28.4 C
Phnom Penh

កម្ពុជា​ព្រមាន​ថា ការ​អះអាង​ជា​ឯកតោភាគី​របស់​យោធា​ថៃ គឺជា​ការ​អះអាង​ប្រាសចាក​ផ្លូវច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា​ទោះបីជា​កម្ពុជា អត់ធ្មត់​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​ក្នុង​បំណង​ចៀសវាង​ការ​ផ្ទុះ​អាវុធ​ក៏ដោយ ក៏​កម្ពុជា មិន​បោះបង់​សិទ្ធិ​ក្នុង​ការ​ទាមទារ​ដែន​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​របស់​ខ្លួន ស្រប​តាម​អនុសញ្ញា សន្ធិសញ្ញា និង​ច្បាប់​អន្តរជាតិ​ឡើយ។

អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ នៅ​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៥ នេះ ដោយ​ទាត់​ចោល​ទាំងស្រុង​នូវ​ការ​អះអាង​របស់​ភាគី​ថៃ ក្រោម​ហេតុផល​ថា មាន​តែ​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) ដែល​បាន​ព្រមព្រៀង​គ្នា​រវាង​កម្ពុជា-ថៃ ប៉ុណ្ណោះ ទើប​មាន​សមត្ថកិច្ច​ក្នុង​ការ​វាស់វែង និង​កំណត់​ខណ្ឌសីមា​រវាង​ប្រទេស​ទាំង​ពីរ។

រដ្ឋាភិបាល​កម្ពុជា លើកឡើង​ថា ខ្សែ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​មាន​តម្លៃ​ផ្លូវច្បាប់​រឹងមាំ​ដែល​ត្រូវ​បាន​ការពារ​ដោយ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ ដែល​មិន​អាច​ត្រូវ​បាន​កែប្រែ​ជា​ឯកតោភាគី​ដោយ​ភាគី​ណា​មួយ​ឡើយ។

ជាង​នេះ​ទៅ​ទៀត ក្នុង​ពេល​រង់ចាំ​ការ​វាស់វែង និង​ការ​កំណត់​ខណ្ឌសីមា​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) នោះ កម្ពុជា​ប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ដោយ​ផ្អែក​លើ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​រវាង​ប្រទេស​ទាំង​ពីរ ក្រោម​ច្បាប់​អន្តរជាតិ​ជាធរមាន។

ប្រភព​ដដែល អះអាង​ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន ដោយ​មិន​ទទួលយក​ដាច់ខាត​នូវ​ការ​ប្រកាស​ជា​ឯកតោភាគី​របស់​យោធា​ថៃ ពីព្រោះ​យោធា​គ្មាន​សមត្ថកិច្ច​ក្នុង​ការ​សម្រេច​អំពី​ខណ្ឌសីមា​របស់​ប្រទេស​នោះ​ឡើយ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា ព្រំដែន​កម្ពុជា-ថៃ គឺជា​ព្រំដែន​អន្តរជាតិ​រវាង​រដ្ឋ និង​រដ្ឋ ដែល​ត្រូវ​បាន​កំណត់​ដោយ​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ព្រមទាំង​ផែនទី​ខ្នាត ១/២០០០០០ និង​បង្គោល​ព្រំដែន​ចំនួន ៧៤​បង្គោល ដែល​ត្រូវ​បាន​បោះ​តាំងពី​ជាង ១០០​ឆ្នាំ​មុន​មក​ម្ល៉េះ។

កាសែត ខៅស៊ុត (Khaosod) បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២៥ នូវ​វីដេអូ​ឃ្លីប​មួយ​ដែល​អ្នក​ជាតិ​និយម និង​យោធា​ថៃ កាន់​ដៃ​គ្នា​ដើរ​ច្រៀង​ចម្រៀង​ជាតិ​ថៃ ស្ថិត​ក្នុង​ភូមិ​បានណង យ៉ាកែវ ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

ប្រភព​ដដែល បញ្ជាក់​ថា ចម្រៀង​នេះ គឺជា​កំណាព្យ​ដែល​និពន្ធ​ដោយ​ព្រះបាទ​រាមាទី៦ របស់​ថៃ ខណៈ​មេបញ្ជាការ​ក្រុម​ទី​១២ នៃ​កម្លាំង​បូរ៉ាផា (Burapha) លោក ចាន់ណារ៉ុង កាស៊ី (Chainarong Kasee) អះអាង​ថា វីដេអូ​នេះ​តំណាង​ឱ្យ​កាយវិការ​ជា​និមិត្តរូប​ថា គ្រប់​ទីកន្លែង​ដែល​ទាហាន​ថៃ ដើរ គឺជា​ទឹកដី​ថៃ និង​ជា​ដី​ដែល​ត្រូវ​បាន​បោស​សម្អាត​មីន។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៣ ខែ​តុលា ថា កងកម្លាំង​ប៉ារ៉ា​ថៃ និង​តម្រួត​ព្រំដែន​ថៃ បាន​រាយ​លួស​បន្លា ព្រមទាំង​ដាក់​កង់ឡាន​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ចាប់តាំងពី​ថ្ងៃទី​១២ ខែ​តុលា មក។

ជុំវិញ​បញ្ហា​នេះ ដោយឡែក​អ្នកជំនាញ​ច្បាប់ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោក ឆាំង យុ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លក្ខណៈ​សម្គាល់​យោធា​ដែល​មាន​វិជ្ជាជីវៈ និង​ភាព​ចាស់ទុំ គឺ​ការ​ប្រកាន់ខ្ជាប់​នូវ​វិន័យ តម្លៃ​ជា​យោធា និង​ការ​គោរព​នីតិរដ្ឋ ចំណែក​យោធា​ដែល​យាយី​ទៅ​លើ​ជនស៊ីវិល​ស្លូតត្រង់ គឺជា​យោធា​ដែល​ស្ថិត​នៅ​ក្រៅ​ព្រំដែន​នៃ​ស្ថាប័ន​វិជ្ជាជីវៈ ដែល​ប្រៀបបីដូចជា​អ្នកលេង ជនពាល ចោរប្លន់ ឬ​ជនល្មើស​ច្បាប់​ដូច្នោះ​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស