34.5 C
Phnom Penh

ភាគី​ថៃ ថា​គម្រោង​ដោះលែង​កងទ័ព​កម្ពុជា ១៨​នាក់​នៅ​ថ្ងៃទី​១២ វិច្ឆិកា ស្ថិត​ក្នុង​ការ​ពិចារណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោធា​ថៃ អះអាង​ថា ការ​ដោះលែង​កងទ័ព​កម្ពុជា ចំនួន ១៨​នាក់ ឱ្យ​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ខាងមុខ​នេះ គឺ​នៅតែ​ស្ថិត​ក្នុង​ការ​ពិចារណា​នៅឡើយ។

កាសែត ខៅស៊ុត របស់​ថៃ ស្រង់​សម្ដី​អ្នក​នាំពាក្យ​កងទ័ព​ថៃ លោក វីនថៃ ស៊ូវ៉ារី នៅ​ថ្ងៃទី​៦ វិច្ឆិកា នេះ​ថា ការ​ពិចារណា​លើ​ការ​ដោះលែង​ទាហាន​កម្ពុជា ទាំង ១៨​នាក់ គឺ​ផ្អែក​ទៅ​លើ​លក្ខខណ្ឌ​ចំនួន​ពីរ គឺ​ការ​ដក​អាវុធ​ធុន​ធ្ងន់ និង​គ្មាន​ការ​រារាំង​ដល់​ការ​ដោះ​មីន។

ប្រភព​ដដែល បញ្ជាក់​ថា ការ​ដោះលែង​នឹង​ធ្វើឡើង​នៅ​ច្រក​ព្រំដែន​បានផាកកាត ស្ថិត​នៅ​ស្រុក​ពង់ណាំរ៉ុន ក្នុង​ខេត្ត​ចន្ទបុរី ប្រទេស​ថៃ ទល់​មុខ​នឹង​ច្រក​ព្រំដែន​ខេត្ត​ប៉ៃលិន របស់​ប្រទេស​កម្ពុជា ខណៈ​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ខេត្ត​ចន្ទបុរី និង​ខេត្ត​ត្រាត (CTBDC) កំពុង​សម្របសម្រួល​រៀបចំ​ទីតាំង និង​កន្លែង​ស្នាក់នៅ​សម្រាប់​ការ​ដោះលែង​ឈ្លើយសឹក​កម្ពុជា ចំនួន ១៨​នាក់​នេះ​ផង​ដែរ។

ការ​ដោះលែង​យោធា​ខ្មែរ​ទាំង ១៨​រូប គឺជា​លក្ខខណ្ឌ​មួយ​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ចំណុច​ទី​៥ នៃ​សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​សន្តិភាព​កម្ពុជា-ថៃ កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដែល​មាន​ការ​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ជា​សាក្សី។

យោធា​ខ្មែរ​ទាំង ១៨​នាក់ ត្រូវ​បាន​យោធា​ថៃ ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥ មួយ​ថ្ងៃ​បន្ទាប់ពី​កម្ពុជា និង​ថៃ បាន​ព្រមព្រៀង​លើ​បទ​ឈប់​បាញ់ ដែល​ផ្ដួចផ្ដើម​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស