លោក ហ៊ុន សែន បញ្ជាឱ្យកងទ័ពខ្មែរវាយបកទៅកងទ័ពថៃ វិញគ្រប់ទីតាំង ក្រោយពីប្រទេសកម្ពុជា អត់ធ្មត់លើស ២៤ម៉ោងដើម្បីគោរពបទឈប់បាញ់ និងការពន្យារពេលវេលាជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៩ ធ្នូ នេះថា នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បានប្រកាសថានឹងប្រើកម្លាំងវាយយកទឹកដីកម្ពុជា ទាំង ១១ទីតាំង ដូច្នេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៃប្រទេសកម្ពុជា ត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូលក្នុងទឹកដីខ្មែរ។
លោក ហ៊ុន សែន អះអាងថា ប្រទេសកម្ពុជាការពារទឹកដីរបស់ខ្លួនដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ រីឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងក្នុងទឹកដីប្រទេសកម្ពុជា ដូច្នេះពួកគេមិនអាចទូលលេណដ្ឋានមកបានទេ ហើយក្បាលរបស់ពួកគេក៏មិនបានប៉ានដែកដែរ។
ប្រភពសម្ងាត់មួយនិយាយថា កូនលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញទៅបញ្ជាទ័ពផ្ទាល់នៅសមរភូមិ។
លោក ហ៊ុន សែន បន្តថា ស្ថានភាពនេះផ្តល់ប្រៀបឲ្យកងកម្លាំងទ័ពខ្មែរអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវ តាមរយៈការចាត់តាំងទប់ទល់យ៉ាងពេញលេញ ក្នុងនោះក៏បានវាយបកត្រឡប់ទៅវិញដែរកាលពីល្ងាចថ្ងៃទី៨ ខែធ្នូ នឹងបន្តវាយបកបន្ថែមទៀតកាលពីយប់ថ្ងៃចន្ទ និងព្រឹកថ្ងៃអង្គារ ទី៩ ធ្នូ នេះ។
មេដឹកនាំបក្សកាន់អំណាចរូបនេះ លើកឡើងថា ចំពោះសម្ដីមេទ័ពថៃ ដែលបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃ ត្រូវតែបំផ្លាញសមត្ថភាពកម្លាំងការពារជាតិប្រទេសកម្ពុជា សម្រាប់រយៈពេលវែង គឺបង្ហាញថាពួកគេខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត ប៉ុន្តែប្រទេសកម្ពុជា ក៏មិនអង្គុយឱបដៃឲ្យថៃ បំផ្លាញតាមអំពើចិត្តដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាត្រូវការសន្តិភាព តែកម្ពុជាបង្ខំចិត្តវាយបកវិញ ដើម្បីការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជា-ថៃ បានផ្ទុះសាជាថ្មីឡើងវិញអស់រយៈពេល ២ថ្ងៃមកនេះ។
ក្រសួងការពារជាតិប្រទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៩ ធ្នូ នេះថា យោធាថៃ បានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤ និង ៥៨នាទី ដល់វេលាម៉ោង ០៥ និង ២៥នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ។
ប្រភពដដែលបញ្ជាក់ថា យោធាថៃ បានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រងោល បន្ទាប់មក យោធាថៃ បានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ ប៉ុន្តែនៅវេលាម៉ោង ០៥ និង ៣០នាទី ដល់ម៉ោង ០៦ និង ១០នាទី យោធាថៃ បានចាប់ផ្តើមបើកការបាញ់ប្រហារដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មិល្លីម៉ែត្រ មកលើទីតាំងអូរភ្លុកដំរី ក្នុងទឹកដីប្រទេសកម្ពុជា តែម្តង។
ចំណែកឯភូមិសាស្ត្រយោធភូមិភាគទី៤ វិញ ត្រូវយោធាថៃ បើកការបាញ់ប្រហារមកលើកម្ពុជាចាប់តាំងពីវេលាម៉ោង ០៤ និង ៤៥នាទីទៀបភ្លឺ មកម្ល៉េះ គឺនៅក្នុងតំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់ផ្សេងៗទៀតផងដែរ រួមមាន តាថាវ ប្រាសាទតាមាន់ ប្រាសាទព្រះវិហារ ប្រាសាទខ្នារ វាលឥន្ទ្រី ភ្នំខ្មោច គោល៨ ជាំតែ អានសេះ ថ្មដូន អូរស្មាច់ ភ្នំអនុស្សាវរីយ៍ មុខវត្តកែវសិក្ខាគិរីស្វារៈ និងបានបាញ់ផ្សែងពុលនៅប្រាសាទតាក្របី ថែមទៀត។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៨ ខែធ្នូ កាសែតថៃ The Nation បានស្រង់សម្ដីមេទ័ពថៃ លោក ឆៃភ្រើកដួងប្រាផាត (Chaiphruek Duangprapat) ថា លោកប្ដេជ្ញាកម្ទេចកម្លាំងទ័ពកម្ពុជា ឱ្យខ្ទេចខ្ទីរហូតបាត់បង់សមត្ថភាពយោធាយូរអង្វែង ដើម្បីសុវត្ថិភាពថៃ តកូនតចៅទៅថ្ងៃអនាគត។
មេទ័ពថៃ រូបនេះបញ្ជាក់ថា ការប៉ះទង្គិចជាមួយកម្ពុជារយៈពេល ២ថ្ងៃនេះ គឺក្នុងគោលបំណងដើម្បីឲ្យកងទ័ពភូមិន្ទថៃ ធ្វើឱ្យកម្ពុជា មិនអាចធ្វើសកម្មភាពយោធាបានយូរអង្វែងបន្តទៀត ព្រោះយោធាកម្ពុជា បានបង្កការគំរាមកំហែងដល់ប្រទេសថៃ និងប្រជាជនថៃ រហូតមក។
តាមការផ្សាយក្នុងទូរទស្សន៍ AlJazeera នៅថ្ងៃទី៩ ខែធ្នូ ការខូចខាតទាំងសងខាង ភាគីខ្មែរ ជនស៊ីវិលស្លាប់ ៩នាក់ និងរបួស ២០នាក់ ចំណែកឯទាហានថៃ ស្លាប់ ៤នាក់ និងរបួស ៦៨នាក់។
ទីភ្នាក់ងារព័ត៌មាន អាអែហ្វប៉េ (AFP) រាយការណ៍នៅថ្ងៃដដែលនេះ ដោយស្រង់សម្ដីអ្នកនាំពាក្យកងទ័ពជើងទឹកថៃ ប៉ារ៉ាត រតនាឆៃផាន (Parat Rattanachaiphan) ដែលអះអាងថា ទាហានថៃ បានសង្កេតឃើញទាហានខ្មែរបោះទីតាំង និងចល័តទីតាំងអាវុធនៅម្តុំដែនដីមានវិវាទក្នុងខេត្តត្រាត ថែមទាំងបង្ហោះដ្រូនដើម្បីបញ្ឆេះកំហឹងទ័ពថៃ ទៀតផង។
ជុំវិញបញ្ហានេះ សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៩ ធ្នូ នេះ ដោយអំពាវនាវឱ្យប្រទេសទាំងពីររក្សាភាពអត់ធ្មត់ខ្ពស់បំផុត និងវិលត្រឡប់ទៅរកសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ក៏ដូចជាវិធានការកសាងទំនុកចិត្តដែលបានកំណត់នៅក្នុងនោះ។
ប្រភពដដែល បញ្ជាក់ថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រវិធានការនានាដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង រួមទាំងសកម្មភាពមនុស្សធម៌ និងការបោសសម្អាតមីនផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

