30.7 C
Phnom Penh

អាមេរិក​ទម្លាក់​គ្រាប់បែក​កម្ទេច​ទីតាំង​មីស៊ីល​របស់​អ៊ីរ៉ង់ នៅ​ក្បែរ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ដោយ​ជោគជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីបញ្ជាការ​កណ្ដាល​កងទ័ព​សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​ថា កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក បាន​បើក​ការ​វាយប្រហារ​លើ​ទីតាំង​មីស៊ីល​របស់​អ៊ីរ៉ង់ ដែល​ស្ថិត​នៅ​ក្បែរ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ដោយ​ទម្លាក់​គ្រាប់បែក​កម្ទេច​ទីតាំង​រូង​ក្រោម​ដី​ដ៏​ធំ​មួយ ដោយ​បំផ្ទុះ​ឃ្លាំង​អាវុធ​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​ដោយ​ជោគជ័យ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម X កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២៦ ទីបញ្ជាការ​កណ្ដាល​យោធា​អាមេរិក បាន​បញ្ជាក់​ថា កងកម្លាំង​ទ័ព​អាកាស​អាមេរិក បាន​ប្រើប្រាស់​គ្រាប់បែក​ទម្ងន់ ៥០០០​ផោន ឬ​ស្មើ​នឹង ២២០០​គីឡូក្រាម​ជាច្រើន​គ្រាប់​ដោយ​ជោគជ័យ​ទម្លាក់​លើ​ទីតាំង​មីស៊ីល​ដ៏​រឹងមាំ​របស់​អ៊ីរ៉ង់ នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​អ៊ីរ៉ង់ ដែល​ស្ថិត​នៅ​ក្បែរ​ច្រក​សមុទ្រ Hormuz។

បើ​តាម​ទីបញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា មីស៊ីល​គ្រូស​ប្រឆាំង​នាវាចម្បាំង​ដែល​មាន​នៅ​ក្នុង​ទីតាំង​រូង​ក្រោម​ដី ត្រូវ​បាន​កម្ទេច។ មីស៊ីល​ទាំងនោះ​ដែល​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ បាន​វាយប្រហារ​កប៉ាល់​ដឹក​ប្រេង​ដែល​បើក​ឆ្លងកាត់​ចក្រ​សមុទ្រ Hormuz។

ក្នុង​ស្ថានភាព​សង្គ្រាម​ចូល​ដល់​ថ្ងៃទី​១៩ រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល លោក Gideon Saar បាន​ប្រកាស​ថា ប្រទេស​របស់​លោក​បាន​ឈ្នះ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ រួច​ទៅ​ហើយ ប៉ុន្តែ​លោក​និយាយ​ថា ប្រតិបត្តិការ​សឹក​នឹង​បន្ត​ធ្វើ​ឡើង​រហូត​ទាល់តែ​សម្រេច​គោលដៅ។

លោក Gideon Saar ធ្វើការ​កត់សម្គាល់​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២៦។

យ៉ាងណា ប្រមុខ​ការទូត​អ៊ីស្រាអែល រូប​នេះ និង​ក្រុម​មន្ត្រី​អ៊ីស្រាអែល ធ្លាប់​បាន​និយាយ​ថា គោលដៅ​របស់​អ៊ីស្រាអែល គឺ​សំដៅ​ធ្វើ​ឱ្យ​សមត្ថភាព​ដឹកនាំ​ការ​វាយប្រហារ​របស់​អ៊ីរ៉ង់ ចុះ​ខ្សោយ​ជា​លំដាប់​រយៈពេល​យូរ។

ជាមួយ​គ្នា​នេះ កង​សន្តិសុខ​អ៊ីរ៉ាក់ បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី​១៨ ខែ​មីនា ថា កងទ័ព​អ៊ីរ៉ង់ បាន​វាយប្រហារ​ដោយ​ដ្រូន​មួយ​គ្រឿង​លើ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បាដាដ នៃ​ប្រទេស​អ៊ីរ៉ាក់។

កាលពី​ថ្ងៃ​អង្គារ ប្រភព​សន្តិសុខ​នៃ​ប្រទេស​អ៊ីរ៉ាក់ ក៏បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ការ​វាយប្រហារ​ដោយ​រ៉ុក្កែត និង​ដ្រូន​នាំ​ឱ្យ​សំឡេង​ស៊ីរ៉ែន​បន្លឺ​ឡើង​ជាមួយ​នឹង​ស្នូរ​ផ្ទុះ​ក្បែរ​បរិវេណ​ស្ថានទូត​អាមេរិក ដែល​ជា​ការ​វាយប្រហារ​ដោយ​ដ្រូន ៣​គ្រឿង តែ​ត្រូវ​បាន​ប្រព័ន្ធ​ការពារ​ដែនអាកាស C-RAM ស្ទាក់​ចាប់។

ប៉ុន្តែ​ការ​វាយ​សងសឹក​របស់​អ៊ីរ៉ង់ ទៅ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​តំបន់​ឈូងសមុទ្រ​ពែក្ស បាន​បណ្ដាល​ឱ្យ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ថ្កោលទោស​អ៊ីរ៉ង់ ព្រោះតែ​ដ្រូន និង​មីស៊ីល​អ៊ីរ៉ង់ បាន​វាយប្រហារ​ទៅ​លើ​ទីតាំង​ស្តុក​ប្រេង រោងចក្រ​ប្រេង និង​អាកាសយានដ្ឋាន។ មិន​ត្រឹមតែ​ថ្កោលទោស​ប៉ុណ្ណោះ​ទេ ប្រទេស​ទាំងនោះ​គំរាម​វាយប្រហារ​ទៅ​លើ​អ៊ីរ៉ង់ វិញ​ដែរ។

នៅ​ថ្ងៃទី​១៨ ខែ​មីនា នេះ ប្រទេស​អារ៉ាប់ ជំរុញ​ឱ្យ​អាមេរិក​បន្ដ​ធ្វើ​សង្គ្រាម​លើ​អ៊ីរ៉ង់ រហូត​ដល់​អ៊ីរ៉ង់ ចុះ​ខ្សោយ​ខ្លាំង​សមត្ថភាព​យោធា​ក្នុង​តំបន់។

យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដោយ​ដកស្រង់​សម្ដី​មន្ត្រី​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស ឱ្យ​ដឹង​ថា រដ្ឋ​អារ៉ាប់​ជាច្រើន​កំពុង​ជំរុញ​សហរដ្ឋ​អាមេរិក​ឱ្យ​បន្ត​យុទ្ធនាការ​យោធា​របស់​ខ្លួន​ប្រឆាំង​អ៊ីរ៉ង់ ដោយ​មិន​ចង់​ឱ្យ​មាន​ការ​ផ្អាក​នោះ​ទេ ទោះបីជា​សមត្ថភាព​យោធា​របស់​អ៊ីរ៉ង់ ត្រូវ​បាន​បង្ហាញ​ថា​បាន​ចុះ​ខ្សោយ​ក៏ដោយ។

រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ មាន​ដូចជា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ប្រទេស​អារ៉ាប់រួម ប្រទេស​បារ៉ែន ប្រទេស​គុយវ៉ែត ប្រទេស​ហ្សកដានី បារម្ភ​ថា​ការ​ផ្អាក​យុទ្ធនាការ​មុន​ពេល​វេលា​សមស្រប អាច​ធ្វើ​ឲ្យ​អ៊ីរ៉ង់ មាន​សមត្ថភាព​គំរាមកំហែង​ទៅ​លើ​ផ្លូវ​ដឹកជញ្ជូន​ប្រេង គ្រឹះស្ថាន​ហេដ្ឋារចនាសម្ព័ន្ធ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែល​មាន​សារសំខាន់​សម្រាប់​សេដ្ឋកិច្ច​តំបន់។

ប្រតិកម្ម​របស់​ប្រទេស​ទាំងនេះ កើតឡើង​នៅ​ពេល​សង្គ្រាម​ចូល​ដល់​សប្តាហ៍​ទី​បី ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល កាន់តែ​ខ្លាំង​ឡើង ខណៈ​អ៊ីរ៉ង់ បាន​បាញ់​មីស៊ីល និង​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅ​លើ​មូលដ្ឋាន​យោធា​របស់​អាមេរិក​ក្នុង​តំបន់ និង​រំខាន​ដល់​ចរាចរណ៍​នៅ​ច្រក​សមុទ្រ Hormuz ដែល​ជា​ផ្លូវ​នាវាចរ​ដ៏​សំខាន់​សម្រាប់​ការ​ដឹក​ប្រេង​ចេញពី​មជ្ឈិមបូព៌ា​ទៅ​កាន់​ទីផ្សារ​អាស៊ី​ប៉ាស៊ីហ្វិក និង​អឺរ៉ុប៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស