ប្រទេសមិកស៊ិក ជាប់នឹងសហរដ្ឋអាមេរិកប៉ែកខាងត្បូង បានដាក់ពង្រាយកងទ័ពប្រមាណ ១០០០០នាក់ ដើម្បីបង្ក្រាបអំពើហិង្សាដែលផ្ទុះឡើងបន្ទាប់ពីការស្លាប់នៃមេខ្លោងក្រុមរត់ពន្ធគ្រឿងញៀនដ៏មានឥទ្ធិពលម្នាក់។ នេះបើយោងតាមការផ្សាយតាមបណ្ដាញព័ត៌មាន Channel News Asia។
អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃចន្ទ ទី២៣ កុម្ភៈ ថា មេខ្លោងគ្រឿងញៀនរូបនោះមានឈ្មោះ Nemesio Oseguera Cervantes ឬ El Mencho ជាមេដឹកនាំនៃក្រុម Jalisco New Generation Cartel (CJNG) ដែលបានរងរបួសកាលពីថ្ងៃអាទិត្យក្នុងការបាញ់ប្រហារជាមួយកងទ័ពនៅទីក្រុង Tapalpa រដ្ឋ Jalisco ហើយត្រូវបានបាត់បង់ជីវិត ខណៈអាជ្ញាធរកំពុងបញ្ជូនបុរសនោះតាមយន្តហោះទៅកាន់ទីក្រុងម៉ិកស៊ីកូ (Mexico)។
ដំណឹងនៃមរណភាពរបស់ El Mencho បានបង្កឱ្យមានអំពើហិង្សារីករាលដាលយ៉ាងឆាប់រហ័ស ដោយសមាជិកក្រុមជួញដូរគ្រឿងញៀន Cartel បានបិទផ្លូវនៅក្នុងរដ្ឋចំនួន ២០ និងបានដុតបំផ្លាញរថយន្ត ក៏ដូចជាទីតាំងអាជីវកម្មជាច្រើនកន្លែង។ ក្រោយមានអំពើហិង្សាសងសឹកសមាជិកក្រុមជួញដូរគ្រឿងញៀន អាជ្ញាធរបានបន្តពង្រឹងសន្តិសុខដើម្បីទប់ស្កាត់ការប៉ះទង្គិចបន្ថែម និងរក្សាស្ថិរភាពសាធារណៈ។
អាជ្ញាធរបានរាយការណ៍ថា ក្នុងអំឡុងពេលប្រតិបត្តិការវាយឆ្មក់លើមេខ្លោងជួញដូរគ្រឿងញៀន Nemesio Oseguera Cervantes ឬ El Mencho និងការប៉ះទង្គិចបន្តបន្ទាប់ យ៉ាងហោចណាស់សមាជិកកងកម្លាំងសន្តិសុខ ២៧នាក់ ឧក្រិដ្ឋជនសង្ស័យ ៤៦នាក់ និងជនស៊ីវិលម្នាក់បានស្លាប់។ ជាមួយគ្នានេះក៏មានការរាយការណ៍ថា ការវាយប្រហារលើពន្ធនាគារមួយក្នុងរដ្ឋ Jalisco បានបណ្តាលឲ្យអ្នកទោសយ៉ាងហោចណាស់ ២៣នាក់រត់គេចខ្លួន បន្ទាប់ពីមានការបាញ់ប្រហារដោយក្រុមឧក្រិដ្ឋជន។ នេះបើយោងតាមលេខាធិការសន្តិសុខរដ្ឋ។
សហរដ្ឋអាមេរិក បានប្រកាសផ្តល់នូវរង្វាន់លើកទឹកចិត្តក្នុងទំហំថវិកា ១៥លានដុល្លារអាមេរិកចំពោះជនណាដែលអាចនាំទៅរកការចាប់ខ្លួនលោក Nemesio Oseguera ឬ El Mencho។
បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង និងស្ថានការណ៍ជ្រួលច្របល់មួយភាគនៃប្រទេសមិកស៊ិក អាជ្ញាធរក៏បានព្រមានអំពីការធ្វើដំណើរពីចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក ទៅកាន់មិកស៊ិក ខណៈអូស្ត្រាលី បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនអនុវត្តការប្រុងប្រយ័ត្ន។ ចំពេលមានស្ថានការណ៍គ្រោះថ្នាក់បែបនេះ ជើងហោះហើរពីអាមេរិក និងកាណាដា រាប់សិប ត្រូវបានគេដឹងថាបានលុបចោលជាបណ្ដោះអាសន្ន។
Nemesio Oseguera Cervantes ឬ El Mencho អាយុ ៥៩ឆ្នាំ ត្រូវបានគេចាត់ទុកថាជាមេខ្លោងគ្រឿងញៀនជំនាន់ចុងក្រោយដែលមានឥទ្ធិពលខ្លាំង បន្ទាប់ពីការចាប់ខ្លួនបុរស ២នាក់ជាមេខ្លោងឧក្រិដ្ឋកម្មគ្រឿងញៀន គឺលោក Joaquin Guzman និង Ismael Zambada Garcia នៃក្រុម Sinaloa Cartel។
បុរស El Mencho ជាសមាជិកស្ថាបនិកនៃ Jalisco New Generation Cartel (CJNG) ដែលបង្កើតឡើងឆ្នាំ២០០៩ ហើយបានវិវត្តទៅជាក្រុមឧក្រិដ្ឋកម្មដ៏ឃោរឃៅបំផុតមួយក្នុងប្រទេសមិកស៊ិក។ កូនប្រុសរបស់គាត់ឈ្មោះ Ruben Oseguera Gonzalez ត្រូវបានកាត់ទោសដោយតុលាការសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន កាលពីខែកញ្ញា ហើយការណ៍នេះបានធ្វើឱ្យអ្នកជំនាញព្រមានថា អវត្តមាននៃការស្នងតំណែងមេដឹកនាំ អាចនាំឱ្យមានការប្រកួតប្រជែងផ្ទៃក្នុងនៃក្រុម Sinaloa Cartel។
អាជ្ញាធរមិកស៊ិក បាននិយាយថា ប្រតិបត្តិការដើម្បីចាប់ខ្លួន Nemesio Oseguera Cervantes ឬ El Mencho ត្រូវបានណែនាំដោយព័ត៌មានបន្ថែមពីអាជ្ញាធរអាមេរិក។
អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ការគាំទ្រផ្នែកស៊ើបការណ៍សម្ងាត់ ប៉ុន្តែប្រធានាធិបតី Claudia Sheinbaum នៃប្រទេសមិកស៊ិក បានអះអាងថាគ្មានកងកម្លាំងអាមេរិកណាចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការនោះទេ។
រដ្ឋមន្ត្រីការពារជាតិប្រទេសមិកស៊ិក Ricardo Trevilla បាននិយាយថា មិត្តស្រីរបស់លោក Nemesio Oseguera Cervantes ឬ El Mencho គឺជាគន្លឹះក្នុងការកំណត់ទីតាំងរបស់គាត់ បន្ទាប់ពីចារកម្មមិកស៊ិក ដោយមានការគាំទ្រពីយោធាអាមេរិក បានតាមដានការជួបប្រជុំមួយ និងប្រើព័ត៌មាននោះដើម្បីស្វែងរកគាត់នៅកសិដ្ឋានមួយក្នុងរដ្ឋ Jalisco។
កងទ័ពបានឲ្យដឹងថា សមាជិកក្រុមជួញដូរគ្រឿងញៀនពីរនាក់ត្រូវបានចាប់ខ្លួន និងអាវុធជាច្រើនត្រូវបានរឹបអូស រួមទាំងគ្រាប់រ៉ុក្កែតដែលអាចបំផ្លាញយន្តហោះ និងរថពាសដែក។
អាជ្ញាធរក៏បានប្រកាសពីការស្លាប់ដៃស្តាំរបស់គាត់ គឺលោក Hugo H ឬ El Tuli ផងដែរ។ ទីក្រុងវ៉ាស៊ីនតោន បានចាត់ថ្នាក់ CJNG និង Sinaloa Cartel ជាអង្គការភេរវកម្ម និងចោទប្រកាន់ថាក្រុមនេះបាននាំចូលកូកាអ៊ីន ហេរ៉ូអ៊ីន មេតំហ្វេតាមីន និងហ្វេនតានីល ទៅកាន់សហរដ្ឋអាមេរិក។
ប្រតិបត្តិការនេះកើតឡើងក្នុងបរិបទសម្ពាធនយោបាយពីលោក ដូណាល់ ត្រាំ (Donald Trump) ដែលបានជំរុញឲ្យមិកស៊ិក ទប់ស្កាត់លំហូរគ្រឿងញៀន បើមិនដូច្នោះទេ នឹងប្រឈមមុខនឹងពន្ធគយដ៏ធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

