27.5 C
Phnom Penh

បណ្ឌិត ឥន សុផល រៀបរាប់​ពី​ឯកសារ​អន្តរជាតិ​កត់ត្រា​រឿងរ៉ាវ​ទាហាន​ថៃ សម្លាប់​ជនភៀសខ្លួន​ខ្មែរ​នៅ​ភ្នំ​ខ្មោច​កាលពី​៤៧​ឆ្នាំ​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ ព្រមាន​ថា ឯកសារ​អន្តរជាតិ​ដែល​កត់ត្រា​រឿងរ៉ាវ​របស់​ទាហាន​ថៃ បាន​សម្លាប់​ជនភៀសខ្លួន​ខ្មែរ​នៅ​ភ្នំ​ខ្មោច ដែល​កំពុង​ត្រូវ​បាន​ចងក្រង​ជា​សៀវភៅ​អំពី​ឧក្រិដ្ឋកម្ម​នេះ គឺជា​ភស្តុតាង​យ៉ាង​ច្បាស់ ខណៈ​រឿង​ឧក្រិដ្ឋ​នេះ​ទើប​តែ​កន្លង​ផុត ៤៧​ឆ្នាំ។

អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ឥន សុផល សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ មករា នេះ​ថា ជនភៀសខ្លួន​ខ្មែរ​ដែល​ត្រូវ​បាន​ទាហាន​ថៃ ចាប់​បង្ខំ​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ ចន្លោះ​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​១៩៧៩ គឺ​មាន​ចំនួន​ចន្លោះ​ពី ៤០០០០​នាក់​ទៅ ៥០០០០​នាក់។

លោក​ថា មាន​ពលរដ្ឋ​ខ្មែរ​ភៀសខ្លួន​ជាច្រើន​ព្យាយាម​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​តាម​ទាហាន​ថៃ បង្ខំ និង​បាន​ជាន់​មីន​ស្លាប់​ពាសពេញ​ព្រៃ ហើយ​ថែមទាំង​ត្រូវ​បាន​ទាហាន​ថៃ បាញ់​សម្លាប់​រាប់​ពាន់​នាក់​ថែមទៀត បន្ទាប់ពី​ពួកគេ​ព្យាយាម​ដើរ​ត្រឡប់​ក្រោយ​វិញ។

លោក​ថា ផ្អែក​តាម​លិខិត​កាកបាទក្រហម​អន្តរជាតិ (ICRC) ចុះ​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​១៩៧៩ ផ្ញើ​ទៅ​ទីក្រុង​ហ្សឺណែវ ស្ដីពី​ទាហាន​ថៃ បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​ដោយ​បង្ខំ​ឱ្យ​ដើរ​កាត់​ចម្ការ​មីន និង​ត្រូវ​បាន​បាញ់​សម្លាប់ គឺ​មាន​ចំនួន​ជាង ៤​ម៉ឺន​នាក់ (៤០០០០​នាក់)។

ជាង​នេះ​ទៀត បើ​យោង​តាម​អ្នកកាសែត​ជនជាតិ​អង់គ្លេស លោក William Shawcross បាន​បញ្ជាក់​ថា មាន​ជនភៀសខ្លួន​ខ្មែរ​ប្រហែលជា ៥​ម៉ឺន​នាក់ (៥០០០០​នាក់) ត្រូវ​បាន​ចាប់​បង្ខំ​បណ្ដេញ​ឱ្យ​ពួកគេ​ចេញ​ដោយ​ភ្ជង់​កាំភ្លើង និង​បាញ់​ទម្លាក់​ពី​លើ​ច្រាំង​ថ្ម​ចោត និង​បង្ខំ​ឱ្យ​ដើរ​កាត់​ចម្ការ​មីន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា វិញ ដោយ​បង្អត់​ទឹក និង​អាហារ​យ៉ាង​ព្រៃផ្សៃ។

អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​លើកឡើង​ថា សូម្បី​ឯកអគ្គរដ្ឋទូត​អាម៉េរិក លោក Morton Abramowitz ក៏បាន​ផ្សព្វផ្សាយ​លិខិត​ថា មាន​ជនរងគ្រោះ​កំពុង​ជាប់​នៅ​ជើងភ្នំ​ដែរ ដោយ​បញ្ជាក់​ថា ជនភៀសខ្លួន​ដែល​នៅ​រស់​ពី​ការ​សម្លាប់​របស់​កងទ័ព​ថៃ ប្រហែលជា ១​ពាន់​នាក់ (១០០០​នាក់) ប៉ុណ្ណោះ ក្នុង​នោះ​មាន​អ្នក​ខ្លះ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ព្រោះតែ​គ្មាន​អាហារ និង​ទឹក​រយៈពេល​ជាច្រើន​ថ្ងៃ។

ចំណែក​កំណត់ត្រា​របស់​សមាជិក​អង្គការ​សហប្រជាជាតិ​ដើម្បី​សិទ្ធិមនុស្ស (UNHCR) អ្នកស្រី Yvette Pierpaoli ដែល​ធ្លាប់​បាន​ជួយ​សង្គ្រោះ​ជនភៀសខ្លួន​ដោយ​ផ្ទាល់ បញ្ជាក់​ថា អ្នក​ដែល​នៅ​រស់​មាន​ចំនួន​ត្រឹមតែ​ជាង ៩០០​នាក់​ប៉ុណ្ណោះ (៩២២​នាក់)។

រីឯ​កំណត់ត្រា​របស់​កងទ័ព​វៀតណាម ដែល​បាន​ចូល​ទៅ​ជួយ​សង្គ្រោះ​ជនភៀសខ្លួន​ខ្មែរ​ជាប់​ក្នុង​ចម្ការ​មីន​នា​ពេល​នោះ បាន​សរសេរ​ថា ពួកគេ​បាន​ជួយ​ពលរដ្ឋ​ខ្មែរ​ភៀសសឹក​ទាំងនោះ​ចេញពី​ចម្ការ​មីន​ប្រមាណ​ជា ២០០០​នាក់​ទៅ ៣០០០​នាក់។

បណ្ឌិត ឥន សុផល អះអាង​ថា ក្នុង​សម័យ​នោះ ទាហាន​ថៃ បាន​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​ទៅ​សម្លាប់​នៅ​តំបន់​ភ្នំ​ខ្មោច ជាច្រើន​លើក​ច្រើនសា​តាំង​ពី​ខែ​មេសា ឆ្នាំ​១៩៧៩ មក ហើយ​បើ​សរុប​ជនភៀសខ្លួន​ខ្មែរ​ដែល​ត្រូវ​បាន​ទាហាន​ថៃ បញ្ជូន​ទៅ​ទីនោះ ស្លាប់​ប្រមាណ​ជា​ជិត ១០​ម៉ឺន​នាក់​ឯណោះ ខណៈ​ជនភៀសខ្លួន​ដែល​ទាហាន​ថៃ បញ្ជូន​មក​ប្រទេស​កម្ពុជា វិញ នៅ​រស់រាន​មាន​ជីវិត​យ៉ាង​ច្រើន​ត្រឹមតែ​ជាង ៤០០០​នាក់។

លោក​គូស​បញ្ជាក់​ថា ទង្វើ​ព្រៃផ្សៃ​របស់​ទាហាន​ថៃ ដែល​បាន​ប្រព្រឹត្ត​លើ​ជនភៀសខ្លួន​ខ្មែរ​បែប​នេះ គឺ​ដោយសារតែ​ពួកគេ​សងសឹក​គំនុំ​ដែល​ប្រទេស​ថៃ ចាញ់​ក្តី​ប្រាសាទ​ព្រះវិហារ​ជាមួយ​នឹង​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​១៩៦២ កន្លង​ទៅ ព្រោះ​ក្រោយ​ពេល​សម្លាប់​ជនភៀសខ្លួន​ខ្មែរ​អស់​ជាង ៥​ម៉ឺន​នាក់​នៅ​តំបន់​នោះ ទាហាន​ថៃ ធ្លាប់​និយាយ​ថា នេះ​គឺជា​ការ​សង​គំនុំ​ឈាម​របស់​ជនជាតិ​ថៃ ដែល​ឈឺចាប់​រឿង​ប្រាសាទ​ព្រះវិហារ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កាសែត​ថៃ បាន​ច្រានចោល​ខ្សែភាពយន្ត​កម្ពុជា ដែល​លាតត្រដាង​ពី​ប្រវត្តិ​ជនភៀសខ្លួន​ត្រូវ​ទាហាន​ថៃ សម្លាប់​នៅ​ភ្នំ​ខ្មោច កាលពី​ជាង ៤០​ឆ្នាំ​មុន​នោះ។

កាលពី​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៦ កាសែត​ថៃ ខៅស៊ុត បាន​រាយការណ៍​ថា ប្រទេស​ថៃ បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​ពណ៌នា​អំពី​ប្រទេស​ថៃ នៅ​ក្នុង​ខ្សែភាពយន្ត​កម្ពុជា ស្ដីពី ភ្នំ​ខ្មោច ឬ​វាល​ពិឃាត​ទី​ពីរ។

ប្រភព​ដដែល​អះអាង​ថា ខ្សែភាពយន្ត​នេះ គឺជា​ស្នាដៃ​ច្នៃប្រឌិត​ដែល​មិន​គួរ​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ខូច​ប្រវត្តិសាស្ត្រ ឬ​ញុះញង់​ឱ្យ​មាន​ការ​ស្អប់ខ្ពើម​មក​លើ​ប្រទេស​ថៃ ឡើយ។

យ៉ាងណាក៏ដោយ កាសែត​ថៃ ដដែល​នេះ កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៥ កន្លង​ទៅ បាន​ចុះផ្សាយ​ពី​ប្រវត្តិ​ជនភៀសខ្លួន​ខ្មែរ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដែល​ត្រូវ​កងទ័ព​ថៃ បាញ់​សម្លាប់​ដោយ​ដាក់​ចំណងជើង​ថា ទំនាក់ទំនង​ដ៏​ខ្មៅ​ងងឹត​រវាង​កម្ពុជា-ថៃ (HOW DARK IS THE DARK-SIDE OF THAILAND-CAMBODIAN RELATIONS)។

កាសែត ខៅស៊ុត ថា​ការ​រំឭក​ឡើងវិញ​ពី​អំពើ​ឃោរឃៅ​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ភ្នំ​ខ្មោច​របស់​កងទ័ព​ថៃ លើ​ពលរដ្ឋ​ខ្មែរ​ភៀសខ្លួន​ក្រោយ​ដួល​រលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត គឺជា​ភាព​អាម៉ាស់​បំផុត​សម្រាប់​រដ្ឋ​ថៃ ខណៈ​ពលរដ្ឋ​ថៃ ជំនាន់​ក្រោយ​ពិត​ជា​មិន​បាន​ដឹង​ពី​អំពើ​ឃោរឃៅ​របស់​រដ្ឋាភិបាល​ខ្លួន​ឡើយ។

កាសែត​ដដែល​នេះ​បញ្ជាក់​ថា មាន​ពលរដ្ឋ​ខ្មែរ​ជាង ៤​ម៉ឺន​នាក់ (៤២០០០​នាក់) ត្រូវ​បាន​កងទ័ព​ថៃ ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ព្រំដែន និង​ប្រើ​កាំភ្លើង​បាញ់​រះ​ទៅ​លើ​ពួកគេ ដើម្បី​បង្ខំ​ឱ្យ​អ្នក​ទាំងនោះ​ឆ្លងដែន​ចូល​ទៅ​ក្នុង​ទឹកដី​ខ្មែរ​វិញ​ដោយ​ដើរ​កាត់​តាម​ចម្ការ​មីន។

ប្រភព​ដដែល​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ពេលនោះ​ត្រូវ​បាន​សម្លាប់​ដោយ​ការ​បាញ់​រះ​របស់​កងទ័ព​ថៃ ផង សម្លាប់​ដោយ​គ្រាប់មីន​ផង និង​ស្លាប់​ដោយសារ​អត់​អាហារ​ផង​ដែរ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស