីឡូម៉ែត្រ (១៣៧គីឡូម៉ែត្រ)។
- ខេត្តបន្ទាយមានជ័យ ជាប់ជាមួយខេត្តចំនួន២ របស់ប្រទេសថៃ គឺខេត្តស្រះកែវ និងខេត្តបុរីរ៉ាំ លើខ្សែព្រំដែនប្រវែងជិត ២០០គីឡូម៉ែត្រ (១៨៧គីឡូម៉ែត្រ)។
- ខេត្តឧត្តរមានជ័យ ជាប់ជាមួយខេត្តចំនួន៣ របស់ថៃ គឺខេត្តបុរីរ៉ាំ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត លើខ្សែព្រំដែនប្រវែងជាង ២០០គីឡូម៉ែត្រ (២៣០គីឡូម៉ែត្រ)។
- ខេត្តកោះកុង មានភូមិសាស្ត្រជាប់ជាមួយនឹងខេត្តត្រាត ប្រទេសថៃ លើបន្ទាត់ព្រំដែនប្រវែង ៥០គីឡូម៉ែត្រ។
- ខេត្តពោធិ៍សាត់ ក៏មានភូមិសាស្ត្រជាប់ខេត្តត្រាត របស់ថៃ ដែរ ដែលស្ថិតលើខ្សែព្រំដែនប្រវែង ៥៣គីឡូម៉ែត្រ។
ទាក់ទិននឹងបញ្ហានេះ អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត លើកឡើងនៅថ្ងៃទី២៦ កញ្ញា នេះថា ពាក្យថា «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាម» និង «បន្ទាត់ព្រំដែនមិនអាចផ្លាស់ប្ដូរដោយកម្លាំងយោធា» គឺជាគំនិតរបស់មនុស្សទន់ខ្សោយប៉ុណ្ណោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

