30.7 C
Phnom Penh

១០១​ថ្ងៃ​ហើយ​ដែល​ភាគី​ថៃ បដិសេធ​ដោះលែង​ទាហាន​កម្ពុជា ទាំង ១៨​នាក់​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គិត​ត្រឹម​ថ្ងៃទី​៧ ខែ​វិច្ឆិកា នេះ គឺ​មាន​រយៈពេល ១០១​ថ្ងៃ​ហើយ​ដែល​កងកម្លាំង​កម្ពុជា​ទាំង ១៨​នាក់​ត្រូវ​បាន​យោធា​ថៃ បដិសេធ​មិន​ដោះលែង បន្ទាប់ពី​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​ទីក្រុង​កូឡាឡាំពួរ រវាង​កម្ពុជា-ថៃ ក្រោម​វត្តមាន​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ជា​សាក្សី។

ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៦ វិច្ឆិកា ដោយ​អំពាវនាវ​ឱ្យ​ភាគី​ថៃ ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា វិញ ដើម្បី​ឱ្យ​ពួកគេ​អាច​ជួបជុំ​ក្រុម​គ្រួសារ​ស្របតាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ។

ក្រសួង​ការពារ​ជាតិ បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​បោះបង់​កងកម្លាំង​ខ្មែរ​ណា​ម្នាក់​ចោល​ឡើយ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ ព្រោះ​ពេលនេះ រដ្ឋាភិបាល​កំពុង​ធ្វើការ​ឥត​ឈប់ឈរ​ដោយ​ប្រើ​គ្រប់​យន្តការ​ដោះស្រាយ​ទាំងអស់ ដើម្បី​ឱ្យ​ភាគី​ថៃ ដោះលែង​ពួកគេ​ត្រឡប់​មក​មាតុប្រទេស​វិញ​ឱ្យ​បាន​ឆាប់។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​អំពាវនាវ​ឱ្យ​ភាគី​ថៃ គោរព​សេចក្តី​ថ្លែងការណ៍​រួម ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ ដោយសារតែ​កម្ពុជា​មើល​ឃើញ​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ទាំង​មន្ត្រី និង​ថ្នាក់ដឹកនាំ​របស់​ថៃ ធ្វើ​អត្ថាធិប្បាយ​ផ្ទុយ​ពី​ខ្លឹមសារ​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ​ជាបន្តបន្ទាប់។

ប្រភព​ដដែល អះអាង​ថា ជាក់ស្តែង មន្ត្រី និង​ថ្នាក់ដឹកនាំ​ថៃ បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​យក​ចំណុច​ដែល​បាន​ព្រមព្រៀង​គ្នា​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម មក​ធ្វើ​ជា​លក្ខខណ្ឌ​ក្នុង​ការ​ដោះលែង​យោធិន​កម្ពុជា ទាំង ១៨​រូប ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំគ្រង​របស់​ថៃ និង​បង្កើត​ឱ្យ​មាន​លក្ខខណ្ឌ​ថ្មីៗ​បន្ថែម​ទៀត ដូចជា ករណី​ប្រាសាទ​តាក្របី ដោយ​ព្រមាន​ពី​ការ​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​ដណ្តើម​យក ជាដើម។

អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា អ្វី​ដែល​ជា​ការ​កត់សម្គាល់​យ៉ាង​សំខាន់​ដែល​បញ្ជាក់​ថា ភាគី​ថៃ មិន​បាន​គោរព​ខ្លឹមសារ​នៃ​សេចក្តី​ថ្លែងការណ៍​រួម​នោះ គឺ​នៅ​ត្រង់​ថា រហូត​មក​ទល់​ថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ គឺ​មាន​រយៈពេល ១០​ថ្ងៃ​ហើយ​ដែល​ភាគី​ថៃ មិន​ទាន់​បាន​ដោះលែង​យោធិន​កម្ពុជា ១៨​នាក់ ទៅ​តាម​ស្មារតី​នៃ​សេចក្តី​ថ្លែងការណ៍​រួម​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា។

ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ កាលពី​ថ្ងៃទី​២៦ ខែ​តុលា រវាង​កម្ពុជា-ថៃ បាន​ឯកភាព​គ្នា​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​សង្គ្រាម រួម​ទាំង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​ផង​ដែរ ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

ចំណែក​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក៏បាន​ថ្លែង​គាំទ្រ​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​កូឡាឡាំពួរ នេះ រួម​ទាំង​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ថែមទៀត។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​០៤ ខែ​វិច្ឆិកា កាសែត The Nation របស់​ថៃ បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក ណាតថាផន ណាក់ផានិត (Nattaphon Narkphanit) ថា គ្មាន​ការ​ចរចា​លើ​បញ្ហា​ព្រំដែន​ណា​មួយ​ជាមួយ​កម្ពុជា ទេ រហូត​ទាល់តែ​ប្រាសាទ​តាក្របី ត្រូវ​បាន​ភាគី​កម្ពុជា ប្រគល់​មក​ឱ្យ​ប្រទេស​ថៃ វិញ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស