32.1 C
Phnom Penh

បាតុករ​អ៊ីរ៉ង់ ស្លាប់ ១៦៥០០​នាក់ រង​របួស ៣៣​ម៉ឺន​នាក់ និង​ពិការ​ភ្នែក ១០០០​នាក់​ក្នុង​កុបកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​ពី​មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់ និង​ចុះផ្សាយ​ដោយ​សារព័ត៌មាន The Sun times បាន​ឱ្យ​ដឹង​ថា បាតុករ​អ៊ីរ៉ង់ យ៉ាងតិច ១៦៥០០​នាក់​បាន​បាត់បង់​ជីវិត រង​របួស ៣៣​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​បាតុករ​ដែល​បាន​ខ្វាក់​ភ្នែក​មាន​ចំនួន ១​ពាន់​នាក់។

នៅ​ខណៈ​នេះ មន្ទីរពេទ្យ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា កំពុង​ខ្វះ​ឈាម​ដើម្បី​ជួយ​សង្គ្រោះ​អ្នក​រង​របួស​ដែល​ត្រូវ​ព្យាបាល​ភ្លាមៗ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​វា​ជា​រឿង​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក​រង​របួស​ក្នុង​អំឡុង​ពេល​ការ​ផ្ទុះ​បាតុកម្ម ដែល​អាច​នាំ​ពួកគេ​ងាយ​នឹង​ឈាន​ទៅ​រក​ការ​បាត់បង់​ជីវិត។

នៅ​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់ ខណៈ​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ដោយសារតែ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ចូល​ទៅ​ចាប់​ខ្លួន​បាតុករ​ទាំង​ដែល​ពួកគេ​កំពុង​រង​របួស​ធ្ងន់ យក​ទៅ​ឃុំឃាំង និង​ធ្វើការ​កាត់ទោស។

អ្នក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​អ៊ីរ៉ង់ មាន​មូលដ្ឋាន​នៅ​ន័រវែស ក៏បាន​ឱ្យ​ដឹង​ថា ស្ទើរតែ​ទូទាំង​ប្រទេស មន្ទីរពេទ្យ​ភាគច្រើន រួម​ទាំង​នៅ​រដ្ឋធានី​តេហេរ៉ង់ កំពុង​ប្រឈមមុខ​នឹង​ការ​បិទ​ទ្វារ ដោយ​ពួកគេ​នឹង​មិន​ទទួលយក​អ្នក​រង​របួស​មក​ធ្វើការ​ព្យាបាល​ទៀត​ហើយ ដោយសារតែ​ការ​ភ័យខ្លាច​កង​ឆ្មាំ​សន្តិសុខ​ចូល​ទៅ​ធ្វើការ​អុកឡុក​ប៉ះពាល់​ដល់​បុគ្គលិក​របស់​មន្ទីរពេទ្យ។

អំឡុង​បះបោរ ២២​ថ្ងៃ ប្រជាពលរដ្ឋ​អ៊ីរ៉ង់ ប្រមាណ ៦​លាន​នាក់​នៅ​ទូទាំង​ប្រទេស ចូលរួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ខ្លួន ដែល​ពួកគេ​ក៏​ត្រូវ​បាន​រង​ការ​បង្ក្រាប​ដោយ​ការ​សម្លាប់​របស់​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម ត្រូវ​បាន​គេ​ដឹង​ថា​វា​ជា​មហា​បាតុកម្ម​ដែល​មាន​លក្ខណៈ​សាហាវ​ព្រៃផ្សៃ​មិន​ធ្លាប់​មាន​ក្នុង​ស្ថានភាព​អ៊ីរ៉ង់ ជា​ប្រទេស​មួយ​ដែល​បាន​ជួបប្រទះ​នឹង​ការ​ផ្ទុះ​បាតុកម្ម​ញឹកញាប់​មក​ហើយ។

ជាមួយ​គ្នា​នេះ អគ្គស្នងការ​នគរបាល​នៃ​ប្រទេស​អ៊ីរ៉ង់ បាន​កំណត់​ឱសានវាទ​រយៈពេល ៣​ថ្ងៃ​ចំពោះ​ប្រជាជន​អ៊ីរ៉ង់​ទាំងឡាយ​ដែល​បាន​ចូលរួម​បាតុកម្ម​កន្លង​មក​នេះ ឱ្យ​ចូល​សារភាព​នៅ​ចំពោះមុខ​អាជ្ញាធរ បើ​ពុំ​នោះ​ទេ អាជ្ញាធរ​នឹង​ចុះ​ចាប់​ខ្លួន​នៅ​ភូមិ និង​ផ្ទះ​ពួកគេ។

បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន The Times of Israel ឧត្ដមសេនីយ៍ Ahmad -Reza Radan អគ្គមេបញ្ជាការ​ប៉ូលិស​ជាតិ​នៃ​សាធារណរដ្ឋ​អ៊ីរ៉ង់ បាន​ចេញ​នូវ​សារ​ព្រមាន​ទៅ​កាន់​ពលរដ្ឋ​ខ្លួន​ថា ត្រូវ​បង្ហាញ​ភាព​ស្មោះត្រង់​ចំពោះ​រដ្ឋាភិបាល​ចាប់ពី​ពេលនេះ​តទៅ ដោយ​មិន​ត្រូវ​ធ្វើ​ចលនា​ផ្ទុះ​ការ​ប្រឆាំង​បះបោរ​នឹង​រដ្ឋាភិបាល​ទៀត​នោះ​ទេ ដោយ​ព្រមាន​ថា ពលរដ្ឋ​ណា ឬ​ក្រុម​ណា​ផ្តើម​គំនិត​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​របស់​ខ្លួន បន្ទាប់ពី​ផុត​កំណត់​ក្នុង​រយៈពេល ៣​ថ្ងៃ​ដោយ​រាប់​បញ្ចូល​ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២២ មករា ពលរដ្ឋ​ទាំងនោះ​នឹង​ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន ព្រោះ​ពួកគេ​បាន​បង្ក​ឱ្យ​មាន​រលក​នៃ​ភាព​ចលាចល​ម្តង​ទៀត។

តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន The Times of Israel បាន​ចុះផ្សាយ​ថា​បាតុកម្ម​នៅតែ​បន្ត​ផ្ទុះ​ឡើង ប៉ុន្តែ​ពុំ​មាន​ទ្រង់ទ្រាយ​ធំ និង​ហិង្សា​ទៀត​នោះ​ទេ ដែល​វា​គ្រាន់តែ​ជា​ការ​ប្រមូលផ្ដុំ​គ្នា​របស់​ប្រជាជន ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ក៏ដូចជា​ការ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​មក​លើ​បាតុករ។

បើ​តាម​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​អ៊ីរ៉ង់ រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ប្រជាជន​ទាំងឡាយ​ណា​ដែល​មិន​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​កុបកម្ម នោះ​ពួកគេ​មិន​ត្រូវ​បាន​ចាត់ទុក​ថា​ជា​សត្រូវ​របស់​កងទ័ព ឬ​សត្រូវ​នឹង​រដ្ឋាភិបាល​នោះ​ទេ ខណៈ​ពួកគេ​ត្រូវ​ទទួល​បាន​ការ​កោតសរសើរ និង​ចាត់ទុក​ថា​ជា​ពលរដ្ឋ​ដែល​មាន​ភាព​ស្មោះត្រង់​នឹង​រដ្ឋាភិបាល និង​ប្រទេស​ជាតិ​របស់​ខ្លួន​ឯង។

ពួក​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​លើកឡើង​ថា ដំបូង​ឡើយ​ការ​ផ្ទុះ​ឡើង​បាតុកម្ម​ក្នុង​ប្រទេស​អ៊ីរ៉ង់ ត្រូវ​បាន​ធ្វើឡើង​ដោយ​សន្តិវិធី​តែប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក បាតុកម្ម​បាន​ប្រែ​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា​យ៉ាង​កំរោល ដោយ​មាន​ការ​វាយ​បាតុករ​ផ្ដើម​វាយប្រហារ​ទៅ​លើ​ស្ថាប័ន​ជាតិ​របស់​អ៊ីរ៉ង់ បន្ទាប់ពី​បាតុករ​ទាំងនេះ​បាន​ទទួល​យក​គំនិត និង​ការ​លើក​ទឹកចិត្ត​ពី​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu។

កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​ប្រទេស​អ៊ីរ៉ង់ Masoud Pezheskian ប្រាប់​អ្នកកាសែត​លោកខាងលិច​ផ្សាយ​ក្នុង​ទូរទស្សន៍​បារាំង France 24 ថា ពលរដ្ឋ​អ៊ីរ៉ង់ ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ដែល​រដ្ឋធម្មនុញ្ញ​អនុញ្ញាត ប៉ុន្តែ​បាតុកម្ម​អហិង្សា​បាន​ក្លាយ​ជា​បាតុកម្ម​ហិង្សា ក្លាយ​ជា​កុបកម្ម ដោយ​មាន​ការ​បញ្ឆេះ​ពី​ខាង​ក្រៅ។

ប្រធានាធិបតី Masoud Pezheskian បាន​ដៅ​សហរដ្ឋ​អាមេរិក​តាមរយៈ​ការ​ថ្លែង​ជា​សាធារណៈ​ពី​លោក ត្រាំ អំពី​ការ​ដូរ​របប ហើយ​និង​ដៅ​នាយករដ្ឋមន្ត្រី​ប្រទេស​អ៊ីស្រាអែល Benjamin Netanyahu។ មេដឹកនាំ​អ៊ីរ៉ង់ លើក​ហេតុផល​ប្រាប់​ពិភពលោក​ថា អំពី​ឧក្រិដ្ឋកម្ម​ដុត​បំផ្លាញ​ព្រះវិហារ និង​ព្រះគម្ពីរ​កួរអាន ពុំ​មែន​អំពើ ឬ​ទង្វើ​អ្នក​កាន់​ជំនឿ​សាសនា​អ៊ីស្លាម​ជាដាច់ខាត ហើយ​ការ​ប៉ុនប៉ង​ណា​មួយ​ធ្វើ​ឃាត​មេដឹកនាំ​កំពូល Ayatollah Ali Khameini ជា​ការ​ប្រកាស​សង្គ្រាម​ជាមួយ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ទាំងមូល។

ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​ជាតិ​នៅ​មជ្ឈិមបូព៌ា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ទួរគីយី និង​ប៉ាគីស្ថាន កំពុង​ពិភាក្សា​ចង​សម្ពន្ធភាព​សន្តិសុខ​ជាតិ​ត្រីភាគី​ក្នុង​បែបបទ​ដូច​សម្ពន្ធភាព​នៅ​អឺរ៉ុប NATO៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស