ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាលើជម្រើសជាច្រើនប្រភេទប្រឆាំងនឹងរបបសាធារណរដ្ឋឥស្លាមិកអ៊ីរ៉ង់ ក្នុងនោះរួមមានទាំងជម្រើសការវាយប្រហារកំណត់គោលដៅលើកងកម្លាំងសន្តិសុខ និងមេដឹកនាំអ៊ីរ៉ង់ ដើម្បីលើកទឹកចិត្តដល់ក្រុមបាតុករឱ្យបះបោរជាថ្មីទាញទីក្រុងតេហេរ៉ង់ ធ្លាក់ក្នុងការគ្រប់គ្រងរបស់បាតុករ។
គំនិតនេះ ចេញមកស្របពេលក្រុមមន្ត្រីអ៊ីស្រាអែល យល់ថាការវាយប្រហារតាមផ្លូវអាកាសតែមួយគត់មិនអាចផ្ដួលរំលំរបបដឹកនាំទីក្រុងតេហេរ៉ង់ បានក៏ដោយ ត្រូវតែមានការផ្ទុះផ្ទៃក្នុងនៃប្រទេសអ៊ីរ៉ង់ ដូចជាការបះបោរពីពលរដ្ឋប្រឆាំងរបបផ្ដាច់ការនៅអ៊ីរ៉ង់។
តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា លោក ត្រាំ ចង់បង្កើតឱ្យមានលក្ខខណ្ឌដែលនាំទៅរកការផ្លាស់ប្ដូររបបដឹកនាំអ៊ីរ៉ង់ សព្វថ្ងៃ បន្ទាប់ពីកងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានបង្ក្រាបយ៉ាងសាហាវវាយប្រហារលើក្រុមបាតុករនៅទូទាំងប្រទេសកាលពីដើមខែមករា នេះ ដែលអង្គការសិទ្ធិមនុស្សអះអាងថាមានមនុស្សស្លាប់កើនពី ៣៦៥០០នាក់ទៅ ៤០០០០នាក់។
ដោយឡែកមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រី ២នាក់នៃសេតវិមាន បាននិយាយថា ជម្រើសដែលកំពុងស្ថិតនៅក្រោមការពិចារណារបស់ក្រុមមនុស្សជំនិតរបស់លោក ត្រាំ ដែរនោះ មានទាំងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ ដែលអាចបង្កផលប៉ះពាល់យូរអង្វែង តួយ៉ាងដូចជាការវាយប្រហារលើឃ្លាំងមីស៊ីលបាលិស្ទីកដែលអាចបាញ់ដល់សម្ពន្ធមិត្តសហរដ្ឋអាមេរិកទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា ឬក៏កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ប៉ុន្តែលោក ដូណាល់ ត្រាំ មិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយណាមួយ ថាតើគួរប្រើកម្លាំងយោធាលើអ៊ីរ៉ង់ ឬក៏យ៉ាងណានៅឡើយទេ ខណៈកងនាវាចម្បាំងសហរដ្ឋអាមេរិកដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយក្នុងសប្ដាហ៍នេះ។
ពលរដ្ឋអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមធ្វើកុបកម្មជាថ្មីទៀតហើយ ដោយចាប់ផ្ដើមពីការជុំគ្នាដោយហែក្បួនតវ៉ានៅទីក្រុងតេហេរ៉ង់ និងខេត្តភាគខាងលិចទាំងអស់កំពុងធ្វើការតវ៉ា។
យ៉ាងណា សារព័ត៌មានអន្តរជាតិ 19Fortyfive បានចេញផ្សាយនូវអត្ថបទមួយដែលទាក់ទងនឹងស្ថានការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់ ទៅនឹងការដួលរំលំជញ្ជាំងប៊ែរឡាំង អាល្លឺម៉ង់ នៅឆ្នាំ១៩៨៩ ដោយកម្លាំងប្រជាពលរដ្ឋ ខណៈប្រជាជនអាល្លឺម៉ង់ខាងកើត ដែលជារដ្ឋកុម្មុយនីស្តក្នុងប្លុកវ៉ាសូវី ក្រោមអតីតសហភាពសូវៀត រើបម្រះលែងរស់នៅក្រោមរបប ម៉ាក្សីស នៃរដ្ឋាភិបាលអាល្លឺម៉ង់ខាងកើត។
ភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃប្រទេសលោកខាងលិច បានរាយការណ៍ថា ស្នាមប្រេះបែកនៅក្នុងជួរកងកម្លាំងសន្តិសុខនៃប្រទេសអ៊ីរ៉ង់ កំពុងត្រូវបានមើលឃើញយ៉ាងច្បាស់ពីភាពផុយស្រួយនៃការដួលរលំរបបសាធារណរដ្ឋឥស្លាមិកអ៊ីរ៉ង់។
យោងតាមសេចក្តីរាយការណ៍ពីទីក្រុងធំៗក្នុងប្រទេសអ៊ីរ៉ង់ មន្ត្រីរាប់រយនាក់ត្រូវបានរាយការណ៍ថាបានរត់ចោលជួរពីអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម ដែលជាកម្លាំងគាំទ្រសំខាន់នៃរបបសាធារណរដ្ឋឥស្លាមិកអ៊ីរ៉ង់។
មនុស្សមួយចំនួនបានពិពណ៌នាអំពីការតវ៉ានៅអ៊ីរ៉ង់ ថាជាពេលវេលាដូចជាការដួលរលំនៃជញ្ជាំងប៊ែរឡាំងកាលពីឆ្នាំ១៩៨៩ និងមានការពិចារណាថា នេះអាចជាសករាជចុងក្រោយចំពោះរបប អាយ៉ាតូឡា។
របប អាយ៉ាតូឡា នៅអ៊ីរ៉ង់ កំពុងប្រឈមមុខនឹងការបែកបាក់ពីខាងក្នុង ដូចជាការដួលរលំជញ្ជាំង Berlin ក្នុងឆ្នាំ១៩៨៩។ នៅពេលនោះ ប្រជាជនអាល្លឺម៉ង់ភាគខាងកើត ចាប់ផ្តើមបះបោរ និងធ្វើបាតុកម្ម ដែលបាននាំឱ្យរបបកុម្មុយនីស្តចាប់ផ្ដើមចុះខ្សោយ និងមន្ត្រីខ្លះក៏បានចាកចេញពីប្រព័ន្ធរដ្ឋាភិបាល។
ចំពោះនៅអ៊ីរ៉ង់ វិញ កងកម្លាំងសន្តិសុខនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ មានមន្ត្រីច្រើនបានសុខចិត្តចាកចេញពីតួនាទីរបស់ខ្លួន និងចូលរួមចំណែកក្នុងការតវ៉ាជាមួយប្រជាពលរដ្ឋ ដែលករណីនេះក៏បានកើតឡើងផងដែរនៅពេលដែលប្រជាពលរដ្ឋអាល្លឺម៉ង់ភាគខាងកើត បានចូលរួមការតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ខ្លួន។
ក្នុងខណៈនេះ នៅក្នុងប្រទេសអ៊ីរ៉ង់ អ៊ីនធឺណិត និងទំនាក់ទំនងត្រូវបានកាត់ផ្ដាច់ ប៉ុន្តែប្រជាជននៅតែអាចផ្ញើព័ត៌មានទៅខាងក្រៅ ដែលជាការរកវិធីសាស្ត្របែកចេញពីការត្រួតត្រារបស់របបផ្ដាច់ការ អាយ៉ាតូឡា។
រយៈពេលចុងក្រោយនេះ អ្នកការទូត និងមន្ត្រីអ៊ីរ៉ង់មួយចំនួន បានស្វែងរកសិទ្ធិជ្រកកោន និងសរសើររាជទាយាទព្រះអង្គម្ចាស់ Reza Pahlavi ដែលអំពាវនាវឱ្យប្រជាជន និងមន្ត្រីចូលរួមក្នុងចលនាបះបោរ ដើម្បីស្ដារប្រជាធិបតេយ្យវិញ ហើយប្រជាជនអ៊ីរ៉ង់ កាន់តែច្រើនឡើងទោរទន់តាមរាជទាយាទ Reza Pahlavi។
ទាំងនេះគឺជាសញ្ញាដែលបង្ហាញថា របប អាយ៉ាតូឡា ប្រឈមមុខនឹងការចុះខ្សោយ និងអាចដួលរលំដូចសញ្ញានៃការដួលរលំជញ្ជាំងប៊ែរឡាំង ក្នុងឆ្នាំ១៩៨៩ បានបង្ហាញពីចុងបញ្ចប់នៃរបបកុម្មុយនីស្តនៅអាល្លឺម៉ង់ខាងកើត។
អតីតមន្ត្រីចារកម្មជាន់ខ្ពស់អាមេរិកាំង បានប្រាប់ 19FortyFive ថា ទាំងនេះគឺជាសញ្ញាក្នុងដង្ហើមចុងក្រោយនៃរបបសាធារណរដ្ឋឥស្លាមិកអ៊ីរ៉ង់។ រីឯមន្ត្រីជាន់ខ្ពស់ម្នាក់នៃរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ សុំមិនបញ្ចេញឈ្មោះ បានសរសើរសេចក្តីថ្លែងការណ៍របស់ព្រះអង្គម្ចាស់ Reza Pahlavi រាជទាយាទអ៊ីរ៉ង់ ដែលនៅក្រៅប្រទេស ដែលព្រះអង្គបានផ្ញើសារតាមវីដេអូទៅកាន់ប្រជាជនអ៊ីរ៉ង់ ឱ្យពិនិត្យឡើងវិញនៃការដួលរំលំជញ្ជាំងប៊ែរឡាំង និងការបញ្ចប់របបផ្ដាច់ការនៅរ៉ូម៉ានី ក្នុងឆ្នាំ១៩៨៩។
ព្រះអង្គម្ចាស់បានផ្ញើសារទៅកាន់ Ali Khamenei មេដឹកនាំរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដោយសរសេរថា៖ «អ្នកគឺជាឧក្រិដ្ឋជនប្រឆាំងអ៊ីរ៉ង់។ អ្នកមិនមានកិត្តិយស ឬតម្លៃជាមនុស្សជាតិទៀតទេ។ ដៃរបស់អ្នកប្រឡាក់ដោយឈាមរបស់ជនជាតិអ៊ីរ៉ង់ រាប់ម៉ឺននាក់។ របបរបស់អ្នក និងទាហានស៊ីឈ្នួលរបស់អ្នកទាំងអស់នឹងទទួលខុសត្រូវចំពោះរាល់ដំណក់ឈាមដែលត្រូវបានស្រក់ដោយគ្រាប់កាំភ្លើងរបស់អ្នក។»
ព្រះអង្គម្ចាស់ Reza Pahlavi ក៏បានអំពាវនាវទៅកាន់ប្រជាជនអ៊ីរ៉ង់ ទាំងអស់ កុំភ័យខ្លាចដោយត្រូវបន្តបះបោរសង្គ្រោះលទ្ធិប្រជាធិបតេយ្យ និងត្រៀមខ្លួនសម្រាប់ពេលវេលានៃការត្រឡប់ទៅផ្លូវសិទ្ធិប្រជាធិបតេយ្យដែលកាន់តែទូលំទូលាយ និងមានការតាំងចិត្តខ្លាំងជាងពេលណាៗទាំងអស់ ដើម្បីរំដោះរដ្ឋធានី Tehran និងប្រទេសអ៊ីរ៉ង់ វិញ ពីរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។
សារនេះបង្ហាញពីភាពតស៊ូ និងការប្ដេជ្ញាចិត្តរបស់រាជបុត្រនៃអតីតរាជវង្ស Shah អ៊ីរ៉ង់ ក្នុងការលើកទឹកចិត្តប្រជាជន និងមន្ត្រីយោធានៅក្នុងរដ្ឋាភិបាលអ៊ីស្លាមអ៊ីរ៉ង់ ឱ្យចូលរួមក្នុងចលនាបះបោរតែមួយជាមួយគ្នាជាមួយនឹងការអន្តរាគមន៍ដោយកងទ័ពអាមេរិក ដែលព្រះអង្គម្ចាស់ Reza Pahlavi មានជំនឿយ៉ាងមាំថា របប អាយ៉ាតូឡា ទោះជារឹងមាំយ៉ាងណា នឹងត្រូវរុញឱ្យដួលរំលំដូចនឹងការបាក់រំលំជញ្ជាំងប៊ែរឡាំង ហើយបញ្ចូលគ្នាឡើងវិញអាល្លឺម៉ង់ខាងកើត និងអាល្លឺម៉ង់ខាងលិច ស្ថិតនៅក្រោមដំបូលតែមួយ គឺរបបប្រជាធិបតេយ្យសេរីនិយម។
យ៉ាងណាមិញ ទូរទស្សន៍ FOX News ដែលធ្លាប់តែគាំទ្រលោក ត្រាំ ផ្សាយកាលពីថ្ងៃទី១៥ ខែមករា សប្តាហ៍មុនថា លោក ត្រាំ មិនប្រាកដថាពលរដ្ឋអ៊ីរ៉ង់ នឹងគាំទ្រកូនស្តេចមួយអង្គនេះដែរ ហើយលោកក៏ដូចជាមិនទាន់ហ៊ានគាំទ្រព្រះអង្គដែរ ថ្វីត្បិតតែព្រះអង្គជារាជបុត្រាល្អមួយអង្គនោះ។
ពលរដ្ឋអ៊ីរ៉ង់ មួយចំនួននៅក្នុងប្រទេស បានហៅព្រះអង្គម្ចាស់ Reza Pahlavi ជារាជបុត្រាអាយ៉ងក្រុងវ៉ាស៊ីនតុន និងក្រុងតែលអាវីវ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

