30.7 C
Phnom Penh

លោក ត្រាំ ប្រកាស​បញ្ជូន​ទ័ព​ជើងគោក​វាយ​អ៊ីរ៉ង់ ប្រសិនបើ​ចាំបាច់ ខណៈ​រដ្ឋមន្ត្រី​សង្គ្រាម​ថា​មិន​ទុក​ឱ្យ​សង្គ្រាម​នេះ​រ៉ាំរ៉ៃ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ប្រកាស​ពី​ការ​មិន​ច្រានចោល​លទ្ធភាព​នៃ​ការ​បញ្ជូន​កងទ័ព​ជើងគោក​អាមេរិក​វាយ​ចូល​ប្រទេស​អ៊ីរ៉ង់។

លោក​បាន​ថ្លែង​ដូចនេះ​កាលពី​ថ្ងៃ​ចន្ទ ទី​២ ខែ​មីនា ឆ្នាំ​២០២៦ ដែល​បញ្ជាក់​ថា លោក​នឹង​ពិចារណា​លើ​ចំណាត់ការ​នេះ ប្រសិនបើ​ចាំបាច់ ដើម្បី​សម្រេច​គោលដៅ​យោធា​របស់​សហរដ្ឋ​អាមេរិក។

ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន New York Post លោក ត្រាំ បាន​និយាយ​ថា លោក​មិន​មាន​ការ​ស្ទាក់ស្ទើរ​ច្រើន​ទេ​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ទ័ព​ជើងគោក គឺ​មិន​ដូច​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មុនៗ​នោះ​ទេ។ លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​ចាំបាច់ គឺ​ត្រូវ​អូស​ទ័ព​ជើងគោក​ចូល​ប្រយុទ្ធ​ហើយ តែ​លោក ត្រាំ សង្កត់​ធ្ងន់​ថា គោលដៅ​ធំ​បំផុត គឺ​ការ​កម្ទេច​សមត្ថភាព​មីស៊ីល បំផ្លាញ​កងទ័ព​ជើងទឹក​របស់​អ៊ីរ៉ង់ ឲ្យ​ខ្ទេចខ្ទី បញ្ឈប់​មហិច្ឆតា​នុយក្លេអ៊ែរ និង​អំណាច​ផ្ដាច់ការ ដែល​ផ្តល់​មូលនិធិ​ដល់​កងទ័ព​ភេរវករ​នៅ​ក្រៅ​ប្រទេស។

លោក ត្រាំ អះអាង​ថា កងទ័ព​អាមេរិក​បាន​វាយ​កម្ទេច​នាវាចម្បាំង​របស់​អ៊ីរ៉ង់ បាន ៩​គ្រឿង​ហើយ។

សារ​របស់​លោក ត្រាំ ដែល​បញ្ជាក់​ពី​ប្រតិបត្តិការ Epic Fury ឬ​មាន​ន័យ​ថា «មហា​កំហឹង» របស់​សហរដ្ឋ​អាមេរិក ត្រូវតែ​ធ្វើ​ឱ្យ​បាន​ជោគជ័យ។

លោក ត្រាំ បាន​ហៅ​ពេលវេលា​នេះ​ថា​ជា​ប្រតិបត្តិការ​ដ៏​ធំធេង។ លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា សង្គ្រាម​នេះ​អាច​អូស​បន្លាយ​ពេល​ពី ៤ ទៅ ៥​សប្ដាហ៍ ទើប​អាច​បិទ​បញ្ចប់ ឬ​មួយ​អ៊ីរ៉ង់ ត្រូវ​មាន​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ថ្មី។

យ៉ាងណា រដ្ឋមន្ត្រី​នៃ​ក្រសួង​សង្គ្រាម លោក Pete Hegseth និង​នាយ​អគ្គសេនាធិការ​ចម្រុះ ឧត្ដមសេនីយ៍ Dan Caine បាន​សង្កត់​ធ្ងន់​ថា បេសកកម្ម​កម្ទេច​មហិច្ឆតា​នុយក្លេអ៊ែរ និង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​អ៊ីរ៉ង់ គឺជា «ការងារ​ដ៏​លំបាក និង​ស្មុគស្មាញ» ដែល​មិន​អាច​កំណត់​ពេលវេលា​ច្បាស់លាស់​បាន​ឡើយ។

លោក Pete Hegseth និង​នាយអគ្គសេនាធិការ​ចម្រុះ ឧត្ដមសេនីយ៍ Dan Caine បាន​បើក​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃ​ចន្ទ ទី​២ ខែ​មីនា ដើម្បី​បញ្ជាក់​ពី​វឌ្ឍនភាព​នៃ​ប្រតិបត្តិការ​យោធា​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល ក្នុង​ប្រតិបត្តិការ​សឹក​វាយប្រហារ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់។

លោក Pete Hegseth បាន​សង្កត់​ធ្ងន់​ថា ប្រតិបត្តិការ​នេះ​មាន​គោលដៅ​កម្ទេច​សមត្ថភាព​មីស៊ីល​កងទ័ព​ជើងទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​របស់​ទីក្រុង​តេហេរ៉ង់ ដើម្បី​លុបបំបាត់​ការ​គំរាមកំហែង​ដល់​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត តែ​លោក​អះអាង​ថា​មិនមែន​ជា​សង្គ្រាម​រ៉ាំរ៉ៃ​នោះ​ទេ។

បើ​តាម​លោក​រដ្ឋមន្ត្រី​នៃ​ក្រសួង​សង្គ្រាម វា​មិនមែន​ជា​សង្គ្រាម​នៅ​អ៊ីរ៉ាក់ ទេ ហើយ​ក៏​មិនមែន​ជា​សង្គ្រាម​ដែល​គ្មាន​ទី​បញ្ចប់​ដែរ តែ​លោក​ថា​សហរដ្ឋ​អាមេរិក​វាយប្រហារ​ដើម្បី​ឈ្នះ និង​បញ្ចប់​ការ​គំរាមកំហែង​ដោយ​មិន​ពន្យារ​ពេល​យូរអង្វែង​ឡើយ។

ចំណែក​ឧត្ដមសេនីយ៍ Dan Caine បាន​លើកឡើង​ថា ទោះបីជា​អាមេរិក​ទទួល​បាន​ឧត្តមភាព​លើ​អាកាស​ក៏ដោយ ក៏​ប្រតិបត្តិការ​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ដែល​អាច​បញ្ចប់​ត្រឹម​មួយ​យប់​នោះ​ទេ។

លោក​ព្រមាន​ថា នឹង​អាច​មាន​ការ​បាត់បង់​ជីវិត​កងទ័ព​អាមេរិក​បន្ថែម​ទៀត ខណៈ​ដែល​បច្ចុប្បន្ន​មាន​កងទ័ព​អាមេរិក​ចំនួន ៤​នាក់​ហើយ​បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​រង​របួស។

ការ​វាយប្រហារ​តាម​អាកាស​រួម​គ្នា​រវាង​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល បាន​ឈាន​ចូល​ដល់​ថ្ងៃទី​៤ ហើយ ដោយ​បាន​កំណត់​គោលដៅ​លើ​ទីតាំង​យោធា​សំខាន់ៗ​ជាច្រើន​ក្នុង​ប្រទេស​អ៊ីរ៉ង់ រួម​មាន​ទីក្រុង​តេហេរ៉ង់ តំបន់ Isfahan ជា​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ និង​តំបន់​ផ្សេងៗ​ទៀត។

កាលពី​យប់​ថ្ងៃ​ចន្ទ ទី​២ ខែ​មីនា រដ្ឋធានី​តេហេរ៉ង់ បាន​រង​នូវ​ការ​វាយប្រហារ​យ៉ាង​សន្ធប់​ពី​កម្លាំង​ទ័ព​អាកាស​អ៊ីស្រាអែល។

ទោះជា​បែបនេះ​ក្ដី សម្រាប់​អ៊ីរ៉ង់ ក៏បាន​បាញ់​មីស៊ីល និង​ដ្រូន​រាប់​ពាន់​គ្រាប់​វាយ​ទៅ​លើ​គោលដៅ​សំខាន់ៗ​នៃ​ប្រទេស​អ៊ីស្រាអែល ដូចជា ទីក្រុង Tel Aviv និង Jerusalem និង​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​ក្នុង​តំបន់ រួម​នឹង​ការ​ដាក់​គោលដៅ​បាញ់​លើ​ស្ថានទូត​អាមេរិក​នៅ​តាម​បណ្ដា​ប្រទេស​ដែល​មាន​មូលដ្ឋាន​កងទ័ព​អាមេរិក។

ប៉ុន្តែ​ការ​បាញ់​មីស៊ីល​របស់​អ៊ីរ៉ង់ មិន​ត្រឹម​សំដៅ​វាយប្រហារ​ផលប្រយោជន៍​អាមេរិក​នោះ​ទេ គឺ​សូម្បី​ទីតាំង​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ក៏​បង្ក​ឱ្យ​ផ្ទុះ​អណ្ដាតភ្លើង​យ៉ាង​ខ្លាំង ហើយ​ប្រទេស​អារ៉ាប់​ជាច្រើន​ទៀត​ក៏​រង​ការ​វាយប្រហារ​ពី​អ៊ីរ៉ង់ ផង​ដែរ ហើយ​ដែល​បញ្ហា​នេះ​វា​ជា​ការ​រុញ​ប្រទេស​អារ៉ាប់ ទាំងនោះ ឲ្យ​ចាប់ផ្ដើម​ថ្កោលទោស​អ៊ីរ៉ង់ យ៉ាង​ខ្លាំង៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស