28.4 C
Phnom Penh

យោធា​ថៃ បាន​សម្លាប់​ជនស៊ីវិល​កម្ពុជា​កើន ១៧​នាក់ ខណៈ​អ្នក​រង​របួស​កើន ៧៧​នាក់ និង​ជនភៀសសឹក​កើន​ជាង ៤​សែន​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ការ​វាយប្រហារ​ពី​សំណាក់​ភាគី​ថៃ នៅ​ថ្ងៃទី​១៧ ធ្នូ នេះ បាន​សម្លាប់​ជនស៊ីវិល​កើន​ឡើង​ដល់ ១៧​នាក់ ក្នុង​នោះ​គឺ​មាន​ទារក ១​នាក់​ដែរ ខណៈ​ពលរដ្ឋ​ដែល​រង​របួស​បាន​កើន​ឡើង​ដល់ ៧៧​នាក់។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៧ ធ្នូ នេះ​ថា គិត​ចាប់ពី​ម៉ោង ០៥ និង ០០​នាទី ថ្ងៃទី​១៦ ដល់​ម៉ោង ០៨ និង ០០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ យោធា​ថៃ បាន​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា ចំនួន ១៧​លើក​ក្នុង​រយៈពេល​ជាង ១៦​ម៉ោង។

ប្រភព​ដដែល អះអាង​ថា រយៈពេល ១៦​ម៉ោង​នេះ យោធា​ថៃ បាន​វាយ​សម្រុក​ទៅ​លើ​ភូមិសាស្ត្រ​ចំនួន ១០​ទីតាំង​ក្នុង​ទឹកដី​របស់​កម្ពុជា រួម​មាន ភ្នំ​៣៣៣ ប្រាសាទ​តាក្របី តាថាវ ប្រាសាទ​តាមាន់ ថ្មដូន អូរភ្លុកដំរី ភូមិ​ជោគជ័យ ភូមិ​ព្រៃចាន់ និង​ភូមិ​ចំការគ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ផង​ដែរ។

ក្រសួង​ការពារ​ជាតិ បញ្ជាក់​ថា ថៃ​បាន​ប្រើ​អាវុធ និង​យុទ្ធោបករណ៍​គ្រប់​ប្រភេទ​សម្រាប់​ការ​វាយប្រហារ​នេះ រួម​មាន​យន្តហោះ​ចម្បាំង F-16 រ៉ុក្កែត ឌី.ធី.អាយ-២ (DTI-2) នាវាចម្បាំង ដ្រូន​ពិឃាត កាំភ្លើងធំ ១០៥​មិល្លីម៉ែត្រ និង ១៥៥​មិល្លីម៉ែត្រ រថពាសដែក គ្រាប់បែក​ចង្កោម និង​ផ្សែង​ពុល ជាដើម រួម​ទាំង​ការ​ដាក់​ពង្រាយ​ទាហាន​ដ៏​ច្រើន​លើសលុប​ថែមទៀត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សង្គ្រាម​រវាង​កម្ពុជា-ថៃ បាន​អូស​បន្លាយ​ចូល​ដល់​ថ្ងៃទី​១១ គិត​ត្រឹម​ថ្ងៃទី​១៧ ធ្នូ នេះ។

ជុំវិញ​បញ្ហា​នេះ កាសែត​បាងកក​ប៉ុស្តិ៍ រាយការណ៍​នៅ​ថ្ងៃទី​១៧ ធ្នូ នេះ​ថា កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ គណៈរដ្ឋមន្ត្រី​ចាំ​ផ្ទះ​របស់​ថៃ បាន​អនុម័ត​ការ​បែងចែក​ថវិកា​ប្រមាណ ២,៤៤​ពាន់​លាន​បាត ឬ​ប្រមាណ ៧៧,៦​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២៦ ដើម្បី​ពង្រឹង​កម្លាំង​យោធា និង​ពង្រឹង​សន្តិសុខ​ព្រំដែន នៅ​ចំ​ពេល​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​ជាបន្តបន្ទាប់​តាម​បណ្តោយ​ព្រំដែន​ថៃ-កម្ពុជា។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ លោក សិរីពង្ស អង្គសក្សគុលគៀត (Siripong Angkasakulkiat) អះអាង​ថា ថវិកា​ដែល​ស្នើសុំ​ដោយ​កងទ័ព​ជើងគោក និង​កងទ័ព​ជើងទឹក គឺ​មាន​គោលបំណង​គាំទ្រ​ដល់​ការ​ត្រៀម​លក្ខណៈ​ការពារ​ជាតិ និង​ឆ្លើយតប​ទៅ​នឹង​ការ​គំរាមកំហែង​សន្តិសុខ​ជាបន្ទាន់។

ជុំវិញ​បញ្ហា​នេះ ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៧ ធ្នូ នេះ​ថា ជនភៀសសឹក​មកពី​ខេត្ត​រងគ្រោះ​ដោយ​ការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​ថៃ បាន​កើន​ឡើង​ដល់​ជាង ១​សែន ៣​ម៉ឺន​គ្រួសារ​ហើយ (១៣០០៧៩​គ្រួសារ) ដែល​ស្មើ​នឹង​ចំនួន​ប្រជាជន​ជាង ៤​សែន​នាក់ (៤៣២៦៨៦​នាក់)។

ប្រភព​ដដែល បញ្ជាក់​ថា ក្នុង​ចំណោម​ជនភៀសសឹក​ទាំងនេះ​មាន​ស្ត្រី​ប្រមាណ ២​សែន ២​ម៉ឺន ២​ពាន់​នាក់ និង​កុមារ ១​សែន ៣​ម៉ឺន ៤​ពាន់​នាក់​ផង​ដែរ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ក៏​ត្រូវ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ដូចជា ផ្ទះ​របស់​ពលរដ្ឋ សាលារៀន មណ្ឌល​សុខភាព ប្រាសាទ​បុរាណ វត្ត​អារាម សាលាឆទាន កុដិ​ព្រះសង្ឃ អគារ​ការិយាល័យ​គយ អគារ​កាស៊ីណូ សណ្ឋាគារ មណ្ឌល​កសិកម្ម​សហគមន៍ ស្ពានថ្ម ស្ពានដែក ស្ថានីយ​ប្រេង និង​ផ្លូវថ្នល់ ជាដើម។

ចំណែក​ក្រសួង​ការបរទេស​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៧ ធ្នូ នេះ​ថា កម្ពុជា​ប្ដេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​អនុវត្ត​បទ​ឈប់​បាញ់ និង​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២៥ កន្លង​ទៅ ដើម្បី​ស្ដារ​ស្ថានភាព​ប្រទេស​ទាំង​ពីរ​វិល​ទៅ​រក​ប្រក្រតីភាព​ឡើងវិញ ដោយ​ងាក​ទៅ​រក​ការ​ចរចា​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់។

ជុំវិញ​បញ្ហា​នេះ សមាគម​ខ្មែរ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវែស និង​សមាគម​ពុទ្ធសាសនិកជន​ខ្មែរ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ ដោយ​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​យោធា​ថៃ និង​រដ្ឋាភិបាល​ថៃ ដែល​តែងតែ​យក​លេស​គ្រប់​បែប​យ៉ាង​បង្ក​សង្គ្រាម​ឈ្លានពាន​ទៅ​លើ​ប្រទេស​កម្ពុជា។

ប្រភព​ដដែល អះអាង​ថា សកម្មភាព​យ៉ាង​គឃ្លើន​របស់​ភាគី​ថៃ នា​ពេលនេះ ជា​ការ​រំលោភ​បំពាន​បទ​ឈប់​បាញ់ កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ និង​រំលោភ​គោលការណ៍​ច្បាប់​អន្តរជាតិ​នានា​យ៉ាង​ជាក់ច្បាស់ ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​ទៅ​លើ​ជនស៊ីវិល​កម្ពុជា ទី​វត្ត​អារាម​ខ្មែរ ប្រាសាទ​បុរាណ​ខ្មែរ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក និង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន ផ្លូវថ្នល់ និង​សំណង់​អគារ​ជាច្រើន​របស់​កម្ពុជា។

សមាគម​ខ្មែរ​ប្រទេស​ន័រវែស និង​សមាគម​ពុទ្ធសាសនិកជន​ខ្មែរ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ប្រញាប់​ប្តឹង​ប្រទេស​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ជុំវិញ​ករណី​វិវាទ​ព្រំដែន និង​ករណី​ខូចខាត​ប្រាសាទ​បុរាណ​ខ្មែរ​នៅ​តំបន់​ព្រំដែន ស្រប​តាម​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ដោយ​ភ្ជាប់​ផែនទី​អាណានិគម​បារាំង។

ជាង​នេះ​ទៀត ក៏​ត្រូវ​ប្តឹង​មេ​យោធា និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​ថៃ ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ផង​ដែរ អំពី​ករណី​បង្ក​សង្គ្រាម​លើ​កម្ពុជា ករណី​សម្លាប់​ជនស៊ីវិល​ខ្មែរ និង​បទ​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស