28 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ហៅ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ថា​ជា​ចោរ​ឈ្លានពាន​ទឹកដី​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ណាតថាផន ណាក់ផានិត (Nattaphon Narkphanit) ថា​ជា​ចោរ​ឈ្លានពាន​ទឹកដី​ខ្មែរ បន្ទាប់ពី​មន្ត្រី​ថៃ រូប​នេះ ទាមទារ​ឱ្យ​កម្ពុជា ប្រគល់​ប្រាសាទ​តាក្របី ទៅ​ប្រទេស​ថៃ វិញ ជា​ថ្នូរ​នឹង​ការ​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់។

លោក គិន ភា សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ វិច្ឆិកា នេះ​ថា «ចោរ​ឈ្លានពាន​ចេញ​មុខ​ដោយ​ឥត​អៀនខ្មាស​ចង់​ប្រើ​កម្លាំង​កងទ័ព​វាយ​ដណ្ដើម​យក​ប្រាសាទ​តាក្របី​របស់​ខ្មែរ»

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​លើកឡើង​ថា ពេលនេះ​ចោរ​ឈ្លានពាន​កំពុង​បង្ខំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​មីន​នៅ​តាម​បន្ទាត់​ព្រំដែន​ថែមទៀត ដើម្បី​ឱ្យ​ពួកគេ​ងាយស្រួល​ប្រើ​ឧបាយកល​ចូល​វាយ​ដណ្ដើម​យក​ប្រាសាទ​ខ្មែរ និង​ទឹកដី​ខ្មែរ​ទៅ​តាម​ផែនការ​ឈ្លានពាន​ដែល​ពួកគេ​ប៉ុនប៉ង​ជា​យូរ​មក​ហើយ​នោះ។

បណ្ឌិត គិន ភា បញ្ជាក់​ថា ក្រោម​ទង្វើ​ឈ្លានពាន​ដោយ​ឥត​អៀនខ្មាស​ដែល​ចោរ​ឈ្លានពាន​បង្ហាញ​ច្បាស់ៗ​បែប​នេះ​ហើយ បើ​មាន​ពលរដ្ឋ​ខ្មែរ​ណា​បន្ត​ទិញ​ទំនិញ​ចោរ​ទៀត​នោះ គឺ​មាន​ន័យ​ថា​ពួកគេ​កំពុង​តែ​គាំទ្រ​ចោរ​ឈ្លានពាន​ទាំងនោះ​យ៉ាង​ពិតប្រាកដ។

លោក​បញ្ជាក់​ថា កម្ពុជា​គ្មាន​ការ​ចាំបាច់​អ្វី​ទៅ​ចរចា​ជាមួយ​ចោរ​រឿង​ប្រាសាទ​ខ្លួនឯង​នោះ​ទេ ព្រោះ​ប្រាសាទ​តាមាន់តូច ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី និង​តំបន់​មុំ​បី គឺជា​របស់​ខ្មែរ ស្ថិត​ក្នុង​ដែនដី​ខ្មែរ ហើយ​កម្ពុជា​ក៏បាន​ដាក់​តំបន់​ទាំង ៤ នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) រួច​ហើយ​ដែរ​តាំងពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៥ មក​ម្ល៉េះ។

កាលពី​ថ្ងៃទី​០៤ ខែ​វិច្ឆិកា កាសែត The Nation របស់​ថៃ បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក ណាតថាផន ណាក់ផានិត (Nattaphon Narkphanit) ថា គ្មាន​ការ​ចរចា​លើ​បញ្ហា​ព្រំដែន​ណា​មួយ​ជាមួយ​កម្ពុជា ទេ រហូត​ទាល់តែ​ប្រាសាទ​តាក្របី ត្រូវ​បាន​ភាគី​កម្ពុជា​ប្រគល់​មក​ឱ្យ​ប្រទេស​ថៃ វិញ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ រូប​នេះ អះអាង​ថា គណៈរដ្ឋមន្ត្រី​ថៃ មិន​ទាន់​ពិភាក្សា​អំពី​បញ្ហា​ប្រាសាទ​តាក្របី​នៅឡើយ​ទេ ប៉ុន្តែ​ថៃ មាន​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ទាមទារ​យក​ប្រាសាទ​នេះ​មក​វិញ ព្រោះ​ប្រាសាទ​នេះ​នៅតែ​ជា​ផ្នែក​មួយ​ស្ថិត​ក្នុង​ប្រទេស​ថៃ។

មន្ត្រី​ថៃ ដដែល​នេះ​បញ្ជាក់​ថា ថៃ​នឹង​មិន​បន្ត​ការ​ពិភាក្សា​អំពី​ការ​ដោះលែង​ទាហាន​កម្ពុជា ១៨​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នោះ​ទេ លុះត្រាតែ​កម្ពុជា​ប្រគល់​ការ​គ្រប់គ្រង​ប្រាសាទ​តាក្របី​ឱ្យ​ថៃ ជា​មុន​សិន ខណៈ​ប្រធានបទ​ផ្សេង​ទៀត រួម​ទាំង​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​ផង​ដែរ មិន​ត្រូវ​បាន​លើក​យក​មក​ជជែក​ឡើយ។

ទោះជា​យ៉ាងណាក៏ដោយ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ បណ្ឌិត យង់ ពៅ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ វិច្ឆិកា ដែរ​ថា ប្រសិនបើ​ពេលនេះ​កម្ពុជា​របូត​គំនិត​ជឿ​ថៃ កាត់​ទឹកដី កាត់​ប្រាសាទ​ឱ្យ​ចោរ​ដើម្បី​ដោះដូរ​នឹង​អ្វីៗ​ដែល​ចោរ​ចេះ​តែ​បន្ត​ដាក់​លក្ខខណ្ឌ​នោះ ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ថៃ​នឹង​បន្ត​គូស​ផែនទី​ដោយ​ឯកតោភាគី និង​ទាមទារ​កាត់​ទឹកដី​ខ្មែរ​បន្ត​ទៀត​ជាមិនខាន ដូច្នេះ តើ​កម្ពុជា​នៅ​សល់​ទឹកដី និង​ប្រាសាទ​ប៉ុន្មាន​ទៀត​សម្រាប់​ទុក​កាត់​ទៅ​ឱ្យ​ថៃ នោះ។

កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៥ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន អះអាង​ថា ប្រវែង​ព្រំដែន​កម្ពុជា និង​ថៃ មាន​ចម្ងាយ​ជាង ៨០០​គីឡូម៉ែត្រ ប៉ុន្តែ​មាន​តែ ៤​តំបន់​ប៉ុណ្ណោះ​ដែល​កម្ពុជា ត្រូវ​ដោះស្រាយ​ជាមួយ​ថៃ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​តំបន់​មុំ​បី ប្រាសាទ​តាមាន់តូច ប្រាសាទ​តាមាន់ធំ និង​ប្រាសាទ​តាក្របី ចំណែក​ទីតាំង​ផ្សេង​ទៀត គឺ​ត្រូវ​ដោះស្រាយ​ដោយ​ទ្វេភាគី។

លោក ហ៊ុន សែន ចាត់ទុក​អំពើ​ឈ្លានពាន​របស់​ថៃ មក​លើ​ទឹកដី​កម្ពុជា ដោយ​គេចវេះ​មិន​ហ៊ាន​ប្រឈមមុខ​នៅ​តុលាការ​អន្តជាតិ ថា​ជា​ទង្វើ​របស់​ចោរ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ប្តឹង​ថៃ អំពី​តំបន់​ទាំង ៤ នេះ​បាន​នៅឡើយ​ទេ រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ណាតថាផន ណាក់ផានិត (Nattaphon Narkphanit) និង​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា (រូប​ស្ដាំ)
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ណាតថាផន ណាក់ផានិត (Nattaphon Narkphanit) និង​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា (រូប​ស្ដាំ)

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស