រដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យថៃ វិវត្តពីកិច្ចសន្ទនាការទូតទៅជាការអនុវត្តជាក់ស្ដែង ដើម្បីចាប់ផ្ដើមការងារវាស់វែងព្រំដែនដោយផ្អែកលើអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីដែលផលិតដោយគណៈកម្មការខណ្ឌសីមាព្រំដែនឥណ្ឌូចិន-សៀម ដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរតាមការព្រមព្រៀងគ្នា ដែលនឹងជួយទប់ស្កាត់ជម្លោះនាពេលអនាគត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៥ មីនា ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៧ មីនា នេះថា ការដាក់ឱ្យដំណើរការពេញលេញនៃក្របខ័ណ្ឌយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC) គឺជាមធ្យោបាយប្រាកដនិយមក្នុងការធានានូវសន្តិភាពយូរអង្វែង និងវិបុលភាពរួមគ្នា ដែលកម្ពុជារំពឹងទុក។
ប្រភពដដែលលើកឡើងថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាស្ថាប័នបច្ចេកទេសមានសមត្ថកិច្ច និងជាយន្តការដែលបង្កើតឡើងដោយភាគីទាំងពីរ ដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងកម្ពុជា-ថៃ ដូច្នេះក្នុងនាមថៃ ជាប្រទេសជិតខាង និងរដ្ឋសមាជិកអាស៊ានដូចគ្នា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពិភាក្សាតាមរយៈយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយជម្លោះផ្អែកលើកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ និងច្បាប់អន្តរជាតិ។
សេចក្តីថ្លែងការណ៍ដដែលនេះ បញ្ជាក់ថា សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ពីសារសំខាន់នៃតួនាទីរបស់គណៈកម្មការ JBC និងការបន្តចាប់ផ្ដើមការងារវាស់វែង និងខណ្ឌសីមាក្នុងការសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។
ក្រោយពីមានបទឈប់បាញ់កាលពីចុងខែធ្នូ ឆ្នាំ២០២៥ មក ពលរដ្ឋខ្មែរបានចែកចាយលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាបន្តបន្ទាប់អំពីសកម្មភាពយោធាថៃ ដែលបានប្រើគ្រឿងចក្រជីកប្រឡាយផ្តាច់ផ្លូវ និងរាយបន្លាលួស ដាក់ពង្រាយទូកុងតឺន័រ សាងសង់លេណដ្ឋាន និងធ្វើសកម្មភាពជាច្រើនទៀតលើទឹកដីខ្មែរដែលពួកគេកំពុងកាន់កាប់ដោយខុសច្បាប់។
ជុំវិញបញ្ហានេះ គណបក្សប្រឆាំងលើកឡើងថា ទីតាំងដែលទាហានកម្ពុជា និងទាហានថៃ ច្បាំងគ្នាទាំងពីរលើកកាលពីឆ្នាំ២០២៥ កន្លងទៅ បានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅក្នុងការគ្រប់គ្រងរបស់ថៃ ចំនួន ៥១ទីតាំង ខណៈកម្ពុជាអាចរក្សាទឹកដីរបស់ខ្លួនបានត្រឹមតែ ១១ទីតាំងប៉ុណ្ណោះ។
ប្រភពដដែល អះអាងថា មុនផ្ទុះសង្គ្រាមទាំងពីរលើក កម្ពុជាបានបាត់បង់ទឹកដីចំនួន ៤ទីតាំងរួចទៅហើយ រួមមាន ប្រាសាទស្តុកកក់ធំ ផ្ទះតាម៉ុក ឬផ្ទះក្រហម នៅតំបន់ផាម៉អ៊ីដែង ដែលស្មើនឹង ២ភាគ៣ នៃទំហំកោះគុត និងដែនសមុទ្រត្រួតស៊ីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េផងដែរ ប៉ុន្តែក្រោយសង្គ្រាមទាំងពីរលើក ហើយគិតជារួម គឺកម្ពុជាបានបាត់បង់ទឹកដីរហូតដល់ ៥៥តំបន់ឯណោះ រួមមាន៖
- ទី១. ប្រាសាទតាមាន់ធំ
- ទី២. ប្រាសាទតាមាន់តូច
- ទី៣. ប្រាសាទតាក្របី
- ទី៤. ប្រាសាទខ្នារ
- ទី៥. ច្រកអានសេះ
- ទី៦. ភ្នំ៣៥០
- ទី៧. ភ្នំ២២៥
- ទី៨. ភ្នំ៥០០
- ទី៩. ភ្នំ៣២៣
- ទី១០. ភ្នំ៦៧៧
- ទី១១. ភូមិជោគជ័យ
- ទី១២. ភូមិព្រៃចាន់
- ទី១៣. ភ្នំតាថង
- ទី១៤. អូរភ្លុកដំរី (ផ្ទះបីខ្នង)
- ទី១៥. តំបន់ចរ១
- ទី១៦. ថ្មដា (ច្រក៥៦)
- ទី១៧. ភ្នំទ្រព្យ
- ទី១៨. ថ្មដូន
- ទី១៩. អូរស្មាច់
- ទី២០. ភ្នំប៉ោយ
- ទី២១. ផ្ទះតាម៉ុក (ជាំតែ)
- ទី២២. ភ្នំ៤០០
- ទី២៣. អូរខ្លាឃ្មុំ (ភ្នំ២៨៤)
- ទី២៤. ច្រកលោកយាយលាប
- ទី២៥. អូរផ្កាស្នេហ៍
- ទី២៦. តាថាវ
- ទី២៧. ជប់អង្គញ់
- ទី២៨. ចូកគ្រួស
- ទី២៩. បុស្បូវ
- ទី៣០. ជាំតែ
- ទី៣១. ដើមត្រាង
- ទី៣២. ដំណាក់ស្តេច (ភ្នំតាទុំ)
- ទី៣៣. តាសឹម
- ទី៣៤. ចាក់ច្រែង
- ទី៣៥. ថ្ម៣ដុំ
- ទី៣៦. ភ្នំរ៉ើង
- ទី៣៧. ភ្នំបក្សីចាំក្រុង
- ទី៣៨. តំបន់កអណ្ដើក
- ទី៣៩. ភ្នំគីង្គក់
- ទី៤០. តំបន់កសេះ
- ទី៤១. ភ្នំព្រលានសាទុំ
- ទី៤២. អូរទី២ (អូរស្មាច់)
- ទី៤៣. ភ្នំ៤៦៩ (មុំបី)
- ទី៤៤. ប្រាសាទដូនទុន
- ទី៤៥. ភ្នំ៥០៥
- ទី៤៦. ភ្នំ៣៣៣
- ទី៤៧. មុំបី
- ទី៤៨. ភូមិបន្ទាយមានរិទ្ធិ
- ទី៤៩. ភូមិផ្លូវបំបែក
- ទី៥០. ភូមិត្រពាំងសំរោង
- ទី៥១. ភូមិសាមគ្គី។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ប្តឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ផងដែរ។
លោក ម៉ែន ណាត បញ្ជាក់ថា កម្ពុជាមានឯកសារផ្លូវច្បាប់រឹងមាំដែលអាចទាមទារឱ្យថៃ ចេញពីទឹកដីរបស់ខ្លួនបាន ដូចជា អនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ អមដោយផែនទីខ្នាត ១/២០០០០០ ដែលជាឯកសារត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

