ក្រសួងការពារជាតិកម្ពុជា អះអាងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកពេល ដោយមិនទាន់ដឹងថ្ងៃកំណត់ជាក់លាក់។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៥ តុលា នេះថា គម្រោងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា នេះ នឹងត្រូវជំនួសដោយជំនួបរវាងក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) វិញ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា យោធភូមិភាគទី៤ កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញផងដែរ។
កាលពីថ្ងៃទី៣ ខែតុលា កាសែត The Nation បានចុះផ្សាយថា មេបញ្ជាការភូមិភាគទី១ ថៃ លោក វីរ៉ាក់យុត លឿងសុវណ្ណ បានស្នើសុំពន្យារពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) ក្រោមហេតុផលថា មិនមានការពិភាក្សាអំពីផែនការជម្លៀសប្រជាជនកម្ពុជា ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលថៃ បានចោទថាពួកគេកំពុងរស់នៅភូមិ Ban Nong Chan និងភូមិ Ban Nong Ya Kaew របស់ប្រទេសថៃ។
ប្រភពដដែល បញ្ជាក់ថា ភាគីថៃ បានដាក់លក្ខខណ្ឌឱ្យកម្ពុជា រៀបចំផែនការជម្លៀសពលរដ្ឋទាំងនោះចេញពីតំបន់ប្រឈមក្នុងបរិវេណភូមិណងចាន់ និងភូមិណងយ៉ាកែវ ស្រុកខូកស៊ូង និងភូមិតាផាក់យ៉ា ស្រុកតាផាក់យ៉ា ខេត្តស្រះកែវ ដោយផ្ញើផែនការជម្លៀសប្រជាជនខ្មែរទាំងនោះមកកងទ័ពភូមិភាគទី១ ថៃ នៅថ្ងៃទី៧ ខែតុលា ទើបកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) អាចដំណើរការបន្តទៅទៀតបាន។
ជុំវិញបញ្ហានេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានអះអាងកាលពីថ្ងៃទី១៣ ខែតុលា ថា ចាប់តាំងពីយប់ថ្ងៃទី១០ ដល់យប់ថ្ងៃទី១២ ខែតុលា នេះ យោធាថៃ បានចាក់បំពងសំឡេងខ្លាំងៗជារៀងរាល់យប់ ចាប់ពីម៉ោង ៧យប់ដល់ម៉ោង ៧ព្រឹក នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដូចជា សំឡេងភាពយន្តឯកសារ សំឡេងតន្ត្រីចម្រៀងថៃ តន្ត្រីចម្រៀងប្រពៃណីខ្មែរ សំឡេងព្រះសង្ឃសូត្រធម៌ សំឡេងស្មូត្រ និងសំឡេងព្រឺព្រួចជាច្រើនផ្សេងទៀតផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ អះអាងថា កងអនុសេនាធំលេខ២ ផ្នែកសឹករងក្រុងសំរោង បានបាញ់ទម្លាក់ដ្រូនរបស់ថៃ មួយគ្រឿង ដែលត្រូវបានបង្ហោះចូលទៅក្នុងភូមិសាស្ត្រវត្តថ្មដូន ស្ថិតក្នុងខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៥ ខែតុលា នេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

