កាលពីសប្ដាហ៍មុន លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកទូរសព្ទទៅនិយាយជាសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ ក្នុងកិច្ចសន្ទនានោះ លោកបានសួរនាំទៅលោក ពូទីន អំពីរុស្ស៊ី ជួយចែករំលែកព័ត៌មានចារកម្មពីផ្កាយរណបរបស់ខ្លួនទៅឱ្យអ៊ីរ៉ង់។
បើតាមបណ្ដាញផ្សាយព័ត៌មានអាមេរិក ចុះផ្សាយថាលោក ពូទីន បានច្រានចោលការចោទដូចនេះ ដោយអះអាងថា រុស្ស៊ីមិនបានជួយអ៊ីរ៉ង់ ទេនៅពេលនេះ សូម្បីចារកម្មយោធាតាមរយៈផ្កាយរណបក៏ដោយ។ មិនតែប៉ុណ្ណោះ លោក ពូទីន សន្យាថាបើមានការផ្ដល់ព័ត៌មានផ្កាយរណបរបស់រុស្ស៊ី ដែលថតមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ក៏ក្រុងមូស្គូ លែងផ្ដល់ឱ្យអ៊ីរ៉ង់ ដែរ។
ក្នុងកិច្ចសន្ទនានោះ លោក ត្រាំ ក៏បានប្រកាសបើកឱ្យរុស្ស៊ី ទទួលកប៉ាល់ចូលពីរុស្ស៊ី ក្នុងរយៈពេល ៣០ថ្ងៃ ដើម្បីជួយទប់ស្កាត់ការឡើងតម្លៃប្រេងនៅលើទីផ្សារ ព្រោះតែនៅតំបន់មជ្ឈិមបូព៌ាដែលជាជង្រុកប្រេងដ៏ធំ កំពុងរងការប៉ះពាល់ដោយសារសង្គ្រាមសហរដ្ឋអាមេរិក រួមដៃគ្នានឹងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់។
គេថាលោក ត្រាំ ធ្វើដូចនេះ ដើម្បីឱ្យរុស្ស៊ី បន្ថយទំនាក់ទំនងជាមួយអ៊ីរ៉ង់ ពោលគឺមិនត្រូវមានកិច្ចអន្តរាគមន៍ណាមួយជួយអ៊ីរ៉ង់ នោះទេ។
តែប៉ុន្មានថ្ងៃមកនេះ រុស្ស៊ីត្រូវបានគេដឹងថាបាននិងកំពុងពង្រីកការចែករំលែកព័ត៌មានសម្ងាត់ និងការសហប្រតិបត្តិការយោធាជាមួយអ៊ីរ៉ង់ ដោយផ្តល់រូបភាពផ្កាយរណប និងជួយកែលំអបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក ដើម្បីឱ្យអ៊ីរ៉ង់ អាចកំណត់គោលដៅលើកងកម្លាំងអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។
តាមសេចក្តីរាយការណ៍ពីទស្សនាវដី្ត Wall Street Journal ទីក្រុងមូស្គូ កំពុងជួយសម្ពន្ធមិត្តរបស់ខ្លួន គឺសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងបំណងអូសទាញផលប្រយោជន៍ពីសង្គ្រាម ដែលទីក្រុងមូស្គូ អាចទទួលផលចំណេញពីផ្នែកសេដ្ឋកិច្ច និងយោធា។
ប្រភពមន្ត្រីចារកម្មអឺរ៉ុប បាននិយាយថា រុស្ស៊ីបានផ្គត់ផ្គង់ឱ្យអ៊ីរ៉ង់ មិនត្រឹមតែរូបភាពពីផ្កាយរណបអំពីមូលដ្ឋានទ័ពអាមេរិកនៅនៅមជ្ឈិមបូព៌ានោះទេ តែក៏មានជួយកែលំអយន្តហោះគ្មានមនុស្សបើក គឺដ្រូន Shahed រួមទាំងផ្ដល់នូវសមត្ថភាពកំណត់គោលដៅវាយប្រហារទៅលើសត្រូវទៀតផង។
យន្តហោះដ្រូន Shahed ត្រូវបានផលិតដោយអ៊ីរ៉ង់ ប៉ុន្តែរុស្ស៊ី បានបង្កើតកំណែផលិតក្នុងស្រុកផ្ទាល់ខ្លួន និងចែករំលែកបទពិសោធពីការប្រើប្រាស់អាវុធនៅសង្គ្រាមអ៊ុយក្រែន ដើម្បីបង្ហាត់អ៊ីរ៉ង់ ពីវិធីប្រើយន្តហោះគ្មានមនុស្សបើកក្នុងការវាយប្រហារទៅលើគោលដៅរបស់សត្រូវ។
ទស្សនាវដី្ត Wall Street Journal និងកាសែត Washington Post បានរាយការណ៍ថា រុស្ស៊ីក៏ផ្តល់ព័ត៌មានផ្កាយរណបអំពីទីតាំងកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ាផងដែរ។
តាមកាសែត Washington Post កិច្ចសហប្រតិបត្តិការនេះកើតឡើងដើម្បីជួយអ៊ីរ៉ង់ ក្នុងការវាយលុកប្រព័ន្ធរ៉ាដារបស់អាមេរិក។
មន្ត្រីជំនាញម្នាក់នៃក្រុមចារកម្មយោធាអឺរ៉ុប បានបញ្ជាក់ថា ព័ត៌មាននេះបានមកពីផ្កាយរណបរបស់កងកម្លាំងអវកាសរុស្ស៊ី។
យ៉ាងណា វិមានក្រឹមឡាំង មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពីកាសែត Washington Post នោះទេ។
ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យសេតវិមាន លោកស្រី Olivia Wales បានច្រានចោលរបាយការណ៍របស់ Wall Street Journal និងកាសែត Washington Post ដោយបញ្ជាក់ថា ការគាំទ្ររបស់រុស្ស៊ី ចំពោះអ៊ីរ៉ង់ មិនប៉ះពាល់ដល់ប្រតិបត្តិការសង្គ្រាមសហរដ្ឋអាមេរិក ទេ។
លោកស្រីបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ថយចុះ ៩០% និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកថយចុះ ៩៥% បន្ទាប់ពីប្រតិបត្តិការវាយប្រហាររបស់អាមេរិក។
អ៊ីរ៉ង់ បានប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្សបើកវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក និងមជ្ឈមណ្ឌលប្រជាជនអ៊ីស្រាអែល ជាការសងសឹកចំពោះយុទ្ធនាការអាមេរិក-អ៊ីស្រាអែល ដែលចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។
កាលពីដើមខែនេះ បណ្ដាញផ្សាយព័ត៌មាន CNN ក៏បានរាយការណ៍ថា រូបភាពផ្កាយរណបបង្ហាញថា ទីតាំងរ៉ាដារបស់សហរដ្ឋអាមេរិកជាច្រើននៅក្នុងតំបន់ ត្រូវបានរងការវាយប្រហារ បង្កឱ្យសមត្ថភាពការពារដែនអាកាសរបស់ប្រទេសអារ៉ាប់ ចុះខ្សោយ រួមទាំងប្រព័ន្ធការពារដែនអាកាស THAAD នៅហ្សកដានី និងប្រព័ន្ធរ៉ាដាជាច្រើននៅប្រទេសអារ៉ាប់រួម ក៏ចុះខ្សោយផងដែរ។
កាសែត The New York Times បានរាយការណ៍ថា រ៉ាដា និងកន្លែងទំនាក់ទំនងរបស់អាមេរិកចំនួនប្រាំពីរ ត្រូវបានវាយប្រហារទូទាំងតំបន់អារ៉ាប់។
យន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់អ៊ីរ៉ង់ បានវាយប្រហារទៅលើគោលដៅជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធប្រេងនៅក្នុងប្រទេសឈូងសមុទ្រ បណ្ដាលឱ្យមានអ្នកស្លាប់ របួស និងរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធប្រេងយ៉ាងធ្ងន់ធ្ងរ។
កាសែត The Washington Post បានរាយការណ៍ថា អ្នកជំនាញអ៊ុយក្រែន ជាង ២០០នាក់ ត្រូវបានបញ្ជូនទៅតំបន់ឈូងសមុទ្រ ដើម្បីជួយបណ្តាប្រទេសនៅទីនោះទប់ទល់នឹងការវាយប្រហារដោយកងយន្តហោះដ្រូនអ៊ីរ៉ង់ ព្រោះអ៊ុយក្រែន មានសមត្ថភាពប្រើដ្រូនរបស់ខ្លួនវាយទប់ស្កាត់រុស្ស៊ី។
រុស្ស៊ី និងអ៊ីរ៉ង់ មានទំនាក់ទំនងជិតស្និទ្ធជាយូរមកហើយ តែនៅខែមករា ឆ្នាំ២០២៥ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីកែលំអសហប្រតិបត្តិការបន្ថែម រួមទាំងភាពជាដៃគូយោធា និងវិស័យការពារជាតិផងដែរ។
សង្គ្រាមអាមេរិក-អ៊ីស្រាអែល វាយប្រហារលើអ៊ីរ៉ង់ កំពុងឈានចូលដល់ចុងសប្តាហ៍ទី៤ ហើយ ដែលគេមិនទាន់មើលឃើញពីសញ្ញាណនៃការបិទបញ្ចប់នៅឡើយ។
អាមេរិក និងអ៊ីស្រាអែល ត្រូវបានគេដឹងថាបានកំណត់គោលដៅទៅលើទីតាំងយោធា និងបុគ្គលសំខាន់ៗនៃប្រព័ន្ធដឹកនាំរដ្ឋរបស់អ៊ីរ៉ង់ ដូចជា ការសម្លាប់មេដឹកនាំកំពូល អាលី ខេមីណៃ មេបញ្ជាការសំខាន់ៗ ប្រធានសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ ជាដើម តែប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នៅតែរឹងមាំ។
សម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថារបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ កំពុងដើរទៅរកទីបញ្ចប់នៅពេលដ៏ឆាប់ខាងមុខនេះហើយ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

