នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ អះអាងថា ការដាក់ពាក្យបណ្ដឹងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់តុលាការក្នុងស្រុក ស្របពេលដែលការចរចាការទូតកំពុងប្រព្រឹត្តឡើង គឺជាទង្វើមិនថ្លៃថ្នូរ ហើយអាចត្រឹមតែបង្កការបន្ទច់បង្អាក់ដល់កិច្ចការទូតតែប៉ុណ្ណោះ។
លោក ឆាំង យុ បានសរសេរនៅលើហ្វេសប៊ុករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ថា ការដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណីដោយមន្ត្រីជាន់ខ្ពស់ថៃ ប្រឆាំងនឹងមន្ត្រីកម្ពុជានៅក្នុងតុលាការក្នុងស្រុករបស់ថៃ ស្របពេលដែលប្រទេសថៃ និងប្រទេសកម្ពុជា កំពុងបន្តចរចាលើជម្លោះព្រំដែន គឺមិនត្រឹមតែមិនស្របតាមស្មារតីនៃការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជាទង្វើដ៏គួរឱ្យអាម៉ាស់មួយ ដោយបង្ហាញថា រដ្ឋាភិបាលថៃ ហាក់ដូចជាមិនមានគោលនយោបាយការបរទេសរួបរួមតែមួយ។
ប្រភពដដែលអះអាងថា ទំនាក់ទំនងការទូតប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋ និងរដ្ឋ គឺអាស្រ័យលើការឯកភាពរួមគ្នារវាងបញ្ជាការយោធា និងគោលនយោបាយការបរទេស។ ប្រសិនបើមានការចេញបញ្ជា ឬគោលនយោបាយដែលមិនឯកភាពគ្នា ដោយផ្នែកម្ខាងនៃរដ្ឋាភិបាលថៃ កំពុងស្វះស្វែងរកដំណោះស្រាយតាមវិធានការទូត ហើយផ្នែកម្ខាងទៀតនៃរដ្ឋាភិបាលថៃ បែរជាដោះស្រាយដោយប្រើប្រាស់តុលាការក្នុងស្រុក ឬអន្តរជាតិនោះ វានឹងចោទជាសំណួរថា តើនរណាជាអ្នកគ្រប់គ្រងរដ្ឋាភិបាលថៃ ឱ្យពិតប្រាកដ។
សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៩ ខែមករា បានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះបណ្ដឹងរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខថៃ ដែលបានប្ដឹងលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅតុលាការថៃ ដោយចោទប្រកាន់ថា គឺជាអ្នកបង្កឱ្យមានសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ។ រដ្ឋាភិបាលកម្ពុជា អះអាងថា បណ្ដឹងរបស់មន្ត្រីជាន់ខ្ពស់ថៃ ដែលប្ដឹងមេដឹកនាំកម្ពុជា នេះ កំពុងធ្វើឱ្យរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំនៃប្រទេសទាំងពីរក្នុងការកសាងទំនុកចិត្ត និងផ្ទុយពីស្មារតីរួមក្នុងការអនុវត្តបទឈប់បាញ់។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកចំណាត់ការផ្លូវច្បាប់របស់មន្ត្រីកំពូលថៃ ប្រឆាំងក្រុមមេដឹកនាំកំពូលកម្ពុជា នេះ ថាផ្ទុយពីស្មារតីនៃធម្មនុញ្ញអាស៊ាន និងគោលការណ៍មិត្តភាពប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នាកន្លងមក។
កាលពីថ្ងៃទី២៧ ខែមករា អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ លោក ឆាតឆៃ បាងឈូដ (Chatchai Bangchuad) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក និងព្រះរាជអាជ្ញា បានដាក់ពាក្យបណ្ដឹងប្រឆាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅតុលាការក្នុងខេត្តសុរិន្ទ ដែលលោកចោទថាជាអ្នកបង្កឱ្យមានសង្គ្រាមប្រយុទ្ធគ្នាដែលបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងខូចខាតទ្រព្យពលរដ្ឋថៃ នៅតាមព្រំដែន។
មន្ត្រីជាន់ខ្ពស់ថៃ រូបនេះអះអាងថា ដំណើរការផ្លូវច្បាប់ប្រឆាំងនឹងមេដឹកនាំកម្ពុជា នឹងបន្តដំណើរការទៅមុខ ដោយសារជាការសម្រេចចេញពីស្ដីទីគណៈរដ្ឋមន្ត្រី ចំណែកដំណើរការផ្លូវច្បាប់នេះ គឺមានគោលបំណងទាមទារឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទទួលខុសត្រូវតាមផ្លូវច្បាប់ ទាំងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌ។
ប្រភពដដែល បញ្ជាក់ថា នៅពេលដំណើរក្ដីក្ដាំត្រូវបញ្ចប់ ប្រសិនបើលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មានទ្រព្យសម្បត្តិនៅប្រទេសថៃ អាជ្ញាធរនឹងរឹបអូសដើម្បីលក់ផ្ដល់សំណងដល់ពលរដ្ឋរងគ្រោះ។ អាជ្ញាធរថៃ ក៏នឹងសហការជាមួយប៉ូលិសអន្តរជាតិ ដើម្បីចេញដីកាតាមចាប់ខ្លួនលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ផងដែរ។
គួរបញ្ជាក់ផងដែរថា សង្គ្រាមវាយប្រហារឈ្លានពានកម្ពុជា ដោយកម្លាំងយោធាថៃ លើកទី២ កាលពីខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានប្រើប្រាស់គ្រឿងសព្វាវុធដែលច្បាប់អន្តរជាតិហាមឃាត់ ដូចជា ការបាញ់ផ្សែងពុល និងទម្លាក់គ្រាប់បែកចង្កោមនៅតាមទីតាំងផ្ទះសម្បែងពលរដ្ឋ ប្រាង្គប្រាសាទបុរាណខ្មែរ វត្តអារាម សាលារៀន និងបណ្ដាលឱ្យស្លាប់ជនស៊ីវិលយ៉ាងហោច ៣០នាក់ និងរបួសជិត ១០០នាក់៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

