29.2 C
Phnom Penh

អ្នក​ស្រាវជ្រាវ​រឿង​ខ្មែរក្រហម​អះអាង​ថា​ករណី​ថៃ ប្ដឹង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គឺ​មិន​ថ្លៃថ្នូរ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា អះអាង​ថា ពាក្យបណ្ដឹង​របស់​ថៃ ទៅ​កាន់​តុលាការ​ក្នុង​ស្រុក​លើ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជា​ទង្វើ​មិន​ថ្លៃថ្នូរ និង​គួរ​ឱ្យ​អាម៉ាស់ ដែល​នាំ​ទៅ​ដល់​ការ​បន្ទច់បង្អាក់​កិច្ចការទូត​ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ទៅវិញ។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ មករា ថា ទំនាក់ទំនង​ការទូត​ប្រកប​ដោយ​ប្រសិទ្ធភាព​រវាង​រដ្ឋ និង​រដ្ឋ គឺ​អាស្រ័យ​លើ​ការ​ឯកភាព​រួម​គ្នា​រវាង​បញ្ជាការ​យោធា និង​គោលនយោបាយ​ការបរទេស​នៃ​រដ្ឋាភិបាល។

លោក ឆាំង យុ លើកឡើង​ថា ការ​ដាក់​ពាក្យបណ្ដឹង​ស្រប​ពេល​ដែល​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា កំពុង​បន្ត​ចរចា​លើ​ជម្លោះ​ព្រំដែន​នា​ពេលនេះ គឺ​មិន​ត្រឹមតែ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ហាញ​ថា​រដ្ឋាភិបាល​ថៃ មិន​មាន​គោលនយោបាយ​ការបរទេស​រួបរួម​ជាមួយ​ក្រុម​យោធា​ទៀត​ផង។

លោក ឆាំង យុ ចោទ​សួរ​ថា តើ​អ្នក​ណា​ជា​អ្នកដឹកនាំ​រដ្ឋាភិបាល​ថៃ ឱ្យ​ពិតប្រាក​សព្វថ្ងៃ​នេះ? ព្រោះ​ផ្នែក​ម្ខាង​នៃ​រដ្ឋាភិបាល​នេះ កំពុង​ស្វះស្វែងរក​ដំណោះស្រាយ​តាម​វិធាន​ការទូត ប៉ុន្តែ​ផ្នែក​ម្ខាង​ទៀត បែរជា​ព្យាយាម​ដោះស្រាយ​ដោយ​ប្រើប្រាស់​តុលាការ​ក្នុង​ស្រុក ឬ​តុលាការ​អន្តរជាតិ​ទៅវិញ។

គួរ​រំឭក​ឡើងវិញ​ថា៖ ភាគី​ប្រទេស​កម្ពុជា ជា​អ្នក​ផ្តើម​គំនិត​ចង់​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ICC ឬ ICJ តាម​យោបល់​ខ្មែរ​ជាតិ​និយម​មួយ​ចំនួន ប៉ុន្តែ​ភាគី​ថៃ ប្រាប់​ថា​គេ​មាន​បំណង​ដោះស្រាយ​ជម្លោះ​ជា​ទ្វេភាគី។ អ្នកដឹកនាំ​ខ្មែរ​បាន​ប្រាប់​ពលរដ្ឋ​ខ្មែរ​ទៀត​ថា គេ​បាន​រក​មេធាវី​អន្តរជាតិ ដើម្បី​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​រឿង​ជម្លោះ​ព្រំដែន។

ការ​អះអាង​ពី​លោក ឆាំង យុ អ្នក​ស្រាវជ្រាវ​ឯកសារ​ខ្មែរក្រហម ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​ថៃ បាន​ដាក់​ពាក្យបណ្ដឹង​រដ្ឋប្បវេណី​ទៅ​កាន់​តុលាការ​ក្នុង​ស្រុក​ថៃ ប្រឆាំង​នឹង​មេដឹកនាំ​កំពូល​របស់​កម្ពុជា ស្រប​ពេល​ដែល​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា កំពុង​ចរចា​រក​ដំណោះស្រាយ​លើ​ជម្លោះ​ប្រដាប់​អាវុធ​តាម​បន្ទាត់​ព្រំដែន​នោះ។

កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២៦ កាសែត​ថៃ The Nation បាន​រាយការណ៍​ថា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ លោក Chatchai Bangchuad បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ខេត្ត​សុរិន្ទ ស្នើ​ឲ្យ​ដាក់​ក្នុង​បញ្ជីខ្មៅ​របស់​ប៉ូលិស​អាំងទែរប៉ូល ដោយ​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថា​បាន​បញ្ជា​ឱ្យ​វាយប្រហារ​លើ​ប្រទេស​ថៃ ជាពិសេស​តំបន់​ស៊ីវិល។

ទោះជា​យ៉ាងណាក៏ដោយ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៦ ថា ប្រទេស​ថៃ បាន​បង្ក​សង្គ្រាម​រំលោភ​បំពាន​យ៉ាង​កំរោល​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា ដោយ​ប្រើប្រាស់​អាវុធ​ធំ​តូច និង​ទំនើប​គ្រប់​ប្រភេទ ទាំង​ជើងគោក ជើង​ទឹក និង​ជើង​អាកាស បាញ់​ប្រហារ​មក​លើ​កងទ័ព​កម្ពុជា ដែល​កំពុង​ស្ថិត​ក្នុង​ទីតាំង​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា និង​វាយប្រហារ​លើ​គោលដៅ​ស៊ីវិល​នានា​ឥត​រើស​មុខ​ឡើយ។

ជុំវិញ​បញ្ហា​នេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ការ​ផលិត​នាវាចម្បាំង​ខ្នាត​យក្ស​ថ្មី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម និង​នាយ​គ្រប់គ្រង​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក ដោយ​ចោទ​ថា ប្រទេស​ថៃ គឺជា​អ្នក​ចាប់ផ្តើម​សង្គ្រាម​មុន​ទៅ​លើ​ប្រទេស​កម្ពុជា។

នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែ​មករា នេះ កាសែត​ថៃ The Nation បាន​រាយការណ៍​ព័ត៌មាន​អំពី​ការ​ផ្ទុះ​គ្រាប់មីន​បង្កប់ បណ្តាល​ឲ្យ​ទាហាន​ថៃ ពីរ​នាក់​របួស នៅ​តំបន់​អានសេះ ឬ​អានម៉ា ជាប់​ព្រំដែន​ខេត្ត​ព្រះវិហារ ខាង​ខ្មែរ និង​ខេត្ត​ឧប៊ុនរាជធានី ខាង​ថៃ។

ប្រភព​យោធា​ថៃ ថា​គ្រាប់មីន​នោះ​ផ្ទុះ​ដោយសារ​មាន​ភ្លើង​ឆេះ​ស្លឹកឈើ​ក្រៀម​ស្ងួត​តាម​ព្រៃ​ជាប់​ព្រំដែន។

នៅ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៦ នេះ ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា បទ​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ អនុវត្ត​បាន​រយៈពេល ១​ខែ​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៦ ប៉ុន្តែ​កម្ពុជា​បាន​តាមដាន និង​កត់ត្រា​ទុក​ជាបន្តបន្ទាប់​នូវ​សកម្មភាព​មិន​ស្មោះត្រង់​មួយ​ចំនួន​ខាង​ភាគី​ថៃ ចំណែកឯ​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ និង​តំបន់​ស៊ីវិល​កម្ពុជា ដែល​បង្ក​ឡើង​ដោយ​អំពើ​វាយប្រហារ​ពី​កងទ័ព​ថៃ ក៏​នៅតែ​ជា​បន្ទុក​ដែល​ត្រូវ​ដោះស្រាយ​យ៉ាង​អាទិភាព​ជាបន្តបន្ទាប់​ដែរ។

ចំណែកឯ​មេទ័ព​ថៃ មួយ​ចំនួន ក៏​និយាយ​ថា គេ​នៅតែ​តាមដាន​ស្ថានការណ៍​តាម​ព្រំដែន​គ្រប់​ពេល​ជានិច្ច។ នេះ​ក៏​ជា​លទ្ធផល​នៃ​ការ​មិន​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ដែរ។

ចំណែក​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្ដីពី​ការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​មេធាវី​ឱ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​ជនភៀសសឹក​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស អ្នកស្រី Paula Gaviria Betancur កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៦ ថា រហូត​ដល់​ពេលនេះ ជនភៀសសឹក​ខ្មែរ​ជាង ១​សែន​នាក់ (ជាង ១១៥០០​នាក់) នៅតែ​មិន​អាច​ត្រឡប់​ទៅ​លំនៅឋាន និង​សហគមន៍​របស់​ពួកគេ​វិញ​បាន​ទេ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បញ្ជាក់​ថា ការ​មិន​អាច​ត្រឡប់​ទៅ​លំនៅឋាន និង​សហគមន៍​របស់​ពួកគេ​វិញ​នេះ គឺ​ដោយសារតែ​សកម្មភាព​ខុស​ច្បាប់​របស់​យោធា​ថៃ ដែល​បាន​កម្ទេច​ផ្ទះសម្បែង ការ​ដាក់​ពង្រាយ​ទូ​កុងតឺន័រ ការ​ដាក់​ពង្រាយ​លួស​បន្លា​ក្នុង​តំបន់​ដែល​កងទ័ព​ថៃ បាន​កាន់កាប់​ដោយ​ខុស​ច្បាប់​ក្រោយ​ការ​ច្បាំង​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស