28.8 C
Phnom Penh

ប្រធានាធិបតី​បារាំង ប្រកាស​ពី​បេសកកម្ម​វាយ​បំបែក​ច្រក​សមុទ្រ Hormuz ដែល​អ៊ីរ៉ង់​ចាប់​ជា​ចំណាប់ខ្មាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាស​ថា សម្ពន្ធភាព​អឺរ៉ុប​បាន​សម្រេច​បញ្ចេញ​បេសកកម្ម​យោធា​រួម​គ្នា​មួយ​ប្រឆាំង​នឹង​ការ​បិទ​ច្រក​សមុទ្រ Hormuz ដោយ​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់។

ច្រក​សមុទ្រ Hormuz គឺជា​ផ្លូវ​នាវាចរ​ដ៏​សំខាន់​នៃ​ការ​ដឹក​ប្រេង​ចេញពី​តំបន់​មជ្ឈិមបូព៌ា​ទៅ​កាន់​អាស៊ី​ប៉ាស៊ីហ្វិក និង​អឺរ៉ុប។

ដំណើរ​ទៅ​ត្រួតពិនិត្យ និង​សួរសុខទុក្ខ​កងទ័ព​បារាំង នៅ​លើ​នាវា​ផ្ទុក​យន្តហោះ Charles de Gaulle កាលពី​ថ្ងៃ​ចន្ទ ទី​៩ ខែ​មីនា លោក ម៉ាក្រុង ព្រមាន​ថា បារាំង និង​អឺរ៉ុប ប្រឆាំង​ដាច់ខាត​ការ​បិទ​រាំង​ខ្ទប់​ច្រក​សមុទ្រ Hormuz ដោយ​យក​ធ្វើ​ជា​ចំណាប់ខ្មាំង​របស់​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់។

បើ​តាម​លោក ម៉ាក្រុង បារាំង​នឹង​ឈានមុខ​គេ​ក្នុង​ចំណោម​ប្រទេស​អឺរ៉ុប ត្រូវ​បញ្ជូន​នាវាចម្បាំង​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz និង​ការពារ​នាវាចរ​អន្តរជាតិ ដែល​ត្រូវ​បើក​ឆ្លងកាត់​ផ្លូវទឹក​ដ៏​សំខាន់​នេះ។

លោក​ប្រធានាធិបតី​បារាំង រូប​នេះ​ប្រកាស​ថា បារាំង​នឹង​បញ្ជូន​នាវាចម្បាំង​ប្រភេទ Frigate ចំនួន ២​គ្រឿង ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​ដែនសមុទ្រ​នៅ​ក្រោម​គម្រោង​បេសកកម្ម​របស់​សហភាព​អឺរ៉ុប នៅ​តំបន់​សមុទ្រ​ក្រហម និង​តំបន់​ច្រក​សមុទ្រ Hormuz នៅ​តំបន់​មជ្ឈិមបូព៌ា។

ការ​ប្រកាស​នេះ ធ្វើឡើង​ក្រោយ​កិច្ចប្រជុំ​រវាង​លោក ម៉ាក្រុង ជាមួយ​ប្រធានាធិបតី​ប្រទេស​ដែន​កោះ​សាយប្រឺស លោក Nikos Christodoulides និង​នាយករដ្ឋមន្ត្រី​ក្រិក លោក Kyriakos Mitsotakis នៅ​លើ​កោះ​សាយប្រឺស ក្រោយពី​លោក​ចេញពី​នាវា​ផ្ទុក​យន្តហោះ Charles de Gaulle។

លោក ម៉ាក្រុង បញ្ជាក់​ថា បេសកកម្ម​នេះ គឺ​ដើម្បី​ការពារ​សុវត្ថិភាព​ផ្លូវទឹក​អន្តរជាតិ និង​ជា​ការ​អមដំណើរ​នាវា​ពាណិជ្ជកម្ម​ឆ្លងកាត់​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​នៅ​ច្រក​សមុទ្រ Hormuz។

លោក​បញ្ជាក់​ថា បេសកកម្ម​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​មាន​ការ​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​បណ្តា​ប្រទេស​ទាំង​ក្នុង និង​ក្រៅ​ទ្វីប​អឺរ៉ុប។

ការ​ដាក់​ពង្រាយ​នាវាចម្បាំង​របស់​បារាំង ធ្វើឡើង​ស្រប​ពេល​ដែល​ស្ថានការណ៍​នៅ​តំបន់​មជ្ឈិមបូព៌ា និង​ច្រក​សមុទ្រ​សំខាន់ៗ​កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង​ខ្លាំង ជាពិសេស​ករណី​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ បិទ​រាំង​ខ្ទប់​ច្រក​សមុទ្រ Hormuz ដោយសារ​សង្គ្រាម​រវាង​សម្ពន្ធមិត្ត​អាមេរិក-អ៊ីស្រាអែល រួម​គ្នា​វាយប្រហារ​ប្រទេស​អ៊ីរ៉ង់ នៃ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់។

ប្រតិកម្ម​នឹង​លោក ម៉ាក្រុង កងកម្លាំង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​នៃ​ប្រទេស​អ៊ីរ៉ង់ បាន​ព្រមាន​ថា ពួកគេ​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ដឹក​ប្រេង​ចេញពី​តំបន់​មជ្ឈិមបូព៌ា​បាន​ឡើយ ប្រសិនបើ​ការ​វាយប្រហារ​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល នៅតែ​បន្ត។

កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ និយាយ​ថា ខ្លួន​នឹង​មិន​អនុញ្ញាត​ដាច់ខាត​ឱ្យ​ប្រេង​ចាកចេញ​ពី​តំបន់​មជ្ឈិមបូព៌ា ប្រសិន​អាមេរិក និង​អ៊ីស្រាអែល នៅតែ​បន្ត​ការ​វាយប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់ ដោយ​អួត​ថា អ៊ីរ៉ង់​ទេ​គឺជា​អ្នក​ដែល​នឹង​កំណត់​ពី​ទី​បញ្ចប់​នៃ​សង្គ្រាម។

ការ​លើកឡើង​បែប​នេះ បាន​នាំ​ឱ្យ​មាន​ការ​ចេញ​សារ​ព្រមាន​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ។

លោក ត្រាំ បាន​បង្ហោះ​សារ​ថា ប្រសិនបើ​អ៊ីរ៉ង់ ហ៊ាន​រារាំង​ការ​ដឹក​ប្រេង​នៅ​ច្រក​សមុទ្រ Hormuz អ៊ីរ៉ង់​នឹង​រង​ការ​វាយប្រហារ​ខ្លាំង​ជាង​ពេលនេះ​ដល់​ទៅ ២០​ដង។

ច្រក​សមុទ្រ Hormuz ជា​ទី​ដែល​ប្រេង​ឆៅ​ប្រមាណ​ជា ២០% របស់​ពិភពលោក ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់​ជា​ប្រចាំ ប៉ុន្តែ​បាន​ជាប់​គាំង​ចាប់តាំងពី​សង្គ្រាម​មជ្ឈិមបូព៌ា​បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ ដោយ​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ រាំង​ខ្ទប់​ចាប់​ជា​ចំណាប់ខ្មាំង។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ និយាយ​ថា ប្រទេស​របស់​លោក​បាន​ត្រៀម​លក្ខណៈ​ដើម្បី​បន្ត​ការ​ប្រយុទ្ធ ដរាបណា​វា​នៅតែ​ចាំបាច់។ បន្ថែម​លើស​ពី​នេះ លោក Abbas Araghchi បាន​ច្រានចោល​លទ្ធភាព​ចរចា​ឡើងវិញ បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និយាយ​ថា សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ នឹង​ចប់​ទៅវិញ​ក្នុង​ពេល​ឆាប់ៗ។

រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អ៊ីរ៉ង់ លោក Abbas Araghchi បាន​បញ្ជាក់​ទៀត​ថា អ៊ីរ៉ង់​បាន​ត្រៀម​លក្ខណៈ​ដើម្បី​បន្ត​ការ​វាយប្រហារ​មីស៊ីល ហើយ​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក គឺ​លែង​ស្ថិត​ក្រោម​របៀបវារៈ​ទៀត​ហើយ។

កាលពី​ថ្ងៃ​ចន្ទ លោក ត្រាំ បាន​ព្យាករ​ថា សង្គ្រាម​នឹង​បិទ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ ប៉ុន្តែ​បាន​គំរាម​បង្កើន​ការ​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ ប្រសិនបើ​ទីក្រុង​តេហេរ៉ង់ បិទ​ខ្ទប់​ការ​ដឹកជញ្ជូន​ប្រេង​ចេញពី​តំបន់​មជ្ឈិមបូព៌ា។

កាលពី​ខែ​មិថុនា ឆ្នាំ​២០២៥ អ៊ីស្រាអែល បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​អ៊ីរ៉ង់ បង្ក​ជា​សង្គ្រាម​ផ្លូវអាកាស​រយៈពេល ១២​ថ្ងៃ។ សង្គ្រាម​ពេល​នោះ ក៏​ព្រោះតែ​ការ​ចរចា​អាមេរិក-អ៊ីរ៉ង់ អំពី​ការ​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បរាជ័យ។ សង្គ្រាម​លើក​ទី​២ នេះ បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ព្រោះតែ​ទីក្រុង​តេហេរ៉ង់ ចរចា​សាជាថ្មី​ជាមួយ​ក្រុង​វ៉ាស៊ីនតុន ជួប​រឿង​បរាជ័យ​ជា​ថ្មី​ម្ដង​ទៀត ហើយ​អ៊ីស្រាអែល ដែល​ជា​កូនជឹង​របស់​អាមេរិក បាន​សម្រេច​បើក​ការ​វាយប្រហារ​ជា​ថ្មី​ម្ដង​ទៀត។

សង្គ្រាម​នៅតែ​បន្ត តែ​តុល្យការ​នៃ​សង្គ្រាម​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល មាន​ប្រៀប​ខ្លាំង​ជាង​អ៊ីរ៉ង់ ដោយ​លំហ​អាកាស​នៃ​ប្រទេស​អ៊ីរ៉ង់ សឹងតែ​ទាំងមូល កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​កងទ័ព​អាកាស​អាមេរិក និង​អ៊ីស្រាអែល៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស