34.5 C
Phnom Penh

រាជរដ្ឋាភិបាល​កម្ពុជា បញ្ជា​ឱ្យ​ផ្អាក​លក់​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន​អតីត​អ្នកឧកញ៉ា ចេន ហ្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា បិទ​ធនាគារ ព្រីនស៍ (Prince Bank) នៃ​ក្រុមហ៊ុន​សម្ពន្ធ ព្រីនស៍ គ្រុប (Prince Group) គ្រប់គ្រង​ដោយ​ឧកញ៉ា ចេន ហ្ស៊ី រាជរដ្ឋាភិបាល​ផ្អាក​ការ​ដាក់​លក់​អចលនទ្រព្យ​ប្រណីតៗ​ជា​របស់​ឧក្រិដ្ឋជន​រូប​នេះ​បណ្ដោះអាសន្ន។

ក្រោយពី​ចាប់​ខ្លួន​លោក ចេន ហ្ស៊ី បញ្ជូន​ទៅ​ស្រុក​ចិន ដោយ​មិន​បាន​ឆ្លងកាត់​ប្រព័ន្ធ​តុលាការ​ស្រុក​ខ្មែរ អាជ្ញាធរ​អាមេរិកាំង អឺរ៉ុប និង​អាស៊ី បាន​ព្យាយាម​រឹបអូស​ទ្រព្យសម្បត្តិ​នៅ​តាម​ប្រទេស​រៀងៗ​ខ្លួន។

ទីភ្នាក់ងារ​ព័ត៌មាន អាអែហ្វប៉េ (AFP) ផ្សាយ​ថ្ងៃទី​១៣ ខែ​មករា ថា ខុនដូ​ប្រណីត​ក្នុង​រាជធានី​ភ្នំពេញ​ឈ្មោះ Pinnacle Residence Condominiums មាន​រហស្សនាម​ទីប្រជុំជន​សុភមង្គល​អ្នកអង្គម្ចាស់ Prince Happiness Plaza បាន​បិទ​ទ្វារ​ហើយ។ សាងសង់​រួច​ក្នុង​ឆ្នាំ​២០២៤ អគារ ៤៧​ជាន់​ជា​ផ្ទះ​រស់នៅ និង​ជា​ហាង​បើក​របរ​អាជីវកម្ម ៧៥% នៃ​ចំនួន ១៨០០​ខណ្ឌ បាន​លក់​ផុត​ទៅ​ហើយ។

តាម​ប្រភព​ផ្សេងៗ​ឯទៀត ចេន ហ្ស៊ី មាន​ទុន​ដាក់​ធ្វើ​អាជីវកម្ម​ជាច្រើន​យ៉ាង​ក្នុង​ស្រុក​ខ្មែរ​ប្រមាណ ២​ពាន់​លាន​ដុល្លារ។ ក្នុង​ចំនួន​សំណង់​អចលន​សម្បត្តិ ទីតាំង​ប្រើ​ជា​បណ្ដុំ​ឆបោក​មាន ១០​អគារ​ទូទាំង​ស្រុក​ខ្មែរ មាន​អគារ​ឈ្មោះ Golden Fortune, ជីនប៉ី (Jinbei) ក្រុមហ៊ុន​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​មាន​ភាគហ៊ុន និង Mango Park សណ្ឋាគារ​ផ្កាយ​៥ នៅ​ក្រុង​ព្រះសីហនុ និង​គម្រោង​អភិវឌ្ឍន៍​ជិត​ក្រុង​ព្រះសីហនុ ហៅថា Bay of Lights ឬ​ឆក​ពន្លឺ មាន​តម្លៃ ១៦​ពាន់​លាន​ដុល្លារ។

រីឯ​នៅ​ប្រទេស​អង់គ្លេស អាជ្ញាធរ​បាន​រឹបអូស​វិមាន​ប្រណីត​តម្លៃ​ជិត ១៦​លាន​ដុល្លារ និង​អគារ​ការិយាល័យ​តម្លៃ ១៣០​លាន​ដុល្លារ។ នៅ​សិង្ហបុរី អាជ្ញាធរ​រឹបអូស​ទ្រព្យសម្បត្តិ​សរុប រួម​ទាំង​កាណូត​ប្រណីត ១​គ្រឿង រថយន្ត​ប្រណីត ១១​គ្រឿង អគារ​១១ មាន​តម្លៃ ១១៥​លាន​ដុល្លារ។ នៅ​តៃវ៉ាន់ អាជ្ញាធរ​រឹបអូស​អគារ​ផ្ទះ​ឈ្នួល ១១ អគារ​ប្រណីត ១៨ ចំណត​រថយន្ត​ក្នុង​តំបន់​អ្នក​មាន ៤៨ និង​រថយន្ត​ប្រណីត ២៦​គ្រឿង គិត​ជា​តម្លៃ​ស្មើ​នឹង ១៤៧​លាន​ដុល្លារ។

ទាក់ទង​នឹង​របរ​ទុច្ចរិត​ឆបោក​ដោយឡែក​វិញ នៅ​ប្រទេស​ថៃឡង់ដ៍ ប៉ូលិស​បាន​ចាប់​ខ្លួន​បុរស​មេខ្លោង​ឆបោក​ម្នាក់​ជនជាតិ​ចិន អាយុ ៤១​ឆ្នាំ ក្លែង​អត្តសញ្ញាណ​កាន់​លិខិត​ឆ្លងដែន​ប្រទេស​ដូមីនីកាំង ឈ្មោះ Jack Yang ដែល​បាន​ឆបោក​ប្រាក់​ពី​ជនជាតិ​ចិន។

តាម​កាសែត បាងកក​ប៉ុស្តិ៍ ផ្សាយ​ថ្ងៃទី​១៣ ខែ​មករា នេះ ឈ្មោះ Jack Yang បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គេច​ពី​ច្បាប់ ទៅ​បោះ​ទីតាំង​លាក់​ខ្លួន​ឆបោក​នៅ​ស្រុក​បាងឡាមុង ខេត្ត​ឈុនបុរី ហើយ​បោក​ជនរងគ្រោះ​បាន​ប្រាក់​ជិត ២៦​លាន​ដុល្លារ​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​ធ្វើ​ប្រតិបត្តិការ​ជាមួយ​នឹង​ដៃជើង​បក្សពួក​ជាង ៣០០​នាក់​ពី​ស្រុក​ចិន ដល់​ស្រុក​ហ្វីលីពីន ដល់​ស្រុក​ថៃ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស