26.6 C
Phnom Penh

អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ៖ កម្ពុជា-ថៃ នឹង​ក្លាយ​ជា​ជនរងគ្រោះ​ទាំង​សងខាង​ពី​ជម្លោះ​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ច្បាប់ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោក ឆាំង យុ ព្រួយបារម្ភ​ថា កម្ពុជា​កំពុង​ឈាន​ចូល​ទៅ​ក្នុង​ស្ថានការណ៍​ថ្មី​មួយ​ដែល​គ្រោះថ្នាក់​ជាង​មុន ហើយ​ក៏​ប្រឈមមុខ​នឹង​ផ្លូវ​ឆ្ពោះ​ទៅ​រក​ជម្លោះ​ជាបន្តបន្ទាប់​ដែរ ដែល​គ្មាន​អ្នក​ឈ្នះ និង​អ្នក​ចាញ់ តែ​ប្រែ​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​ទាំង​សងខាង​ទៅវិញ។

លោក ឆាំង យុ លើកឡើង​នៅ​ថ្ងៃទី​២៦ កញ្ញា នេះ​ថា ប្រទេស​ថៃ កំពុង​ធ្វើ​សកម្មភាព​គ្រប់​រូបភាព​ក្រោម​ចេតនា​ដើម្បី​ញុះញង់​ឱ្យ​មាន​សង្គ្រាម​ជាមួយ​កម្ពុជា ដោយ​ប្រើប្រាស់​វិធានការ​យោធា​ក្នុង​បំណង​សម្រេច​ឱ្យ​បាន​នូវ​អ្វី​ដែល​ពួកគេ​មិន​អាច​តទល់​ជាមួយ​កម្ពុជា តាម​ផ្លូវ​ច្បាប់​របស់​តុលាការ​អន្តរជាតិ។

អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​រូប​នេះ បញ្ជាក់​ថា ប្រតិបត្តិការ និង​សកម្មភាព​ដ៏​គ្រោះថ្នាក់​របស់​យោធា​ថៃ បាន​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ មិន​ត្រឹមតែ​ចំពោះ​ប្រជាជន​កម្ពុជា និង​ថៃ តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​ទាំងអស់​នៅ​ក្នុង​តំបន់ និង​ពិភពលោក​ផង​ដែរ។

ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ បាន​ផ្ទុះ​ឡើង​នៅ​តំបន់​មុំ​បី ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ ប៉ុន្តែ​ជម្លោះ​នេះ​បាន​បន្ត​រាលដាល​ពេញ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ និង​បង្ក​ទៅ​ជា​ជម្លោះ​សេដ្ឋកិច្ច រហូត​ក្លាយ​ទៅ​ជា​សង្គ្រាម​ដោយ​ប្រើ​ប្រដាប់​អាវុធ​អស់​រយៈពេល ៥​ថ្ងៃ កាលពី​ចុង​ខែ​កក្កដា ថែមទៀត។

យ៉ាងណាក៏ដោយ ក្រោយពី​មាន​កិច្ច​អន្តរាគមន៍​ពី​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ដូណាល់ ត្រាំ ប្រទេស​ទាំង​ពីរ​បាន​ទទួល​យក​នូវ​កិច្ចព្រមព្រៀង​ឈប់​បាញ់​កាលពី​យប់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ។

បែប​នេះ​ក្តី ភាគី​កម្ពុជា តែង​អះអាង​ថា ទោះបីជា​មាន​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន និង​មាន​កិច្ចប្រជុំ​ជាច្រើន​ផ្សេង​ទៀត​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​ន័យ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​យ៉ាងណា​ក៏ដោយ ក៏​ភាគី​ថៃ នៅតែ​មិន​គោរព​តាម។ ផ្ទុយទៅវិញ ថៃ បែរជា​បង្ក​ហេតុ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ជាបន្តបន្ទាប់។

កាសែត ខៅស៊ុត (Khaosod) របស់​ថៃ បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៥ កញ្ញា ថា អ្នក​ភូមិ​ខ្មែរ​ក្នុង​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​ទល់​នឹង​ភូមិ​បានណងចាន់ យ៉ាកែវ (Ban Nong Chan-Nong Ya Kaew) ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​ធ្វើ​ពិធី​បួងសួង​ដល់​វិញ្ញាណក្ខន្ធ និង​វត្ថុ​ស័ក្តិសិទ្ធិ សុំ​យក​ដី​ដែល​យោធា​ថៃ បាន​រាយ​លួស​បន្លា​ព័ទ្ធ​យក​ត្រឡប់​មក​វិញ។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា នេះ​ថា លោក​បាន​ពិភាក្សា​គ្នា​តាម​ទូរសព្ទ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ដូណាល់ ត្រាំ ដោយ​បាន​បញ្ជាក់​អំពី​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ធានា​នូវ​សន្តិភាព​ក្នុង​តំបន់ ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់​ថា ប្រទេស​ម៉ាឡេស៊ី ទន្ទឹង​រង់ចាំ​វត្តមាន​របស់​លោក ដូណាល់ ត្រាំ ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែ​តុលា ខាងមុខ​នេះ ដែល​វា​នឹង​ក្លាយ​ជា​វេទិកា​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស