32.1 C
Phnom Penh

ការ​បិទ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) បង្ក​ការ​ឈឺចាប់​ដល់​សម្ពន្ធមិត្ត​អ៊ីរ៉ង់ ហើយ​ក៏​បង្កើត​អមិត្រ​ខ្លះ​ថែមទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ដែល​ប្រទេស​អ៊ីរ៉ង់ បាន​ចាប់​យក​តំបន់​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ដែល​ជា​ផ្លូវ​នាវាចរណ៍​ដ៏​សំខាន់​សម្រាប់​ការ​នាំចេញ​ប្រេង​ពិភពលោក​ជា​ចំណាប់ខ្មាំង​នៅ​ពេលនេះ ផលវិបាក​ត្រូវ​បាន​គេ​ដឹង​ថា​បាន​កើតឡើង ដែល​នាំ​ឱ្យ​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទីផ្សារ​ថាមពល និង​តម្លៃ​ប្រេង​សកល។

ក្នុង​បរិបទ​នេះ ព្រឹត្តិការណ៍​ឧស្សាហកម្ម​ថាមពល​នៅ​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ទិសដៅ​ផ្សេង​មួយ​សម្រាប់​អនាគត។

ព្រឹត្តិការណ៍ CERAWeek ដែល​ប្រព្រឹត្ត​ឡើង​នៅ​រដ្ឋ Texas បាន​ផ្ដោត​លើ​ការ​ប្រែប្រួល​រយៈពេល​វែង​ក្នុង​វិស័យ​ថាមពល ជាពិសេស​តួនាទី​បច្ចេកវិទ្យា​ថ្មីៗ។

អ្នកជំនាញ និង​ក្រុមហ៊ុន​ថាមពល បាន​ពិភាក្សា​អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា AI និង​មនុស្ស​យន្ត ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ស្វែងរក និង​ផលិត​ថាមពល កាត់បន្ថយ​ការ​ចំណាយ​ប្រតិបត្តិការ និង​កែលម្អ​សុវត្ថិភាព​នៅ​តំបន់​ផលិត​ប្រេង និង​ឧស្ម័ន។ ក្រៅពី​នេះ ការ​ផ្លាស់ប្ដូរ​ទៅ​កាន់​ដំណោះស្រាយ​នៃ​ការ​ប្រើប្រាស់​ថាមពល​កាបូន ក៏​ត្រូវ​បាន​គេ​ពិចារណា​ថា​ជា​កត្តា​សំខាន់​មួយ​ដែរ។

ក្រុមហ៊ុន​ធំៗ​កំពុង​វិនិយោគ​លើ​បច្ចេកវិទ្យា​ចាប់​យក​កាបូន​ថាមពល​កកើត​ឡើងវិញ និង​ការ​បង្កើន​ប្រសិទ្ធភាព​ថាមពល ដើម្បី​បន្ថយ​ការ​បំពុល​បរិស្ថាន ខណៈ​ដែល​នៅតែ​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ថាមពល​ដែល​មាន​ស្ថិរភាព។

ទោះបីជា​វិស័យ​ថាមពល​ពិភពលោក​កំពុង​ផ្លាស់ប្ដូរ​ទៅ​រក​បច្ចេកវិទ្យា​ថ្មី និង​ដំណោះស្រាយ​កាបូន​ទាប​ក៏ដោយ តែ​ឧបសគ្គ​ភ្លាមៗ​ដែល​មាន​ទម្ងន់​ធ្ងន់​បំផុត​នៅ​ពេលនេះ គឺ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ Hormuz ដែល​ជា​ច្រក​សំខាន់​សម្រាប់​ដឹកជញ្ជូន​ប្រេង និង​ឧស្ម័ន​សកល។

នៅ​ក្នុង​សុន្ទរកថា​និម្មិត​នៃ​កម្មវិធី CERAWeek លោក Sultan Al Jaber នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ Abu Dhabi National Oil Company និង​ជា​រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​នៃ​ប្រទេស​អារ៉ាប់រួម ព្រមាន​ថា ការ​រំខាន​ដល់​ចរន្ត​ដឹកជញ្ជូន​ថាមពល​កំពុង​បង្ក​ផល​ប៉ះពាល់​ជា​សកលលោក​យ៉ាង​ពិតប្រាកដ។

លោក​សង្កត់​ធ្ងន់​ថា អស្ថិរភាព​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ទីផ្សារ​ថាមពល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង “បង្កើន​ការ​ប៉ះពាល់​ក្នុង​ការ​រស់នៅ​ទៅ​លើ​ប្រជាជន​ដែល​មាន​ចំណូល​ទាប និង​បន្ថយ​កំណើន​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក”

ប្រវត្តិសាស្ត្រ​បង្ហាញ​ថា អ៊ីរ៉ង់​ធ្លាប់​ប្រើ​ពាក្យ «ភេរវកម្ម​សេដ្ឋកិច្ច» ដែល​ជា​ការ​រិះគន់​ទណ្ឌកម្ម​អន្តរជាតិ​ដែល​បាន​បង្ក​ការ​រំខាន​ដល់​ពាណិជ្ជកម្ម​របស់​អ៊ីរ៉ង់។

ទោះជាយ៉ាងណា ក្នុង​ស្ថានភាព​បច្ចុប្បន្ន ការ​រារាំង ឬ​រំខាន​ដល់​ចរន្ត​នាវា​ដឹក​ប្រេង និង​ឧស្ម័ន​តាម​ច្រក​សមុទ្រ Hormuz ត្រូវ​បាន​មើល​ឃើញ​ថា​កំពុង​បង្ក​ផល​ប៉ះពាល់​ត្រឡប់​ទៅ​លើ​ដៃគូ​ពាណិជ្ជកម្ម​របស់​អ៊ីរ៉ង់​ផ្ទាល់​ផង​ដែរ ហើយ​បង្កើត​អមិត្រ​ទៀត​ផង។

ផល​ប៉ះពាល់​ជាក់ស្តែង​មួយ គឺ​វិបត្តិ​ផ្គត់ផ្គង់​ឧស្ម័ន LPG នៅ​ក្នុង​ប្រទេស​នាំចូល​ធំៗ ដូចជា ឥណ្ឌា និង​បណ្ដា​ប្រទេស​នៅ​អាស៊ី។ ប្រហែល ៩០% នៃ​ឧស្ម័ន LPG ដែល​ប្រើ​សម្រាប់​ចម្អិន​អាហារ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ប្រទេស​នៅ​អាស៊ី ត្រូវ​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz។ ដូច្នេះ ការ​រំខាន​ណា​មួយ​នាំ​ឱ្យ​មាន​ការ​ខ្វះខាត កើន​ឡើង​តម្លៃ និង​សម្ពាធ​លើ​គ្រួសារ និង​អាជីវកម្ម​ខ្នាត​តូច ឬ​មធ្យម​នៃ​ប្រទេស​ទាំងនោះ។

នៅ​ដើមដំបូង​នៃ​សង្គ្រាម នាយិកា​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ Kristalina Georgieva នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ IMF បាន​ព្រមាន​យ៉ាង​ច្បាស់​អំពី​ផល​ប៉ះពាល់​ម៉ាក្រូសេដ្ឋកិច្ច។ តាម​ការ​វាយតម្លៃ​របស់​អ្នកស្រី ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេង​ប្រហែល ១០% អាច​ជំរុញ​អតិផរណា​ពិភពលោក​ប្រហែល ០,៤% និង​បន្ថយ​អត្រា​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ប្រហែល ០,១ ទៅ ០,២%។ នេះ​បង្ហាញ​ថា ការ​រំខាន​តូចៗ​នៅ​ទីផ្សារ​ថាមពល អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ស្ថានភាព​សេដ្ឋកិច្ច​សកល។

ក្នុង​បរិបទ​នេះ ការ​រារាំង​ចរាចរណ៍​នៅ​ច្រក​សមុទ្រ Hormuz មិន​ត្រឹមតែ​ជា​ឧបករណ៍​នយោបាយ​របស់​អ៊ីរ៉ង់ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បម្លែង​បញ្ហា​ពាណិជ្ជកម្ម​ទៅ​ជា​បញ្ហា​សន្តិសុខ​អន្តរជាតិ ព្រោះ​ច្រក​សមុទ្រ​នេះ គឺជា​ផ្លូវ​សំខាន់​សម្រាប់​ដឹកជញ្ជូន​ប្រេង និង​ឧស្ម័ន​ជាង​មួយ​ភាគ​ធំ​នៃ​ពិភពលោក ហើយ​ការ​រំខាន​ណា​មួយ មាន​ន័យ​ថា​ប៉ះពាល់​ដល់​ប្រទេស​នាំចូល​ថាមពល​ជាច្រើន​ក្នុង​ពេល​តែ​មួយ។

ជាក់ស្តែង ផល​ប៉ះពាល់​នេះ​មាន​លក្ខណៈ​ទូទៅ​ដូច​ដែល​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ IMF បាន​បញ្ជាក់ ព្រោះ​វា​ប៉ះពាល់​ទាំង​ប្រទេស​កំពុង​អភិវឌ្ឍ និង​អភិវឌ្ឍ ដោយ​បង្កើន​ថ្លៃ​ថាមពល ការ​ដឹកជញ្ជូន និង​ថ្លៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។ ការណ៍​នេះ អាច​នាំ​ឲ្យ​មាន​សម្ពាធ​សង្គម និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ជាច្រើន ជាពិសេស​ប្រទេស​ដែល​មាន​ចំណូល​ទាប។

ទោះបីជា​មាន​ការ​ពិភាក្សា​អំពី​ការ​កាត់បន្ថយ​ភាព​តានតឹង ឬ​ការ​ចរចា​ផ្សេងៗ​ក៏ដោយ ក៏​ព័ត៌មាន​នៅតែ​មិន​ច្បាស់លាស់​អំពី​ដំណោះស្រាយ​ទៅ​រក​ការ​បើក​ច្រក​សមុទ្រ Hormuz ព្រោះ​សភាពការណ៍​ទៅ​រក​សង្គ្រាម​ដោយ​ការ​វាយលុក​ដោយ​កងទ័ព​អាមេរិក អាច​នឹង​ផ្ទុះ​ឡើង៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស