26.3 C
Phnom Penh

កងទ័ព​អ៊ីស្រាអែល អះអាង​ថា​បាន​សម្លាប់​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អ៊ីរ៉ង់ និង​មេបញ្ជាការ​ប៉ារ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងទ័ព​អ៊ីស្រាអែល អះអាង​នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ថា កងទ័ព​អាកាស​របស់​ខ្លួន​បាន​សម្លាប់​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ង់ លោក Ali Larijani និង​មេបញ្ជាការ​របស់​កងកម្លាំង​ប៉ារ៉ា Basij នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ក្នុង​ការ​វាយប្រហារ​កំណត់​គោលដៅ​ច្បាស់លាស់​មួយ​លើ​ទីក្រុង​តេហេរ៉ង់ កាលពី​រំលង​អាធ្រាត្រ​ចូល​ថ្ងៃទី​១៧ មីនា។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​លោកខាងលិច។

កង​យោធា​អ៊ីស្រាអែល បាន​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ចន្ទ ទី​១៦ មីនា នេះ កងទ័ព​អាកាស​អ៊ីស្រាអែល បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ដោយ​ផ្អែកលើ​ព័ត៌មាន​ចារកម្ម បាន​កំណត់​គោលដៅ​វាយប្រហារ​កម្ចាត់​បុគ្គល ២​រូប​មាន​ឈ្មោះ Ali Larijani ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ង់ និង​ឧត្ដមសេនីយ៍ Gholamreza Soleimani ជា​មេបញ្ជាការ​កងទ័ព​ប៉ារ៉ា ដែល​បាន​បម្រើ​ក្នុង​មុខតំណែង​មេបញ្ជាការ​កងកម្លាំង Basij នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ រយៈពេល ៦​ឆ្នាំ។

ខណៈ​ដែល​សង្គ្រាម​ចូល​ដល់​សប្ដាហ៍​ទី​៣ អ៊ីស្រាអែល​ប្រកាស​ផែនការ​បន្ត​ធ្វើ​សង្គ្រាម ៣​សប្តាហ៍​ទៀត។

សង្គ្រាម​របស់​អាមេរិក រួម​នឹង​អ៊ីស្រាអែល ទៅ​លើ​អ៊ីរ៉ង់ ឥឡូវ​នេះ​កំពុង​ឈាន​ចូល​សប្តាហ៍​ទី​៣ ដោយ​មិន​ទាន់​មាន​សញ្ញា​បញ្ចប់​នៅឡើយ។

អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល លោក​វរសេនីយ៍ទោ Nadav Shoshani បាន​បញ្ជាក់​ថា គោលបំណង​អ៊ីស្រាអែល គឺ​ចង់​ធ្វើ​ឱ្យ​របប​នេះ​ចុះ​ខ្សោយ និង​បំផ្លាញ​សមត្ថភាព​យោធា​ពួកគេ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​មីស៊ីល​ផ្លោង កន្លែង​នុយក្លេអ៊ែរ និង​ទីតាំង​យុទ្ធសាស្ត្រ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់។

ក្នុង​សង្គ្រាម​វាយលុក​យ៉ាង​ខ្លាំង​ពី​សំណាក់​កងទ័ព​ជើង​អាកាស​អ៊ីស្រាអែល សហការ​ជាមួយ​អាមេរិក កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ បាន​សម្រេច​បិទ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ដែល​ជា​ផ្លូវ​ឆ្លងកាត់​សម្រាប់​ប្រេង និង​ឧស្ម័ន ២៧​ភាគរយ​នៃ​ពិភពលោក ដោយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​រុញច្រាន​តម្លៃ​ប្រេង​ឱ្យ​ឡើង​ថ្លៃ និង​បង្ក​ក្តី​បារម្ភ​អំពី​ការ​កើន​ឡើង​នៃ​អតិផរណា​សកល។

ក្នុង​ស្ថានភាព​នេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​អំពាវនាវ​ឱ្យ​មាន​ក្រុម​ចម្រុះ​វាយ​បើក​ផ្លូវទឹក​ដ៏​សំខាន់​នេះ​ឡើងវិញ តែ​លោក ត្រាំ ព្រមាន​អង្គការ​ណាតូ (NATO) ថា នឹង​ជួប​អនាគត «អាក្រក់​បំផុត» ប្រសិនបើ​សម្ពន្ធមិត្ត​មិន​ព្រម​ជួយ​ទីក្រុង​វ៉ាស៊ីនតោន។

មក​ទល់​ពេលនេះ ពុំ​ទាន់​មាន​ប្រទេស​ក្នុង​សម្ពន្ធមិត្ត​ណាតូ​ណា​មួយ​បាន​បញ្ជូន​នាវា​តាម​សំណើ​លោក ត្រាំ ទៅ​ជួយ​បើក​ច្រក​សមុទ្រ Hormuz នោះ​ទេ។

អតីត​អគ្គលេខាធិការ​អង្គការ​សម្ពន្ធភាព​ណាតូ លោក Jen Stoltenberg រំឭក​សហរដ្ឋ​អាមេរិក​ថា ធម្មនុញ្ញ​ណាតូ​ចែង​អំពី​តែ​កិច្ចការពារ​ប៉ុណ្ណោះ មិនមែន​ចែង​អំពី​ការ​ធ្វើ​ចម្បាំង​នោះ​ទេ។

រដ្ឋមន្ត្រី​កិច្ចការ​បរទេស​អាល្លឺម៉ង់ Johann Wadephul ថ្លែង​ពេល​ថ្មីៗ​នេះ​ថា លោក​មើល​មិន​ឃើញ​នាទី​សមាជិក​ណាតូ​លូក​ដៃ​ក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ង់ នោះ​ទេ។

ឧត្ដមសេនីយ៍ Dan Cane នាយអគ្គសេនាធិការ​កង​អង្គភាព​ចម្រុះ បាន​ព្យាករ ហើយ​ប្រាប់​ប្រធានាធិបតី ត្រាំ តាំងពី​ដើមទី​ថា បើ​វាយប្រហារ​ប្រទេស​អ៊ីរ៉ង់ ក្រុង​តេហេរ៉ង់ នឹង​ច្បាស់​បិទ​ច្រក​សមុទ្រ Hormuz ហើយ​សហរដ្ឋ​អាមេរិក​មិន​អាច​បើក​ច្រក​នោះ​បាន​ដោយ​ខ្លួនឯង​ទេ។

នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា នេះ​ដែរ មន្ត្រី​អាមេរិកាំង​ម្នាក់​ក្នុង​រដ្ឋាភិបាល​លោក ត្រាំ ជា​នាយក​ការិយាល័យ​ប្រឆាំង​ភេរវកម្ម លោក Joseph Kent បាន​សរសេរ​ទៅ​លោក ត្រាំ ដាក់​ពាក្យ​សុំ​លាលែង​ពី​តំណែង ដោយ​លើក​ហេតុផល​ពីរ​យ៉ាង​បញ្ជាក់​ថា៖ «តាម​មនសិការ លោក​មិន​អាច​សម្ងំ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ នោះ​ទេ។ អ៊ីរ៉ង់​គ្មាន​អាវុធ​គំរាម​វាយប្រហារ​លើ​សហរដ្ឋ​អាមេរិក​នោះ​ទេ។»

គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា នេះ អ៊ីរ៉ង់​នៅតែ​បន្ត​វាយប្រហារ​ទៅ​លើ​ប្រទេស​ក្នុង​សម្ពន្ធភាព​សហរដ្ឋ​អាមេរិក ខណៈ​ប្រកាស​បើក​ច្រក​ឲ្យ​នាវា​ដឹក​ប្រេង​ប្រទេស​ឯទៀត​ចេញ​ចូល លើកលែងតែ​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល។ អ៊ីរ៉ង់ ប្រាប់​ប្រទេស​ឥណ្ឌា បើ​ចង់បាន​ប្រេង ត្រូវ​គិត​ថ្លៃ​ជា​ប្រាក់​យ័ន មិន​យក​ដុល្លារ​ឡើយ។

ជាមួយ​គ្នា​នេះ អ៊ីរ៉ង់​បាន​បន្ត​វាយប្រហារ​ដោយ​ដ្រូន បង្ក​ឱ្យ​មាន​អគ្គិភ័យ​លើ​ទីក្រុង​កំពង់ផែ Fujairah ប្រទេស​អារ៉ាប់រួម ដែល​ជា​ប្រទេស​នាំ​ប្រេង​ចេញ​ដ៏​សំខាន់ ហើយ​ក៏​ជា​ទីតាំង​បូម​ប្រេង​ក្រុមហ៊ុន​រដ្ឋ ADNOC ដែល​ត្រូវ​ផ្អាក។ វាល​កំណប់​ឧស្ម័ន​ធម្មជាតិ Shah ស្ថិត​នៅ​ចម្ងាយ​ប្រហែល ១៨០​គីឡូម៉ែត្រ​ភាគ​និរតី​ទីក្រុង Abu Dhabi និង​ជា​ប្រភព​ប្រេង​ដ៏​ធំ​បំផុត​នៅ​តំបន់​មជ្ឈិមបូព៌ា ក៏​ស្ទះ។

ប្រទេស​អារ៉ាប់​ទាំងអស់​នៅ​ឈូងសមុទ្រ​ពែក្ស បាន​អនុញ្ញាត​ឲ្យ​កងទ័ព​អាមេរិកាំង​មាន​មូលដ្ឋាន​ប្រចាំការ​ហាក់បីដូចជា​ប្រឈមមុខ​ឡោមព័ទ្ធ​ប្រទេស​អ៊ីរ៉ង់ ពី​ទិស​ទក្សិណ។

ទិន្នផល​ប្រេង​ឆៅ​ប្រចាំ​ថ្ងៃ​ពី​ក្រុមហ៊ុន​ផលិត​ប្រេង​លំដាប់​ទី​៣ របស់​អង្គការ OPEC មួយ​នេះ បាន​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល តាំងពី​ជម្លោះ​ផ្ទុះ​ឡើង ដោយ​ការ​បិទ​ច្រក​សមុទ្រ Hormuz បង្ខំ​ឱ្យ ADNOC អនុវត្ត​ការ​បិទ​ផលិតកម្ម​យ៉ាង​ទូលំទូលាយ។ ការ​ដឹកជញ្ជូន​ប្រេង​ឆៅ​ពី​ក្រុមហ៊ុន ADNOC នៅតែ​ផ្អាក​ក្នុង​ទីក្រុង​កំពង់ផែ Fujairah។ កំពង់ផែ Fujairah និង​តំបន់​វាល​ឧស្ម័ន Shah ជា​ប្រភព​ផ្គត់ផ្គង់​ប្រេង​ឆៅ Murban ជាង ១​លាន​បារ៉ែល ឬ​ធុង ១៦០​លីត្រ។

ទោះជា​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា​នឹង​បន្ត​សង្គ្រាម​រហូត ៦​សប្ដាហ៍​ក៏ដោយ ចំពោះ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Abbas Araqchi បញ្ជាក់​ថា ទីក្រុង​តេហេរ៉ង់ មិន​បាន​ស្នើសុំ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​អ្វី​ឡើយ គឺ​តស៊ូ​ប្រយុទ្ធ​រហូត​ដល់​សហរដ្ឋ​អាមេរិក ដើរ​ចេញពី​សង្គ្រាម​ដោយ​ខ្លួនឯង។ លោក​ថា សង្គ្រាម​នឹង​ចប់ លុះត្រា​ណា​តែ​មាន​ការ​ធានា​ថា «គ្មាន​ការ​វាយប្រហារ​ជា​ថ្មី​នៅ​អនាគត»

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស