33.8 C
Phnom Penh

ក្រៅពី​ស្នើសុំ​ស៊ុយអែត និង​អាមេរិក​ឈប់​លក់​សព្វាវុធ​ឱ្យ​ទៅ​ថៃ បក្ស​ជំនាន់​ថ្មី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពង្រឹង​វិស័យ​ការពារ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​បក្ស​ជំនាន់​ថ្មី ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គិតគូរ​ពី​ការ​អភិវឌ្ឍ​វិស័យ​ការពារ​ជាតិ​ឱ្យ​បាន​រឹងមាំ និង​ឆាប់​រហ័ស​បំផុត នៅ​ពេល​ដែល​ប្រទេស​ផលិត​អាវុធ ដូចជា​ប្រទេស​ស៊ុយអែត ជាដើម នៅតែ​បន្ត​លក់​សព្វាវុធ​ឱ្យ​ប្រទេស​ថៃ យក​មក​ប្រើប្រាស់​ដើម្បី​ឈ្លានពាន​កម្ពុជា​ទៀត​នោះ។

គួរ​បញ្ជាក់​ថា ប្រទេស​ណា​ក៏ដោយ គេ​ចំណាយ​ថវិកា​ទិញ​អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​គេ​ជា​អាទិភាព។ រីឯ​ប្រទេស​ផលិត​អាវុធ​យុទ្ធភណ្ឌ​ធ្វើ​សង្គ្រាម ក៏​មិនមែន​ផលិត​ដាក់​តាំង​ទុក​មើល​ដែរ គឺ​គេ​ធ្វើ​លក់ បើ​ប្រទេស​ណា​ចង់បាន គេ​លក់​ឲ្យ ដោយ​ពិចារណា​លើ​ទំនាក់ទំនង​គ្នា តើ​ជា​មិត្ត ជា​សម្ពន្ធមិត្ត ជា​ដៃគូ​យុទ្ធសាស្ត្រ ឬ​ជា​ប្រទេស​អ្នក​ទិញ​ធម្មតា ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ​ផ្សេងៗ។

ប្រទេស​ស៊ុយអែត ដែល​ផលិត​យន្តហោះ​ចម្បាំង​ធុន​ស្រាល Gripen Jas 39 ដោយ​រោងចក្រ​ឧស្សាហកម្ម SAAB ក៏​មិន​ខុស​ពី​ក្រុមហ៊ុន​ចិន នរិនកូ (NORINCO), ឥណ្ឌា, អាមេរិកាំង Boeing, Northrop, Grumman, រុស្ស៊ី ឬ​ក្រុមហ៊ុន​អង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី និង​ឆេក នោះ​ដែរ។ កងទ័ព​ខ្មែរ​ក៏​ទិញ​ពី​ចិន ក្នុង​បំណង​ដូច​គ្នា​ដែរ។

លោក មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់​ថ្មី ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មករា នេះ ដោយ​អះអាង​ថា ឆ្លងកាត់​សង្គ្រាម​ដែល​លោក​ថា​ថៃ​ឈ្លានពាន​លើ​ប្រទេស​កម្ពុជា​ទាំង​ពីរ​លើក​កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​គួរតែ​ដឹង​ច្បាស់​ដោយ​ខ្លួនឯង​ហើយ​ថា ដើម្បី​ធានា​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​រឹងមាំ​យូរអង្វែង ត្រូវការ​កែសម្រួល​អ្វី​ខ្លះ ជាពិសេស​វិស័យ​កងទ័ព និង​បញ្ហា​អំពើពុករលួយ ជាដើម។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ក្នុង​ពេល​ដែល​លោក​ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​វិស័យ​យោធា​កម្ពុជា លោក​ក៏បាន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ស៊ុយអែត និង​អាមេរិក រួច​ហើយ​ដែរ ដើម្បី​ស្នើសុំ​ឈប់​ផ្ដល់​អាវុធ​ឲ្យ​ថៃ បន្ត​ទៅ​ទៀត រហូត​ដល់​មាន​ការ​ស៊ើបអង្កេត​ពេញលេញ​ពី​អន្តរជាតិ​ជុំវិញ​សង្គ្រាម​ដែល​ថា​ថៃ​បាន​ឈ្លានពាន​កម្ពុជា​នោះ។

ប្រធាន​គណបក្ស​ជំនាន់​ថ្មី​រូប​នេះ ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​សម្លឹង​មើល​ឱ្យ​បាន​វែងឆ្ងាយ​ពី​អនាគត​ជាតិ​កម្ពុជា ថា​តើ​មហាអំណាច​មួយ​ណា​ដែល​គួរតែ​ជ្រើសរើស​ធ្វើ​ជា​សម្ពន្ធមិត្ត​របស់​ខ្លួន ជាពិសេស​ពិនិត្យ​មើល​បទពិសោធ​សង្គ្រាម ២១​ថ្ងៃ​ជាមួយ​ថៃ ថា​តើ​មហាអំណាច​មួយ​ណា​ដែល​ខ្នះខ្នែង​ជួយ​ប្រទេស​កម្ពុជា។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​បក្ស​ជំនាន់​ថ្មី​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ស៊ុយអែត ស្នើសុំ​បញ្ឈប់​ផ្តល់​អាវុធ​ឲ្យ​ថៃ ដើម្បី​កុំ​ឱ្យ​ពួកគេ​ប្រើ​អាវុធ​ស៊ុយអែត វាយប្រហារ​ប្រទេស​កម្ពុជា​លើក​ក្រោយ​ទៀត។

កាលពី​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២៦ គណបក្ស​ជំនាន់​ថ្មី បាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​អាមេរិក និង​រដ្ឋសភា​ស៊ុយអែត ដោយ​ស្នើ​ឲ្យ​ឈប់​ផ្ដល់​អាវុធ​ឲ្យ​ប្រទេស​ថៃ និង​បិទ​មុខងារ​បច្ចេកទេស​យន្តហោះ​ចម្បាំង​ម៉ាក Gripen ជាបន្ទាន់​ផង​ដែរ។

គណបក្ស​ជំនាន់​ថ្មី បាន​លើកឡើង​នូវ​លក្ខខណ្ឌ​ចំនួន​៤ ក្នុង​ញត្តិ​នេះ ដោយ​ស្នើ​ឱ្យ​ប្រទេស​ស៊ុយអែត បិទ​មុខងារ​បច្ចេកទេស​យន្តហោះ​ចម្បាំង Gripen ដែល​កងទ័ព​ថៃ បាន​ប្រើប្រាស់​ឈ្លានពាន​កម្ពុជា និង​ទប់ស្កាត់​អវិសមភាព​យោធា​ផង​ដែរ ព្រោះ​សង្គ្រាម​ដែល​ថៃ ឈ្លានពាន​កម្ពុជា ថៃ​បាន​ប្រើ​យន្តហោះ​ចម្បាំង Gripen វាយប្រហារ ទាំង​ដែល​កម្ពុជា​គ្មាន​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​ផង​នោះ។

ចំណុច​នេះ លោក​មិន​បាន​ពិនិត្យ​សមត្ថភាព​ទ័ព​អាកាស​ខ្មែរ ដែល​ប្រើ​យន្តហោះ មិក-១៧, មិក-១៩, មិក-២១ និង​ឧទ្ធម្ភាគចក្រ HIND Gunship នោះ​ទេ ដែល​គេ​តែង​ចោទ​សួរ​ថា មូលហេតុ​អ្វី​បាន​ជា​ទ័ព​អាកាស​ខ្មែរ​មិន​ប្រើ​យន្តហោះ​ទាំងនោះ? តើ​យន្តហោះ​ទាំងនោះ​ចត​នៅ​ឯណា?

ជាង​នេះ​ទៀត បក្ស​ជំនាន់​ថ្មី ក៏បាន​ស្នើ​ឱ្យ​បិទ​ការ​លក់ និង​បញ្ឈប់​ការ​ផ្តល់​ការ​ថែទាំ​នានា រួម​ទាំង​ផ្នែក​បច្ចេកទេស និង​ការ​ហាមឃាត់​ការ​លក់​យន្តហោះ​ចម្បាំង ឬ​ដ្រូន​បន្ថែម​ទៀត​ឱ្យ​យោធា​ថៃ ផង​ដែរ ព្រោះ​ប្រទេស​ស៊ុយអែត មិន​គួរ​ជាប់​ឈ្មោះ​ជា​ចំណែក​នៃ​អំពើ​រំលោភ​ច្បាប់​តាមរយៈ​ការ​ផ្ដល់​អាវុធ​ដល់​ភាគី​ឈ្លានពាន​កម្ពុជា​ឡើយ។

ទាក់ទង​នឹង​ចំណុច​នេះ លោក សុខ សុគន្ធ អ្នកវិភាគ​ស្ថានការណ៍​ស្រុក​ខ្មែរ​តាម​បណ្ដាញ​សង្គម ធ្លាប់​បាន​អធិប្បាយ​ថា គ្មាន​ប្រទេស​ឧស្សាហកម្ម​ផលិត​គ្រឿង​សព្វាវុធ​ចម្បាំង លក់​អាវុធ​ខ្លួន​ឲ្យ​ទៅ​ដើរ​ឈ្លានពាន​គេ​នោះ​ទេ គេ​ប្រើ​សម្រាប់​ការពារ​ខ្លួន។

គណបក្ស​ជំនាន់​ថ្មី ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​ស៊ុយអែត ស៊ើបអង្កេត​ការ​ផ្ទុះ​សង្គ្រាម​នេះ ដោយ​ផ្អែកលើ​សន្ធិសញ្ញា​ប្រវត្តិសាស្ត្រ ដូចជា សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ក្រោម​មូលដ្ឋាន​ច្បាប់​អន្តរជាតិ។

សង្គ្រាម​កម្ពុជា-ថៃ ទាំង​ពីរ​លើក​មាន​រយៈពេល ២៦​ថ្ងៃ ខណៈ​កងទ័ព​ថៃ បាន​ប្រើ​យន្តហោះ​ចម្បាំង​គ្រប់​ប្រភេទ​ដែល​ខ្លួន​មាន វាយប្រហារ​លើ​កម្ពុជា ក្នុង​នោះ​ក៏​មាន​យន្តហោះ​ចម្បាំង​ម៉ាក Gripen របស់​ប្រទេស​ស៊ុយអែត ផង​ដែរ ដើម្បី​ទម្លាក់​គ្រាប់បែក​ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា​រាប់​សិប​គីឡូម៉ែត្រ។

យោង​តាម​គេហទំព័រ Smallarmsurvey បង្ហាញ​ថា ប្រទេស​ថៃ មាន​យន្តហោះ​ចម្បាំង​ដូចជា៖

  • ប្រភេទ T-50TH ទិញ​ពី​ប្រទេស​កូរ៉េខាងត្បូង ចំនួន ១៤​គ្រឿង
  • យន្តហោះ​ចម្បាំង​ប្រភេទ F-16 ទិញ​ពី​សហរដ្ឋ​អាមេរិក ចន្លោះ​ពី ៤៧ ដល់ ៥៤​គ្រឿង
  • យន្តហោះ​ចម្បាំង​ម៉ាក Gripen ចន្លោះ​ពី ៧ ដល់ ១១​គ្រឿង
  • យន្តហោះ​ចម្បាំង​ប្រភេទ Northrop F-5 Tiger II ចំនួន ១១​គ្រឿង
  • និង​យន្តហោះ​ម៉ាក Dassault/Dornier Alpha Jet A ចំនួន ១៨​គ្រឿង​ផង​ដែរ។

កាលពី​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៥ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក ខេស៊ី បាណែត បាន​អះអាង​ថា យោធា​ថៃ បាន​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា ចម្ងាយ ៩៨​គីឡូម៉ែត្រ ក្បែរ​តំបន់​ទេសចរណ៍​ភ្នំ​សំពៅ ខេត្ត​បាត់ដំបង។

ចំណែកឯ​ទូរទស្សន៍​ថៃ Thai PBS បាន​រាយការណ៍​ថា ថៃ​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​ឃ្លាំង​លាក់​អាវុធ​នៅ​តំបន់​ព្រំដែន​ដាច់ស្រយាល​នៃ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៥ ឃ្លាំង​លាក់​អាវុធ​ក្នុង​កាស៊ីណូ​របស់​ឧកញ៉ា​ស្តេច​គ្រញូង ទ្រី ភាព នៅ​ថ្មដា ខេត្ត​ពោធិ៍សាត់៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស