យោធាថៃ ដែលប្រដាប់ដោយអាវុធ បានបន្តសកម្មភាពឈូសឆាយ និងហ៊ុមព័ទ្ធផ្ទះរបស់ពលរដ្ឋខ្មែរដោយខុសច្បាប់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
ទូរទស្សន៍ជាតិកម្ពុជា (TVK) បានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៣ តុលា នេះថា យោធាថៃ ប្រដាប់ដោយអាវុធជាច្រើននាក់ បានបន្តសកម្មភាពឈូសឆាយ និងហ៊ុមព័ទ្ធផ្ទះរបស់ពលរដ្ឋខ្មែរយ៉ាងគឃ្លើន និងដោយខុសច្បាប់ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ។
ប្រភពដដែល អះអាងថា យោធាថៃ បានកម្ទេចផ្ទះរបស់ពលរដ្ឋខ្មែរអស់ចំនួន ១ខ្នង តែយ៉ាងណា មិនមានពលរដ្ឋខ្មែររងរបួស ឬស្លាប់នោះទេ ខណៈយោធាថៃ ប្រដាប់ដោយអាវុធជាច្រើននាក់ផ្សេងទៀត ក៏បានដើរល្បាតដើម្បីគំរាមកំហែង និងការពារសកម្មភាពឈូសឆាយដីធ្លី និងផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ ក្រោមទង្វើអមនុស្សធម៌ជាទីបំផុត។
កងទ័ពជើងគោកថៃ នៅថ្ងៃទី១៣ ខែតុលា បានប្រាប់ទូរទស្សន៍ថៃ The Nation ថា ភូមិបានណងចាន់ ឬជំរំ ៥១១ ក្នុងស្រុកគោកស៊ូង ខេត្តស្រះកែវ ជាទឹកដីថៃ ដែលរដ្ឋាភិបាលបានអនុញ្ញាតឲ្យជនភៀសខ្លួនខ្មែរប្រមាណ ៤ម៉ឺននាក់រស់នៅបណ្ដោះអាសន្នតាមផ្លូវមនុស្សធម៌ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ ក្នុងអំឡុងមានសង្គ្រាមដោយសារកងទ័ពយៀកណាម លុកលុយត្រួតត្រាកាន់កាប់ប្រទេសកម្ពុជា បន្ទាប់ពីរំលំរបបខ្មែរក្រហម។
ជំរំនោះគ្រប់គ្រងដោយរដ្ឋាភិបាលប្រទេសថៃឡង់ដ៍ និងឧត្ដមស្នងការនៃអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកជនភៀសខ្លួន ដើម្បីផ្គត់ផ្គង់ស្បៀងអាហារ និងថ្នាំពេទ្យ។
យ៉ាងណាមិញ អ្នកសង្កេតការណ៍ទាំងខ្មែរ ទាំងបរទេស និយាយថា ប្រជាពលរដ្ឋសាមញ្ញអាចនឹងមិនដឹងច្បាស់ថា តើទឹកដីទីនោះជារបស់ប្រទេសណាពិតប្រាកដ គ្រាន់តែថាពួកគាត់ធ្លាប់រស់នៅទីនោះជាយូរឆ្នាំប៉ុណ្ណោះ។ រឿងនេះជាភារកិច្ចរដ្ឋាភិបាលខ្មែរត្រូវដោះស្រាយតាមផ្លូវច្បាប់។
ទូរទស្សន៍ជាតិកម្ពុជា វិញ បញ្ជាក់ថា សកម្មភាពបំពានយ៉ាងគឃ្លើនរបស់កងទ័ពថៃ គឺឈូសឆាយក្នុងទឹកដីខ្មែរនៅទីតាំងថ្មីក្បែរទីតាំងចាស់ដែលថៃ បានឈូសឆាយកាលពីថ្ងៃទី១០ ខែតុលា កន្លងទៅថ្មីៗនេះ។
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៣ តុលា នេះថា ក្រៅពីធ្វើសកម្មភាពឈូសឆាយដីធ្លី និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ នៅពេលថ្ងៃ យោធាថៃ ក៏បានធ្វើសកម្មភាពបំភ័យបន្លាចប្រជាពលរដ្ឋខ្មែរនៅពេលយប់ផងដែរ ដោយការចាក់បំពងសំឡេងព្រឺព្រួចផ្សេងៗ។
ជាក់ស្តែង ចាប់តាំងពីយប់ថ្ងៃទី១០ ដល់យប់ថ្ងៃទី១២ ខែតុលា នេះ យោធាថៃ បានចាក់បំពងសំឡេងខ្លាំងៗ ដូចជា សំឡេងភាពយន្តឯកសារ សំឡេងតន្ត្រីចម្រៀងថៃ តន្ត្រីចម្រៀងប្រពៃណីខ្មែរ សំឡេងព្រះសង្ឃសូត្រព្រះធម៌ សំឡេងស្មូត្រ និងសំឡេងព្រឺព្រួចជាច្រើនផ្សេងទៀត ខណៈសកម្មភាពនេះ ក៏ត្រូវយោធាថៃ ធ្វើដូចគ្នានៅភូមិព្រៃចាន់ ដែរ។
ជុំវិញបញ្ហានេះ កាសែតរបស់ថៃ Thai Enquirer បានចុះផ្សាយថា កងទ័ពជើងគោកថៃ បានទទួលស្គាល់ថាខ្លួនពិតជាបានអនុញ្ញាតឲ្យសកម្មជនជាតិនិយមជ្រុល លោក Guntouch Pongpaiboonwet ផ្សាយសំឡេងរំខានខ្លាំងៗទាំងនោះទៅកាន់ពលរដ្ឋខ្មែរក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ជាតំបន់ដែលថៃ អះអាងថាស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនប្រាកដមែន។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិភ្លាមៗទៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ អំពីការប្រើប្រាស់សំឡេងរំខានរបស់យោធាថៃ មកលើប្រជាជនកម្ពុជា និងបានស្នើឱ្យឧត្ដមស្នងការអង្គការសហប្រជាជាតិ ចុះមកសង្កេតការណ៍ដោយផ្ទាល់អំពីករណីនេះផងដែរ។
ប្រភពដដែល អះអាងថា សំឡេងទាំងនេះមានគោលបំណងរំខាន និងបំភ័យប្រជាជនកម្ពុជា ដែលរស់នៅសហគមន៍ក្បែរៗនោះ ដែលធ្វើឱ្យរំខានដំណេក ថប់អារម្មណ៍ ជាពិសេសប៉ះពាល់ដល់ស្ត្រី កុមារ ចាស់ជរា និងជនពិការយ៉ាងធ្ងន់ធ្ងរ។
ជុំវិញបញ្ហានេះ សមាជិកព្រឹទ្ធសភាថៃ អ្នកស្រី អង់កាណា នីឡាផៃជិត (Angkhana Neelapaijit) បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១២ ខែតុលា ដោយជំរុញឱ្យក្រសួងការបរទេសថៃ ពិនិត្យមើលការបន្លឺសំឡេងខ្មោចឆ្លងព្រំដែនថៃ ចូលប្រទេសកម្ពុជា។
សមាជិកព្រឹទ្ធសភាថៃ រូបនេះ បញ្ជាក់ថា រដ្ឋាភិបាលថៃ គួរតែបានដឹងរាល់សកម្មភាពទាំងឡាយណាដែលបង្កឱ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីជាស្ថិតនៅក្នុងស្ថានភាពជម្លោះក៏ដោយ ព្រោះជាការបំពានលើអនុសញ្ញាប្រឆាំងទារុណកម្ម (CAT) ខណៈប្រទេសថៃ ក៏ជារដ្ឋភាគីនៃអនុសញ្ញានេះដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

