26.3 C
Phnom Penh

សហរដ្ឋ​អាមេរិក​មាន​ផែនការ​រឹបអូស​កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់ ជា​ការ​បង្ខំ​ឱ្យ​អ៊ីរ៉ង់ រំលាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​លោក ដូណាល់ ត្រាំ កំពុងតែ​ដាក់​ចេញ​នូវ​ផែនការ​រឹបអូស​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់ ក្នុង​គោលបំណង​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់ ឲ្យ​បញ្ឈប់​កម្មវិធី​ផលិត​ថាមពល​បរមាណូ។

តាម​សេចក្តី​រាយការណ៍​ពី​កាសែត The Wall Street Journal កាលពី​ថ្ងៃទី​១១ កុម្ភៈ នេះ វិធានការ​នេះ​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​អ៊ីរ៉ង់ ព្រោះ​ប្រេង​ជា​ចំណូល​ដ៏​ធំ​សម្រាប់​សេដ្ឋកិច្ច​ជាតិ។ ទោះជា​យ៉ាងណា ផែនការ​នេះ​ក៏​ប្រឈមមុខ​នឹង​ឧបសគ្គ​ជាច្រើន ដូចជា បញ្ហា​ច្បាប់​អន្តរជាតិ ការ​ឆ្លើយតប​ពី​អ៊ីរ៉ង់ និង​ហានិភ័យ​នៃ​ការ​កើន​ឡើង​ភាព​តានតឹង​ក្នុង​តំបន់។

សហរដ្ឋ​អាមេរិក កំពុង​បារម្ភ​ផង​ដែរ​អំពី​ការ​ឆ្លើយតប​វិញ​យ៉ាង​ធ្ងន់ធ្ងរ​ពី​ទីក្រុង​តេហេរ៉ង់ ប្រសិនបើ​សហរដ្ឋ​អាមេរិក អនុវត្ត​វិធានការ​រឹបអូស​នាវា​ដឹក​ប្រេង​បន្ថែម​ទៀត។ មន្ត្រី​អាមេរិកាំង​ជឿ​ថា អ៊ីរ៉ង់​អាច​រឹបអូស​នាវា​ដឹក​ប្រេង​របស់​សម្ព័ន្ធមិត្ត​អាមេរិក​ដែល​ឆ្លងកាត់​តំបន់​ឈូងសមុទ្រ​ពែក្ស ជាមួយ​នឹង​ការ​ប៉ុនប៉ង​រារាំង​ចរាចរណ៍​តាម​ច្រក​សមុទ្រ Hormuz ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​សំខាន់​បំផុត​មួយ​ពី ២០-២៥% នៃ​ការ​ដឹក​ប្រេង​ចេញ​ក្នុង​ពិភពលោក ជាពិសេស​ដល់​ទៅ ៨០% ចេញ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​អ៊ីរ៉ាក់ សំដៅ​ទៅ​ទីផ្សារ​អាស៊ី។

សារព័ត៌មាន The Wall Street Journal បាន​មើល​ឃើញ​ថា ប្រសិនបើ​អ៊ីរ៉ង់ បិទ​ច្រក​សមុទ្រ Hormuz ឬ​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់ ទំនង​ជា​នឹង​ជំរុញ​ឲ្យ​មាន​ការ​ឆ្លើយតប​ដោយ​កម្លាំង​យោធា​ពី​សហរដ្ឋ​អាមេរិក និង​ក្រុម​ប្រទេស​អឺរ៉ុប។

លោក Bader Al-Saif អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​គុយវ៉ែត យល់​ថា «ការ​បិទ​ច្រក​សមុទ្រ​មិន​មាន​អត្ថប្រយោជន៍​សម្រាប់​នរណា​ម្នាក់​ទេ រួម​ទាំង​អ៊ីរ៉ង់ ផង​ដែរ ប៉ុន្តែ​ប្រសិនបើ​អ៊ីរ៉ង់ គិត​ថា​ខ្លួន​គ្មាន​ជម្រើស ទីក្រុង​តេហេរ៉ង់ អាច​នឹង​ជ្រើសរើស​ករណី​នេះ ព្រោះ​ប្រទេស​មួយ​នេះ​មាន​សមត្ថភាព​បង្ក​រឿង​ដូចនេះ។»

មន្ត្រី​អាមេរិកាំង បាន​និយាយ​ថា នៅ​ឆ្នាំ​នេះ នាវា​ជាង ២០​គ្រឿង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន​ប្រេង​ចេញពី​ប្រទេស​អ៊ីរ៉ង់ ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក។ នាវា​ទាំងនេះ​អាច​ក្លាយ​ជា​គោលដៅ​សម្រាប់​ការ​រឹបអូស ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន សម្រេច​អនុវត្ត​វិធានការ​ដ៏​តឹងរ៉ឹង​បន្ថែម​ទៀត។

លោក Erik Meyersson ប្រធាន​អ្នក​យុទ្ធសាស្ត្រ​ទីផ្សារ​នៅ​ធនាគារ SEB ប្រទេស​ស៊ុយអែត បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​អាច​ចាប់ផ្តើម​ដោយ​ការ​រឹបអូស​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​នៅ​សមុទ្រ​អារ៉ាប់ កាលពី​ពេល​ថ្មីៗ​នេះ ហើយ​កំពុង​តាមដាន​មើល​ប្រតិកម្ម និង​ការ​វិវឌ្ឍ​បន្ត​ទៅ​ទៀត។

ដូចនេះ កាលពី​សប្តាហ៍​មុន យោធា​សហរដ្ឋ​អាមេរិក​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់ ដែល​ព្យាយាម​ហោះ​ចូល​ជិត​នឹង​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln នៅ​សមុទ្រ​អារ៉ាប់។ មន្ត្រី​អាមេរិកាំង បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ Shahed-139 កំពុង​ហោះ​ខិត​ចូល​ជិត​នាវា​ផ្ទុក​យន្តហោះ ហើយ​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​យន្តហោះ​ចម្បាំង F-35C សហរដ្ឋ​អាមេរិក។

អ្នក​នាំពាក្យ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក លោក Tim Hawkins បាន​និយាយ​ថា យន្តហោះ F-35C ដែល​ផ្ទុក​លើ​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln បាន​ចាត់​វិធានការ​ការពារ​ខ្លួន ដើម្បី​ការពារ​នាវា និង​បុគ្គលិក​នៅ​លើ​នាវា។

ក្នុង​បទសម្ភាសន៍​ជាមួយ​លោក Larry Kudlow អ្នក​សារព័ត៌មាន​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Fox News កាលពី​ថ្ងៃ​អង្គារ លោក ដូណាល់ ត្រាំ បាន​និយាយ​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​រដ្ឋការ​លោក អូបាម៉ា (Obama) និង​រដ្ឋការ​លោក បៃដិន (Biden) បាន​ចុះហត្ថលេខា​ជាមួយ​អ៊ីរ៉ង់ គឺជា “កិច្ចព្រមព្រៀង​ដែល​គួរ​ឱ្យ​អស់សំណើច និង​ល្ងង់ខ្លៅ​បំផុត”

លោក​ក៏បាន​អះអាង​ថា អ៊ីរ៉ង់​មិនមែន​កំពុង​ចរចា​ជាមួយ​ភាគី​ផ្សេង​ទៀត​ទេ ប៉ុន្តែ​កំពុង​និយាយ​ជាមួយ​លោក​ដោយ​ផ្ទាល់។ លោក​បាន​យោង​ទៅ​លើ​សង្គ្រាម​រយៈពេល ១២​ថ្ងៃ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២៥ ដែល​ក្នុង​នោះ​មាន​ការ​វាយប្រហារ​រួម​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

សេចក្តី​ថ្លែងការណ៍​ពី​លោក ត្រាំ បង្ហាញ​អំពី​ការ​បន្ត​ភាព​តានតឹង​នយោបាយ​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ខណៈ​ដែល​ការ​ចរចា​អនាគត​នៅតែ​មិន​ច្បាស់លាស់។

លោក ដូណាល់ ត្រាំ បាន​និយាយ​ថា របប​នៅ​អ៊ីរ៉ង់ មិន​មាន​ភាព​ស្មោះត្រង់​នោះ​ទេ នៅ​ពេល​និយាយ​អំពី​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ Sayed Abbas Araghchi ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​មួយ នៅ​ទីក្រុង​អូម៉ាន់​កាលពី​សប្តាហ៍​មុន ចោទ​សហរដ្ឋ​អាមេរិក​ថា​ពិបាក​ជឿ ពិបាក​ទុកចិត្ត​នឹង​អ្នកដឹកនាំ​និយាយ​មិន​ទៀងទាត់។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ ក្រុង​តេហេរ៉ង់ បាន​ថត​បង្ហាញ​គ្រាប់បែក​អាមេរិកាំង ប្រភេទ GBU-57 bunker buster អត់​ផ្ទុះ​មួយ​គ្រាប់ កប់​ដី​នៅ​ក្នុង​ទីតាំង​ផលិត​ថាមពល​បរមាណូ​មួយ​កន្លែង។

ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News ដដែល លោក Kudlow បាន​សួរ​ថា តើ​លោក ត្រាំ ជឿ​ឬ​ទេ​ថា​របប​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​កំពូល Ayatollah Ali Khamenei នឹង​គោរព​តាម​កិច្ចព្រមព្រៀង​ណា​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក​ឬ​ទេ?

លោក ត្រាំ បាន​ឆ្លើយ​ថា វា​ជា​សំណួរ​ល្អ​ណាស់។ មាន​មនុស្ស​ជាច្រើន​និយាយ​ថា «ទេ»។ ខ្ញុំ​ចង់​ធ្វើ​កិច្ចព្រមព្រៀង ប៉ុន្តែ​វា​ត្រូវតែ​ជា​កិច្ចព្រមព្រៀង​ល្អ គ្មាន​អាវុធ​នុយក្លេអ៊ែរ គ្មាន​កាំជ្រួច និង​គ្មាន​អ្វី​ផ្សេងៗ​ទៀត​ដែល​អាច​គំរាមកំហែង​បាន។

លោក​ក៏បាន​បន្ថែម​ថា របប​នៅ​អ៊ីរ៉ង់ បាន​បង្ហាញ​ភាព​មិន​ស្មោះត្រង់​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ លោក ត្រាំ ព្រមាន​ថា បើ​អ៊ីរ៉ង់ មិន​សម្រេច​ឱ្យ​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង​មីស៊ីល​ផ្លោង លោក​ថា​ដល់​ពេល​ហើយ​ដែល​សហរដ្ឋ​អាមេរិក ប្រើ​វិធានការ​យោធា៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស