27.5 C
Phnom Penh

អ្នកជំនាញ៖ ការ​ផ្សាយ​ថា​លោក ត្រាំ ស្នើ​ធ្វើ​អធិបតី​ចុះហត្ថលេខា​សន្តិភាព​កម្ពុជា-ថៃ ទំនង​ជា​ការ​ធ្វើ​តេស្ដ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ដាក់​ការ​សង្ស័យ​ថា ការ​ផ្សព្វផ្សាយ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ដែល​ស្នើ​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទំនង​ជា​ការ​ធ្វើ​តេស្ដ​ចិន ដូច្នេះ​ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ដល់​មហាអំណាច​ទាំង​ពីរ កម្ពុជា​គួរតែ​រក្សា​ភាព​ស្ងៀមស្ងាត់។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ឥន សុផល សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ តុលា នេះ​ថា តាម​ការ​សង្កេត​រហូត​ដល់​ពេលនេះ ពុំ​មាន​ប្រភព​ផ្លូវការ​ណា​មួយ​បញ្ជាក់​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចង់​ធ្វើ​សាក្សី​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា-ថៃ អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន (ASEAN) នៅ​ប្រទេស​ម៉ាឡេស៊ី នា​ចុង​ខែ​តុលា នេះ​នៅឡើយ​ទេ។ ជាង​នេះ​ទៀត ក៏​ពុំ​មាន​សេចក្ដី​ថ្លែងការណ៍​ផ្លូវការ​ណា​មួយ​អះអាង​ថា លោក ដូណាល់ ត្រាំ មិន​ចង់​ឱ្យ​ចិន ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ដែរ។ ចំណែក​ប្រធាន​អាស៊ាន​ប្តូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី ក៏​មិន​បាន​ចេញ​មក​បញ្ជាក់​ជា​ផ្លូវការ​ថែមទៀត។

បណ្ឌិត ឥន សុផល លើកឡើង​ថា នៅ​ក្នុង​វិស័យ​ការទូត គេ​ពុំ​ដែល​និយាយ​ត្រង់ៗ​ថា ប្រធានាធិបតី​អាមេរិក​មិន​ចង់​ឱ្យ​ចិន ចូលរួម​បែប​នេះ​ទេ ព្រោះ​ជា​ភាសា​ខ្វះ​ក្រមសីលធម៌​ការទូត​ផង និង​ជា​ការ​មើលងាយ​ត្រង់ៗ​ទៅ​លើ​ភាគី​ចិន ផង​ដែរ ដែល​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការទូត​រវាង​មហាអំណាច​ទាំង​ពីរ​កាន់តែ​ខ្លាំង​ថែមទៀត។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ បញ្ជាក់​ថា ផ្ទុយទៅវិញ ប្រសិនបើ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​បែប​នេះ​មែន ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវការ​ពេលវេលា​សិក្សា​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នោះ​ឱ្យ​បាន​ល្អិតល្អន់​បំផុត មុន​នឹង​ឈាន​ដល់​ការ​ចុះហត្ថលេខា​ឯកភាព​គ្នា ពុំ​មែន​នៅ​សុខៗ ដឹក​ដៃ​គ្នា​ទៅ​ចុះហត្ថលេខា​នោះ​ទេ។

កាលពី​ថ្ងៃទី​០៦ ខែ​តុលា ឆ្នាំ​២០២៥ សារព័ត៌មាន​អន្តរជាតិ The Politico បាន​ចុះផ្សាយ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ គ្រោង​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែ​តុលា ខាងមុខ ប្រសិនបើ​លោក​អាច​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា-ថៃ។

ជុំវិញ​បញ្ហា​នេះ នាយក​កាសែត​ដើម​អម្ពិល (DAP NEWS) លោក សយ សុភាព បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​០៩ ខែ​តុលា នេះ​ថា គ្មាន​ការ​ចុះហត្ថលេខា​ណា​មួយ​ដោយ​អវត្តមាន​មហាមិត្ត​ចិន ដាច់ខាត បើ​ផ្អែក​លើ​ភូមិសាស្ត្រ​នយោបាយ។

យ៉ាងណាក៏ដោយ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​០៩ តុលា ដែរ​ថា ក្នុង​ពិធី​ចុះហត្ថលេខា​នេះ ទោះ​មាន ឬ​មិន​មាន​វត្តមាន​ចិន គឺ​ដូច​តែ​គ្នា​ទេ ព្រោះ​ចិន ក៏​គ្មាន​ឥទ្ធិពល​បញ្ឈប់​សកម្មភាព​ឈ្លានពាន​របស់​ថៃ លើ​កម្ពុជា ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស