មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរដោះមីន ចាត់ទុកថាការលើកយកបញ្ហាមីនពីយោធាថៃ គឺជាលេសដើម្បីធ្វើជាឧបករណ៍នយោបាយបង្កជម្លោះ និងបង្កភាពតានតឹងជាមួយប្រទេសកម្ពុជា។
អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោក លី ធុជ បានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៦ និងលើកទិសដៅបន្តនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមីននៅថ្ងៃទី១២ កុម្ភៈ នេះថា បច្ចុប្បន្ន បូរណភាពទឹកដី សន្តិភាព និងសេចក្តីថ្លៃថ្នូរនៃប្រទេសកម្ពុជា កំពុងប្រឈមនឹងការរំលោភបំពានពីប្រទេសថៃ។
លោក លី ធុជ បញ្ជាក់ថា ពេលនេះ បញ្ហាមីនក៏ត្រូវបានភាគីថៃ យកមកធ្វើជាឧបករណ៍បម្រើនយោបាយដើម្បីបង្កជម្លោះ និងបង្កភាពតានតឹងជាមួយប្រទេសកម្ពុជាដែរ ប៉ុន្តែអាជ្ញាធរមីនបានឆ្លើយតប និងវាយបកទៅនឹងការចោទប្រកាន់គ្មានមូលដ្ឋាននៃយោធាថៃ ទាំងនោះគ្រប់ពេលទាំងអស់។
កាសែតថៃ The Nation បានរាយការណ៍សម្ដីកងទ័ពភូមិភាគទី២ របស់ថៃ កាលពីថ្ងៃទី១១ ខែកុម្ភៈ នេះថា មានទាហានថៃម្នាក់បានរងរបួសជើងស្តាំ ដែលបណ្តាលមកពីការជាន់មីននៅតំបន់ចុងសាង៉ាម ស្រុកភូស៊ីង ខេត្តស៊ីសាកេត ដែលត្រូវបានសង្ស័យថាជាមីនចាស់សល់ពីការប្រយុទ្ធរវាងកម្ពុជា-ថៃ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលនេះគឺជាករណីទី១២ ហើយ ដែលទាហានថៃ របួសដោយសារគ្រាប់មីន។ នៅថ្ងៃដដែល ទាហានថៃម្នាក់ដាច់ជើងស្តាំដោយជាន់មីន និង ៤នាក់ទៀតរងរបួសខាងទឹកដីថៃ ក្នុងស្រុកកន្ថារ៉ាលក្ខណ៍ ខេត្តស៊ីសាកេត វេលាម៉ោង ៤:៤០នាទីរសៀល។
តាមការផ្សាយដោយទូរទស្សន៍ Thai PBS នៅថ្ងៃពុធ ទី១១ ខែកុម្ភៈ គេបង្ហាញអំពីគ្រាប់មីនកម្ទេចមនុស្សទាំងបំពង់ជាច្រើនប្រភេទ មានទាំងប្រភេទ MBV-78A2 ផលិតដោយកងទ័ពយៀកណាម គ្រាប់បែកដៃ គ្រាប់កាំភ្លើង ៧៥មិល្លីម៉ែត្រ ៣០គ្រាប់ គ្រាប់ ១២,៧មិល្លីម៉ែត្រជាង ១៧០០គ្រាប់ និងជើងទ្រកាណុងកាំភ្លើងយន្ត ១២,៧មិល្លីម៉ែត្រដែលទាហានខ្មែរទុកចោលទាំងកេសនៅព្រំដែនខេត្តត្រាត។ រីឯនៅភូមិណងចាន់ ស្រុកគោកស៊ូង ខេត្តស្រះកែវ ទាហានខ្មែរប្រដាប់អាវុធ ១៣នាក់ បានព្យាយាមគយគន់សកម្មភាពតខ្សែបណ្ដាញទាក់ទងខាងទឹកដីថៃ ដោយសួរគ្នាទៅវិញទៅមកជាភាសាខ្មែរ។ ទាហានថៃ បានប្រាប់ទៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ឲ្យទាហានខ្មែរដកថយពីទីនោះ ក្រែងមានប្រើពាក្យដៀមដាមបង្កជម្លោះតទៅទៀត។
ប្រភពកាសែត The Nation បញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើងខណៈពេលអង្គភាពកំពុងអនុវត្តភារកិច្ចការពង្រឹងសន្តិសុខ និងធ្វើការត្រួតពិនិត្យបោសសំអាតនៅតំបន់ប្រតិបត្តិការ។ ភាគីថៃ ទាមទារជានិច្ចឲ្យភាគីខ្មែររួមគ្នាបោសសំអាតគ្រាប់មីន ដែលប្រទេសកម្ពុជាជាភាគីហត្ថលេខីនៃអនុសញ្ញាក្រុងអូតាវ៉ា។
ថ្មីៗនេះ ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានសម្រេចផ្តល់ជំនួយដោះមីនចំនួនជិត ៧សែនដុល្លារក្នុងជំនួយសរុបត្រៀមផ្តល់ដល់អាជ្ញាធរដោះមីនជាង ៦លានដុល្លារ។ ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ជំនួយមនុស្សធម៌កន្លះលានដុល្លារដល់ជនភៀសសឹកខ្មែរ តាមរយៈអង្គការយូនីសេហ្វ (UNICEF)។
យ៉ាងណាក៏ដោយ កាសែតថៃ ខៅស៊ុត បានស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) នៅថ្ងៃទី១២ កុម្ភៈ នេះថា លោកពិតជាទទួលស្គាល់ថា ករណីទាហានថៃ ជាន់គ្រាប់មីននៅតំបន់ព្រំដែនខេត្តស៊ីសាកេត កាលពីថ្ងៃទី១១ ខែកុម្ភៈ គឺជាគ្រាប់មីនចាស់ដែលសេសសល់ពីសម័យសង្គ្រាមពិតមែន មិនមែនជាគ្រាប់មីនដាក់ថ្មីនោះទេ។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរមីនកម្ពុជា គូសបញ្ជាក់ថា ប្រទេសកម្ពុជាមិនផលិត មិនស្តុកទុក និងមិនប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សឡើយ និងមានការគ្រប់គ្រងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងស្របតាមបទដ្ឋានអន្តរជាតិ ហើយត្រៀមខ្លួនជាស្រេចក្នុងការចូលរួមប្រកបដោយតម្លាភាព ក្នុងយន្តការទ្វេភាគី និងអន្តរជាតិក្នុងការបញ្ជាក់ការពិត៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

