រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ប្រកាសប្ដឹងទាហានឈុតខ្មៅថៃ ៧នាក់ទៅអន្តរជាតិ ចំពោះទង្វើដ៏ស្មោកគ្រោកដែលបានរំលោភបូកលើយុវតីខ្មែរម្នាក់អំឡុងពេលវិលត្រឡប់ពីប្រទេសថៃ ទៅកម្ពុជា វិញ។
លោក ស សុខា លើកឡើងក្នុងពេលសួរសុខទុក្ខយុវតីដែលត្រូវបានទាហានឈុតខ្មៅថៃ ចាប់រំលោភបំពានលើរាងកាយនៅថ្ងៃទី១៧ វិច្ឆិកា នេះថា អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន និងប្ដឹងទៅអន្តរជាតិ ឲ្យឃើញអំពីទង្វើដ៏ស្មោកគ្រោករបស់ក្រុមទាហានថៃ ដែលបានប្រព្រឹត្តមកលើនារីរងគ្រោះដែលជាជនជាតិខ្មែរ។
លោក ស សុខា អះអាងថា ពេលនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការសមាគមនានា កំពុងសហការគ្នាប្រមូលព័ត៌មានដើម្បីបង្ហាញអន្តរជាតិនូវអំពើដ៏លាមករបស់ទាហានឈុតខ្មៅថៃ ដែលមិនអាចទទួលយកបានក្នុងនាមប្រជាពលរដ្ឋដូចគ្នា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រូបនេះ អំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរកំពុងធ្វើការនៅប្រទេសថៃ ថាបើចង់វិលត្រឡប់មកប្រទេសកម្ពុជា វិញ ត្រូវតែធ្វើដំណើរជាក្រុម និងជូនដំណឹងមកកាន់ក្រុមគ្រួសារឲ្យបានដឹងពេលកំពុងធ្វើដំណើរ។ ជាងនេះទៀត ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើង ត្រូវជូនដំណឹង ឬប្ដឹងជាបន្ទាន់ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្តរាគមន៍។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់ក្នុងខ្សែអាត់សំឡេងប្រវែងជាង ៣នាទីនៅថ្ងៃទី១៧ វិច្ឆិកា នេះថា ករណីទាហានឈុតខ្មៅថៃ រំលោភបំពានលើយុវតីរងគ្រោះជាជនជាតិខ្មែរក្នុងពេលវិលត្រឡប់ពីប្រទេសថៃ ទៅកម្ពុជា គឺជាករណីដែលបានកើតឡើងប្រាកដមែនដែលស្ថិតនៅក្នុងទឹកដីថៃ។
ប្រភពដដែល អះអាងថា ក្នុងចំណោមពលករខ្មែរជាង ១០នាក់ដែលវិលត្រឡប់មកវិញនោះ គឺមានតែនាងម្នាក់ប៉ុណ្ណោះដែលជាស្ត្រី និងមានស្រុកកំណើតនៅខេត្តកំពង់ធំ។ លោកថា ក្រោយឃាត់ខ្លួន ទាហានថៃ បានបំបែកពលករខ្មែរជាពីរក្រុម ដោយមួយក្រុមជាបុរស និងមួយក្រុម គឺជាស្ត្រីដែលមាននារីតែម្នាក់នេះឯង។
លោកបន្ថែមថា ក្នុងពេលឃាត់ខ្លួននោះហើយដែលទាហានថៃ បានធ្វើសកម្មភាពតិរច្ឆានចាប់រំលោភបូកចំនួន ៧នាក់លើយុវតីរងគ្រោះម្នាក់ ហើយពេលត្រឡប់មកដល់ទឹកដីខ្មែរវិញ នារីរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តែម្តង។
លោក ទូច សុឃៈ លើកឡើងថា វិធានការទី១ អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ នឹងដាក់ពាក្យបណ្ដឹងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិថៃ ហើយវិធានការទី២ គឺត្រូវប្តឹងតវ៉ាតាមរយៈស្ថានទូតថៃ និងវិធានការទី៣ ត្រូវប្តឹងតវ៉ាតាមរយៈអង្គការអន្តរជាតិ ដើម្បីជំរុញឱ្យសមត្ថកិច្ចថៃ ចាប់ខ្លួនជនល្មើសមកទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ទាហានឈុតខ្មៅថៃ មួយក្រុមដែលមានចំនួន ៧នាក់ បានចាប់រំលោភបូកលើយុវតីជនជាតិខ្មែរម្នាក់អំឡុងពេលធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា វិញ ជាមួយពលករដែលជាបុរសជាង ១០នាក់ផ្សេងទៀត។
ប្រភពដដែលបញ្ជាក់ថា យុវតីរងគ្រោះត្រូវទាហានឈុតខ្មៅថៃ ចាប់រំលោភបូកដល់ទៅ ៧នាក់ ចំណែកពលករខ្មែរដែលជាបុរស ត្រូវទាហានថៃ ទាំងនោះ វាយធ្វើទារុណកម្ម និងប្លន់យកទូរសព្ទ ព្រមទាំងលុយកាក់ទាំងអស់។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចសុំការបំភ្លឺបន្ថែមពីស្នងការនគរបាលខេត្តបាត់ដំបង លោក ដាញ់ អេងប៊ុនចាន់ ជុំវិញករណីនេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

