រដ្ឋការប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើជម្រើសបញ្ជូនកងទ័ពបន្ថែមរាប់ពាន់នាក់ ដើម្បីពង្រឹងប្រតិបត្តិការយោធារបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា ខណៈអាមេរិកកំពុងត្រៀមលក្ខណៈសម្រាប់ដំណាក់កាលថ្មីនៅក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដែលកំពុងបោះជំហានចូលសប្ដាហ៍ទី៤។
ការដាក់ពង្រាយកងទ័ពបន្ថែមទៀត អាចនឹងផ្ដល់ជម្រើសបន្ថែមឱ្យលោក ត្រាំ ពិចារណាលើការពង្រីកប្រតិបត្តិការយោធាក្នុងសង្គ្រាមរួមដៃគ្នាជាមួយអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់។
យ៉ាងហោចណាស់ប្រភពចំនួន ៤ ដែលផ្ដល់ព័ត៌មានឱ្យទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានឱ្យដឹងថា ជម្រើសនៃការបន្ថែមទ័ព និងសព្វាវុធថែមទៀត គឺសំដៅគ្រប់គ្រងសុវត្ថិភាពផ្លូវឆ្លងកាត់សម្រាប់កប៉ាល់ដឹកប្រេងដែលឆ្លងកាត់តាមច្រកសមុទ្រហ័រមូស (Hormuz) គឺជាបេសកកម្មមួយជាចម្បងត្រូវការគាំទ្រពីកងទ័ពអាកាស និងកងទ័ពជើងទឹក។
យ៉ាងណា ការគ្រប់គ្រងច្រកសមុទ្រ Hormuz ត្រូវតម្រូវឱ្យសហរដ្ឋអាមេរិកបញ្ជូនកងទ័ពជើងគោកវាយកាន់កាប់តំបន់ឆ្នេរនៃប្រទេសអ៊ីរ៉ង់។
តាមប្រភពពីមន្ត្រីអាមេរិក រដ្ឋការលោក ត្រាំ កំពុងពិភាក្សាលើជម្រើសបញ្ជូនកងទ័ពថ្មើរជើងចូលទៅកាន់កាប់កោះ Kharg របស់អ៊ីរ៉ង់ ដែលជាប្រភព ៩០% នៃប្រេងត្រូវនាំចេញសម្រាប់ទ្រទ្រង់របបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។
តែអ្នកជំនាញព្រមានថា ប្រតិបត្តិការបែបនេះនឹងប្រឈមហានិភ័យខ្ពស់ ព្រោះអ៊ីរ៉ង់ នៅតែមានសមត្ថភាពបាញ់មីស៊ីលរយៈចម្ងាយខ្លី និងដ្រូន។
កាលពីថ្ងៃទី១៣ ខែមីនា កងយន្តហោះចម្បាំង និងនាវាចម្បាំងអាមេរិក បានវាយប្រហារលើទីតាំងយោធាអ៊ីរ៉ង់ នៅលើកោះ Kharg ដែលភ្លាមៗនោះលោក ត្រាំ បានគំរាមថានឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងដែលមាននៅលើកោះ Kharg។
កោះ Kharg មានរយៈចម្ងាយ ៤០គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសអ៊ីរ៉ង់។
បើតាមក្រុមអ្នកជំនាញ ការប្រើប្រាស់កម្លាំងថ្មើរជើង គឺជាសង្គ្រាមផ្ដាច់ព្រ័ត្រដែលត្រូវកំណត់ឈ្នះ ឬចាញ់ ប៉ុន្តែក្នុងកិច្ចអន្តរាគមន៍ពីអ៊ីស្រាអែល ភាពលើសលប់ គឺអាចផ្ដួលរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ជាមួយនឹងកម្លាំងបះបោរផ្ទៃក្នុងនៃប្រទេសអ៊ីរ៉ង់ អាចងើបឡើងប្រឆាំងរបបផ្ដាច់ការនៅទីក្រុងតេហេរ៉ង់។
ទន្ទឹមនឹងនេះ កម្លាំងទ័ពនៃក្រុម Kurdistan ដែលកំពុងវាយចូលទឹកដីអ៊ីរ៉ង់ ដោយវាយចេញពីព្រំដែនប្រទេសអ៊ីរ៉ាក់ ក៏ជាកម្លាំងដ៏សំខាន់មួយចាំជួយកងទ័ពសហរដ្ឋអាមេរិកផងដែរ។ កងកម្លាំងនេះអាចមានជាង ១ម៉ឺននាក់ ហើយកំពុងជួយហ្វឹកហាត់ដោយចារកម្ម CIA របស់អាមេរិក។
ក្នុងស្ថានភាពដែលកំពុងតានតឹងខ្លាំង ដោយសារអ៊ីរ៉ង់ វាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលប្រទេសឈូងសមុទ្រពែក្ស រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានព្រមានថា ការអត់ធ្មត់ចំពោះការវាយប្រហារពីសំណាក់ប្រទេសអ៊ីរ៉ង់ លើប្រទេសរបស់ព្រះអង្គ និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ កំពុងតែអស់ភាពអត់ធ្មត់ហើយ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមរដ្ឋមន្ត្រីការបរទេសអារ៉ាប់ អំពីការវាយប្រហារពីសំណាក់ប្រទេសអ៊ីរ៉ង់ ព្រះអង្គម្ចាស់ Faisal ក៏បានលើកឡើងថា អារ៉ាប៊ីសាអ៊ូឌីត រក្សាសិទ្ធិប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងករណីចាំបាច់ត្រូវឆ្លើយតប។
ការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ធ្វើឡើងក្រោយពីអ៊ីរ៉ង់ បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ឈូងសមុទ្រពែក្សយ៉ាងធ្ងន់ធ្ងររយៈពេល ២ថ្ងៃជាប់គ្នានេះ។
តែយ៉ាងណា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់ គឺជាការសងសឹកទៅនឹងការវាយប្រហារលើរោងចក្រឧស្ម័នដ៏សំខាន់មួយរបស់ខ្លួន ដែលរងការវាយប្រហារកាលពីថ្ងៃពុធ ពីសំណាក់ប្រទេសអ៊ីស្រាអែល។
លោក Pezeshkian គំរាមថា នឹងបង្កើនការវាយប្រហារបន្ថែមទៀត បើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ រងការវាយប្រហារជាថ្មី ហើយថារាល់ការវាយប្រហារគឺជាសិទ្ធិការពារខ្លួន។
កាលពីយប់ថ្ងៃពុធ កងទ័ពអាកាសអ៊ីស្រាអែល បានបើកការវាយប្រហារលើរោងចក្រឧស្ម័ន South Pars នៃប្រទេសអ៊ីរ៉ង់ ដោយបង្កអណ្ដាតភ្លើងឆេះយ៉ាងខ្លាំង។
រោងចក្រឧស្ម័ន South Pars ក៏ជាជង្រុកឧស្ម័នដ៏ធំបំផុតនៃប្រទេសអ៊ីរ៉ង់ ដែលត្រូវនាំចេញទៅកាន់ទីផ្សារប្រេងនៅអាស៊ីប៉ាស៊ីហ្វិក និងតំបន់អឺរ៉ុប៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

