លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាប្រទេសកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រាប់មន្ត្រីជាន់ខ្ពស់ប្រទេសម៉ាឡេស៊ី អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាពិសេសការចាក់សំឡេងខ្មោច សំឡេងព្រឺព្រួច និងសំឡេងរំខានផ្សេងៗពីភាគីថៃ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលអាចនឹងបង្កជាបញ្ហាផុយស្រួយខ្លាំងអាចប៉ះទង្គិចគ្នាឡើងវិញ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនជុំវិញជំនួបជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato Seri Ahmad Zahid bin Hamidi នៅថ្ងៃទី១៤ តុលា នេះថា ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ បច្ចុប្បន្ននេះមានការចាក់សំឡេងខ្មោច និងសំឡេងផ្សេងៗទៀតពីភាគីថៃ ក្នុងបំណងរំខានដល់ពលរដ្ឋខ្មែរដែលរស់នៅក្នុងភូមិទាំងពីរនេះ ខណៈសកម្មភាពនេះបានកើតឡើងជាច្រើនយប់មកហើយ។
លោកអះអាងថា ស្ថានភាពទូទៅនៃបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាកង្វល់ និងជាបញ្ហាផុយស្រួយខ្លាំងបំផុតដែលអាចនឹងប៉ះទង្គិចគ្នាឡើងវិញ។
លោក ហ៊ុន សែន បញ្ជាក់ថា ប្រទេសកម្ពុជា មិនត្រូវការឲ្យប្រទេសណាមួយ ឬក៏មិត្តរបស់ប្រទេសកម្ពុជា ថ្កោលទោសប្រទេសណាទេ ព្រោះអ្វីដែលប្រទេសកម្ពុជា ចង់បាន គឺភាគីទាំងពីរគោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយ ដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ឡើងវិញ។
ពីរថ្ងៃមុនកន្លងទៅនេះ ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ឧត្ដមសេនីយ៍ត្រី Samsul Rizal Bin Musa ពីកងទ័ពជើងគោកប្រទេសម៉ាឡេស៊ី បានថ្លែងប្រាប់អ្នកកាសែត ដោយសរសើរទាហានថៃ ដែលបានគោរពកិច្ចព្រមព្រៀងឈប់បាញ់គ្នាប្រកបដោយវិជ្ជាជីវៈខ្ពស់ មានវិន័យតាំងពីពលទាហាន ដល់នាយទាហានជាន់ខ្ពស់ ដោយឥតបន្លឹមបន្លំឡើយ។
លោក ហ៊ុន សែន គូសបញ្ជាក់ថា មុខនាទីស្នូលនៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពិតជាមានសារសំខាន់បំផុតដែលត្រូវធ្វើយ៉ាងណា ទាំងការធានាបទឈប់បាញ់ និងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ ក្នុងឋានៈជាប្រធានអាស៊ាននាពេលនេះ។
កាលពីប្រទេសកម្ពុជា ទទួលមុខនាទីជាប្រធានអាស៊ានដូរវេននៅឆ្នាំ២០២២ លោក ហ៊ុន សែន ក៏មិនអាចជួយដោះស្រាយបញ្ហានៅប្រទេសម្ញ៉ាន់ម៉រ ឬភូមា បាន ហើយទទួលរងការរិះគន់ពីគ្រប់ទិសទី។
ដំណាលពេលគ្នានេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៣ ខែតុលា នេះថា ចាប់តាំងពីយប់ថ្ងៃទី១០ ដល់យប់ថ្ងៃទី១២ ខែតុលា នេះ យោធាថៃ បានចាក់បំពងសំឡេងខ្លាំងៗពេញមួយរាត្រី នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដូចជា សំឡេងភាពយន្តឯកសារ សំឡេងតន្ត្រីចម្រៀងថៃ តន្ត្រីចម្រៀងប្រពៃណីខ្មែរ សំឡេងព្រះសង្ឃសូត្រព្រះធម៌ សំឡេងស្មូត្រ និងសំឡេងព្រឺព្រួចជាច្រើនផ្សេងទៀតផងដែរ។
ជុំវិញបញ្ហានេះ កាសែតថៃ The Nation បានស្រង់សម្ដីមន្ត្រីជាន់ខ្ពស់នៃការិយាល័យអគ្គព្រះរាជអាជ្ញាថៃ (OAG) កាលពីថ្ងៃទី១៣ ខែតុលា ដោយព្រមានថា ការបន្លឺសំឡេងខ្មោចតាមរយៈឧបករណ៍បំពងសំឡេងនៅព្រំដែនកម្ពុជា-ថៃ អាចធ្វើឱ្យប្រទេសថៃ រងការចោទប្រកាន់ពីបទរំលោភលើអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម (CAT)។
មន្ត្រីពីការិយាល័យអគ្គព្រះរាជអាជ្ញាថៃ រូបនេះ បញ្ជាក់ថា ការបំពងសំឡេងដ៏គួរឱ្យភ័យខ្លាច ដូចជា សំឡេងភាពយន្តខ្មោច សំឡេងធុងទឹក និងសំឡេងយន្តហោះ F-16 ដើម្បីប្រឆាំងនឹងជនជាតិនៃប្រទេសកម្ពុជា អាចត្រូវបានគេបកស្រាយថាជាការរំលោភលើកាតព្វកិច្ចអន្តរជាតិដោយភាគីប្រទេសថៃ ក្រោមអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម (CAT) ដែលប្រទេសថៃ បានផ្តល់សច្ចាប័ននោះ។
ជាងនេះទៀត ទីប្រឹក្សារបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំប្រទេសថៃ (Human rights Watch) លោក ស៊ុនណៃ ផាស៊ុក (Sunai Phasuk) បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះថា ការប្រើប្រាស់សំឡេងរំខានដែលដឹកនាំដោយអ្នកជាតិនិយមថៃ ឈ្មោះ កានជុម ផាឡាង (Kan Jomphalang) ក្នុងបំណងបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ស្នើធ្វើប្រជាមតិថាតើគួរលុប ឬមិនលុបចោលអនុស្សរណៈយោគយល់គ្នា MoU ឆ្នាំ២០០០ និងឆ្នាំ២០០១។ ការមិនទាន់ចុះសម្រុងគ្នា គឺនៅត្រង់ គួរធ្វើប្រជាមតិក្នុងពេលបោះឆ្នោតនាឆ្នាំ២០២៦ ខាងមុខជាមួយគ្នាតែមួយដង ឬក៏បោះឆ្នោតក្នុងពេលដោយឡែកពីគ្នា។
អ្នកច្បាប់និយាយថា អនុស្សរណៈយោគយល់គ្នាដែលមិនមែនជាកិច្ចព្រមព្រៀងអាចអនុវត្តបាន អាចលុបចោលបានតាមមាត្រា៥៦ នៃអនុសញ្ញាក្រុងវីយ៉ែន ប្រទេសអូទ្រីស នាឆ្នាំ១៩៦៩។
យ៉ាងណាមិញ មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំប្រទេសថៃឡង់ដ៍ ដដែល បញ្ជាក់ថា ទង្វើបែបនេះ គឺជាការប្រឆាំងនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់ប្រទេសថៃ ផងដែរ ដែលនឹងធ្វើឱ្យប្រទេសថៃឡង់ដ៍ រងភាពអាម៉ាស់លើឆាកអន្តរជាតិ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

