រដ្ឋបាលខេត្តបន្ទាយមានជ័យ អះអាងថា ពលរដ្ឋដែលបានបាត់បង់ដីធ្លី និងផ្ទះសម្បែងដោយសារទាហានថៃ ហ៊ុមព័ទ្ធយក មានចំនួន ៦ភូមិ ២ឃុំ ដែលស្ថិតក្នុងស្រុកចំនួនពីរ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៣ មីនា ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៤ មីនា នេះថា សព្វថ្ងៃនេះ ក្រុមការងារកំពុងដំណើរការសាងសង់ផ្ទះបានមួយចំនួន និងផ្តល់ជូនពលរដ្ឋភៀសសឹកដែលមានលំនៅឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុមព័ទ្ធ ចូលទៅរស់នៅជាបណ្ដោះអាសន្នសម្រាប់ជំហានដំបូងតាមរយៈនៃការចាប់ឆ្នោត។
ប្រភពដដែល អះអាងថា រាជរដ្ឋាភិបាលក៏កំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនពលរដ្ឋដែលមានលំនៅឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុមព័ទ្ធសម្រាប់ការរស់នៅជាបណ្ដោះអាសន្នផងដែរ ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ ៤០០ហិកតា ដោយមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ការរៀបចំដី និងផ្ទះសម្រាប់ពលរដ្ឋដែលបានបាត់បង់ដោយសារទាហានថៃ ហ៊ុមព័ទ្ធយក គឺជាការរៀបចំឱ្យរស់នៅជាបណ្ដោះអាសន្នប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃ ចប់សព្វគ្រប់ មិនមែនជាថ្នូរដោះដូរជាមួយដីដែលទាហានថៃ ហ៊ុមព័ទ្ធនោះទេ ហើយពេលនោះពួកគេនឹងអាចត្រូវវិលត្រឡប់ទៅរស់នៅក្នុងលំនៅឋានរបស់ខ្លួនវិញបានទាំងស្រុង។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ មីនា នេះថា បច្ចុប្បន្ន យោធាថៃ នៅតែបន្តធ្វើសកម្មភាពឈ្លានពានទឹកដីខ្មែរដដែលតាមរយៈនៃការរាយលួសបន្លា ពង្រាយទូកុងតឺន័រ និងសកម្មភាពជាច្រើននៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ដូចជា តំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវយោធាថៃ រាយលួសបន្លា នៅព្រឹកថ្ងៃទី២៤ មីនា នេះ ជាដើម។
លោក ម៉ែន ណាត លើកឡើងថា យោធាថៃ មិននៅស្ងៀមទេ ខណៈកម្ពុជានៅស្ងៀមទាំងលើដីជាក់ស្តែងដោយគ្មានវិធានការទប់ស្កាត់អំពើឈ្លានពានរបស់ថៃ ទាំងកម្រិតការទូត។ លើសពីនេះ ពាក្យបណ្ដឹងប្តឹងថៃ ទៅតុលាការអន្តរជាតិក៏ស្ងាត់ដែរ។
អ្នកឃ្លាំមើលរូបនេះ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងសមត្ថភាព និងយុទ្ធសាស្ត្ររឹងមាំឱ្យសកម្ម និងខ្លាំងក្លាជាងមុន ដោយធ្វើសកម្មភាពទប់ស្កាត់ភាពគឃ្លើនរបស់ភាគីថៃ ដូចជា ការប្រើសិទ្ធិការពារខ្លួនលើដីជាក់ស្តែង និងដំឡើងកម្រិតការទូតខ្ពស់បំផុត ដើម្បីទាមទារឲ្យថៃ ដកយោធាពីទឹកដីកម្ពុជា។ លើសពីនេះ ក៏ត្រូវប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឱ្យខាងតែបានផងដែរ។
ជុំវិញបញ្ហានេះ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានអះអាងកាលពីពេលថ្មីៗនេះថា សព្វថ្ងៃនេះ យោធាថៃ បានរាយលួសបន្លាព័ទ្ធយកដីខ្មែរក្នុងខេត្តបន្ទាយមានជ័យ ចំនួន ៣តំបន់ ដែលមាន ២០ទីតាំង ដោយដាក់ពង្រាយលួសបន្លា និងទូកុងតឺន័រជាង ១០០ទូ (១០៥ទូ) ដែលគិតជាផ្ទៃដីសរុបទំហំជិត ៨០០ហិកតា (៧៦៣ហិកតា)៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

