អ្នកតាមដានស្ថានការណ៍កម្ពុជា លើកឡើងថា ថៃធ្លាប់បរាជ័យឈ្លានពានទឹកដីខ្មែរចំនួនពីរលើករួចមកហើយ ហើយការឈ្លានពានដើម្បីកាន់កាប់ បំប្លែង ឬគ្រប់គ្រងតំបន់ទឹកដីខ្មែរមួយចំនួននាពេលនេះ ដើម្បីប្រែក្លាយឱ្យទៅជាផ្នែកមួយនៃទឹកដីថៃ នឹងត្រូវបរាជ័យដូចអតីតកាលម្តងទៀត។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៥ មករា នេះថា ការឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែនពីសំណាក់យោធាថៃ នាពេលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។
ជាងនេះទៀត សកម្មភាពរបស់ថៃ ទាំងនេះ ក៏ជាភស្តុតាងបន្ថែមទៀតដែលបង្ហាញពីការមិនគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជា ដែលបានសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រធានអាស៊ានប្ដូរវេនជាបន្តបន្ទាប់មកនោះ។
លោក ឆាំង យុ លើកឡើងថា ស្មារតីរបស់ប្រជាជនកម្ពុជា គឺផ្សារភ្ជាប់ជាមួយនឹងទឹកដីពីកំណើត ដូចគ្នានឹងទឹកដីដែលជាផ្នែកមួយនៃប្រជាជាតិកម្ពុជាដែរ ដូច្នេះរាល់សកម្មភាពបណ្ដោះអាសន្នណាមួយដែលឈ្លានពានកាន់កាប់ ផ្លាស់ប្ដូរ ឬការដាក់បញ្ចូលទឹកដីខ្មែរចូលជាផ្នែកមួយនៃទឹកដីថៃ នឹងមិនជោគជ័យឡើយ។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា រូបនេះបញ្ជាក់ថា ការព្យាករនេះមិនមែនផ្អែកលើសកម្មភាពណាមួយរបស់ភាគីកម្ពុជា នោះទេ ផ្ទុយទៅវិញ វាគឺជាការព្យាករដែលផ្អែកលើជោគវាសនានៃទឹកដីកម្ពុជា ប៉ុណ្ណោះ ព្រោះទឹកដីទាំងនេះត្រូវបានគ្រប់គ្រងដោយប្រជាជនខ្មែរតាំងពីយូរលង់មក ដូច្នេះវានឹងនៅតែជាផ្នែកមួយនៃប្រជាជាតិកម្ពុជា ជារៀងរហូត ហើយគ្មានអ្វីដែលប្រទេសថៃ អាចធ្វើទៅបានដើម្បីរារាំងអនាគតនេះឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីទាហានថៃ បានប្រកាសគ្រប់គ្រងលើទីតាំងជាង ១០កន្លែងនៃទឹកដីកម្ពុជា បន្ទាប់ពីសង្គ្រាមរវាងប្រទេសទាំងពីរត្រូវបានផ្អាកជាបណ្ដោះអាសន្ននាពេលនេះ។
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ថា យោធាថៃ បានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ចំនួន ១៤តំបន់ក្នុងខេត្តចំនួន៤ រួមមាន ខេត្តបន្ទាយមានជ័យ ៣តំបន់ ខេត្តពោធិ៍សាត់ ២តំបន់ ខេត្តព្រះវិហារ ៣តំបន់ និងខេត្តឧត្ដរមានជ័យ ៦តំបន់។
ប្រភពដដែលបង្ហាញថា តំបន់ទាំងនោះរួមមានភូមិជោគជ័យ ភូមិព្រៃចាន់ ភូមិបឹងត្រកួន គឺស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ចំណែកតំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា ឬច្រកជ័យជម្នះ ស្ថិតក្នុងខេត្តពោធិ៍សាត់ ខណៈតំបន់អានសេះ តាថាវ ភ្នំទ្រព្យ ស្ថិតក្នុងខេត្តព្រះវិហារ។
ដោយឡែកតំបន់អូស្មាច់ ប្រាសាទខ្នារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គញ់ និងតំបន់ចូកគ្រួស គឺស្ថិតក្នុងខេត្តឧត្ដរមានជ័យ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា អំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបើកការវាយលើទីតាំងជាច្រើនដោយគិតទុកមុន និងជាប្រព័ន្ធមកលើទឹកដីកម្ពុជា ដើម្បីទន្ទ្រាន កាន់កាប់ និងឈរជើងលើទីតាំងទាំងនេះដោយខុសទៅនឹងច្បាប់អន្តរជាតិ។
យ៉ាងណាក៏ដោយ កាសែតថៃ ខៅស៊ុត ស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ ចាំផ្ទះ លោក អនុធីន ឆានវីរៈគុល នៅថ្ងៃទី៥ មករា នេះថា សកម្មភាពរបស់យោធា គឺគ្រាន់តែដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ លើកឡើងថា ការបង្ហាញពីគំនូសតាងរបស់រដ្ឋាភិបាលស្ដីពីអំពើឈ្លានពានរបស់ថៃ លើទឹកដីខ្មែរ ត្រឹមតែ ៣សន្លឹកឱ្យអន្តរជាតិបានដឹងឮ និងបានឃើញ គឺបង្ហាញពីកម្សោយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទប់ទល់នឹងសត្រូវឈ្លានពានយ៉ាងខ្លាំង។
លោក សុខ សុគន្ធ លើកឡើងថា គំនូសតាងជាផែនទីបង្ហាញពីការឈ្លានពានរបស់ថៃ លើទឹកដីខ្មែរ ដែលចេញដោយក្រសួងការបរទេសកម្ពុជា គឺមានតែខេត្តបន្ទាយមានជ័យ មួយប៉ុណ្ណោះ ចំណែកខេត្តពោធិ៍សាត់ ខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ រដ្ឋាភិបាលមិនបានធ្វើគំនូសតាងផែនទីដើម្បីបង្ហាញអន្តរជាតិឱ្យបានដឹងឮឡើយ។
អ្នកឃ្លាំមើលរូបនេះ បញ្ជាក់ថា ដើម្បីបង្ហាញទៅកាន់អន្តរជាតិឱ្យគេទទួលស្គាល់ថា កម្ពុជាជាជនរងគ្រោះពីការឈ្លានពានរបស់ថៃ គឺត្រូវតែធ្វើគំនូសតាងផែនទីស្ដីពីការឈ្លានពានរបស់ថៃ ទាំងអស់ ដើម្បីផ្សព្វផ្សាយឱ្យពិភពលោកទទួលស្គាល់ច្បាស់លាស់។
បែបនេះក្តី លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងនៅថ្ងៃទី៥ មករា នេះដែរថា ទឹកដីរបស់កម្ពុជា មានមូលដ្ឋានច្បាស់លាស់ និងរឹងមាំ ដែលការពារដោយច្បាប់អន្តរជាតិ។
លោក ប៉ែន បូណា បញ្ជាក់ថា គ្មានអ្នកណាអាចរំលោភបំពានទឹកដីខ្មែរបានឡើយ ព្រោះខ្សែព្រំដែនកម្ពុជា-ថៃ គឺជាខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនឥណ្ឌូចិន-សៀម ស្របតាមគោលការណ៍អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរបានឯកភាពគ្នា។
សូមបញ្ជាក់ថា គំនូសតាងផែនទីនិយាយអំពីប្រទេសថៃឡង់ដ៍ ឈ្លានពានលើប្រទេសកម្ពុជា ដែលចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺមានតែ ៣សន្លឹកនោះទេ ដែលបរិយាយត្រឹមតែខេត្តបន្ទាយមានជ័យ ប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នានេះ អ្នកនាំពាក្យកងទ័ពជើងគោកថៃ ឧត្ដមសេនីយ៍ទោ វិនថៃ ស៊ូវ៉ារី បានប្រាប់កាសែតកាលពីថ្ងៃអាទិត្យ ដោយបដិសេធការចោទប្រកាន់ពីភាគីខ្មែរថាថៃ យកទឹកដីខ្មែរកាន់កាប់។ លោកថា ទីតាំងដីនោះជាដីថៃ ប៉ុន្តែប្រជាជនខ្មែររស់នៅទីនោះយូរៗទៅ ក៏ចាត់ទុកថាជាកម្មសិទ្ធិរបស់ខ្លួន។ ម្យ៉ាងទៀត នាយទាហានរូបនោះចោទថា រាជរដ្ឋាភិបាលខ្មែរក៏បើកដៃឲ្យជនស៊ីវិលចូលទៅរស់នៅលើដីថៃ រីឯទាហានខ្មែរក៏បានចូលបោះទីតាំងលើទឹកដីថៃ ដែរ មុនមានការប្រយុទ្ធគ្នា។
ចំណែកឯកាស៊ីណូថ្មដា របស់ឧកញ៉ា ទ្រី ភាព នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់មុខខេត្តត្រាត ខាងថៃ កងកម្លាំងម៉ារីនថៃ បានរកឃើញមានឃ្លាំងស្តុកអាវុធធ្វើសង្គ្រាមទាំងកែសជាច្រើនប្រភេទ។ អគារនោះក៏គេសង្ស័យថាប្រើជាកន្លែងផ្គុំកងបង្ហោះដ្រូន កាមីកាហ្សេ ហើយជាជម្រកលាក់អាវុធធុន BM-21 Grad ផង។ ទាហានថៃ បានថតរូបអាវុធទាំងនោះបង្ហោះផ្សព្វផ្សាយតាមកាសែតភាសាអង់គ្លេស មានដូចជា រ៉ុក្កែតបាញ់រថក្រោះធុន PF-89 80mm, 60mm, 75mm, 12.7mm បាញ់យន្តហោះ បេ-៤០ និងគ្រាប់បែកដៃ។ ទាហានថៃ ក៏បានជួយសង្គ្រោះសត្វតោ ៣ក្បាល និងខ្លាឃ្មុំខ្មៅ ២ក្បាល គេដាក់ជាប់ក្នុងទ្រុងសម្រាប់ទេសចរមើល ហើយដាច់អាហារជិតងាប់ទាំងអស់ ពេលមនុស្សរត់ចេញអស់៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

