26.3 C
Phnom Penh

លោក ត្រាំ ចង់​បញ្ចប់​សង្គ្រាម​នៅ​អ៊ីរ៉ង់ ទោះ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) មិន​បាន​បើក​ឡើងវិញ​ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រាប់​ក្រុម​មនុស្ស​ជំនិត​របស់​លោក​ថា លោក​ចង់​បិទ​បញ្ចប់​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ បើ​ទោះជា​ច្រក​សមុទ្រ​ហ័រមូស (Hormuz) នៅតែ​បន្ត​បិទ​ក៏ដោយ។

នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អាមេរិក Wall Street Journal នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៦ នេះ។

លោក ត្រាំ និង​ក្រុម​មនុស្ស​ជំនិត​របស់​លោក​ជឿ​ថា ប្រតិបត្តិការ​យោធា​ដើម្បី​បើក​ច្រក​សមុទ្រ Hormuz អាច​នឹង​ជំរុញ​ឱ្យ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ អូស​បន្លាយ​ពេល​លើស​កាលបរិច្ឆេទ ដែល​លោក​បាន​កំណត់​ត្រឹម ៤ ទៅ ៦​សប្ដាហ៍។

មន្ត្រី​ជំនិត​របស់​លោក ត្រាំ ថា​លោក ត្រាំ បាន​ប្រាប់​ថា​សហរដ្ឋ​អាមេរិក​មាន​ជម្រើស​យោធា តែ​ជម្រើស​ទាំងនោះ​មិនមែន​ជា​អាទិភាព​បន្ទាន់​នោះ​ទេ។

លោក ត្រាំ អះអាង​ថា សហរដ្ឋ​អាមេរិក​ពេលនេះ​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​វាយបំបាក់​សមត្ថភាព​កងទ័ព​ជើងទឹក និង​មីស៊ីល​របស់​អ៊ីរ៉ង់ ហើយ​ក្រោយ​មក​ចាំ​បន្ធូរបន្ថយ​ជម្លោះ​សន្សឹមៗ ខណៈ​បន្ត​ដាក់​សម្ពាធ​ការទូត​លើ​ទីក្រុង​តេហេរ៉ង់ ឱ្យ​បើក​ច្រក​សមុទ្រ Hormuz ឡើងវិញ តែ​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជំរុញ​ឱ្យ​សម្ពន្ធមិត្ត​នៅ​អឺរ៉ុប និង​តំបន់​ឈូងសមុទ្រ​ពែក្ស ឱ្យ​ទទួល​ភារកិច្ច​ដោះស្រាយ​លើ​ការ​បើក​ច្រក​សមុទ្រ ជាជាង​អាមេរិក​ប្រើ​កម្លាំង​ទ័ព។

យ៉ាងណា អ្នកនាំពាក្យ​សេតវិមាន អ្នកស្រី Karoline Leavitt បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ ថា សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ឱ្យ​តំបន់​ច្រក​សមុទ្រ Hormuz ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​សម្រាប់​នាវាចរណ៍​ឆ្លងកាត់។

កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ ចាប់​យក​ច្រក​សមុទ្រ Hormuz ដើម្បី​គ្រប់គ្រង​នាវាចរណ៍​ឆ្លងកាត់​ជាច្រើន​ឆ្នាំ​មក​ហើយ។

តែ​ក្នុង​អំឡុង​សង្គ្រាម​នៅ​ពេលនេះ ច្រក​សមុទ្រ Hormuz បាន​ក្លាយ​ជា​ទីតាំង​ប្រទាញប្រទង់​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់។

លោក ដូណាល់ ត្រាំ គំរាម​ថា លោក​នឹង​រំដោះ​ច្រក​សមុទ្រ Hormuz ពី​កងទ័ព​អ៊ីរ៉ង់ ដោយ​ប្រើ​កម្លាំង​ទ័ព តែ​ពេល​ខ្លះ​លោក​ថា លោក​ចង់​ឱ្យ​ប្រទេស​ដែល​មាន​ផលប្រយោជន៍​ពី​ការ​ប្រើប្រាស់​ច្រក​សមុទ្រ Hormuz ចូល​ខ្លួន​ពាក់ព័ន្ធ​ផ្ទាល់។

ច្រក​សមុទ្រ Hormuz ក៏​ជា​ផ្នែក​មួយ​នៃ​តំបន់​សមុទ្រ​នៃ​ឈូងសមុទ្រ​ពែក្ស ដែរ តែ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ បាន​ប្រកាន់​ថា​ខ្លួន​មាន​កម្មសិទ្ធិ​ផ្ដាច់មុខ​នៃ​ការ​គ្រប់គ្រង​ច្រក​សមុទ្រ​ដែល​ជា​ផ្លូវ​នាវាចរណ៍​ដ៏​សំខាន់​នៃ​ការ​ឆ្លងកាត់​កប៉ាល់​ដឹក​ប្រេង​ចេញពី​តំបន់​អារ៉ាប់ ទៅ​អាស៊ី​ប៉ាស៊ីហ្វិក និង​អឺរ៉ុប។

ជុំវិញ​ស្ថានភាព​សង្គ្រាម​នៅ​អ៊ីរ៉ង់ នេះ សារព័ត៌មាន The Washington Post បាន​រាយការណ៍​ដោយ​ដកស្រង់​សម្ដី​មន្ត្រី​អាមេរិក ឱ្យ​ដឹង​ថា ក្រសួង​សង្គ្រាម​កំពុង​រៀបចំ​សម្រាប់​ជម្រើស​ប្រតិបត្តិការ​លើ​ដី​គោក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ដែល​អាច​បន្ត​រយៈពេល​ជាច្រើន​សប្តាហ៍ ប្រសិនបើ​លោក ដូណាល់ ត្រាំ (Donald Trump) សម្រេច​អនុម័ត​ការវាយប្រហារ​ទៅ​លើ​ទីក្រុង​តេហេរ៉ង់ តាម​ផ្លូវ​គោក។

យោង​តាម​សេចក្តី​រាយការណ៍​ដដែល បាន​ឱ្យ​ដឹង​ថា ប្រតិបត្តិការ​ដែល​កំពុង​ត្រូវ​បាន​ពិចារណា​នេះ មិនមែន​ជា​ការ​លុកលុយ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ គឺ​ផ្ដោត​តែ​លើ​បេសកកម្ម​ប្រតិបត្តិការ​ពិសេស និង​ការ​ចូល​វាយប្រហារ​ដោយ​កងទ័ព​ថ្មើរជើង​កម្រិត​តូចៗ ដោយ​ផ្ដោត​ទៅ​លើ​គោលដៅ​យោធា​ជាក់លាក់ ឬ​បន្ថយ​សមត្ថភាព​យុទ្ធសាស្ត្រ​របស់​អ៊ីរ៉ង់។

ប្រតិបត្តិការ​បែប​នេះ​ក៏​ទាមទារ​ឱ្យ​មាន​ការ​សម្របសម្រួល​យ៉ាង​ម៉ត់ចត់ និង​ការ​គាំទ្រ​ពី​ព័ត៌មាន​ស៊ើបអង្កេត​មាន​ភាព​ត្រឹមត្រូវ ខណៈ​ដែល​ហានិភ័យ​នៃ​ការ​តបត​វិញ និង​ការ​ពង្រីក​សង្គ្រាម​នៅ​ក្នុង​តំបន់ នៅតែ​ជា​កត្តា​សំខាន់​ដែល​ត្រូវ​បាន​ពិចារណា។

ដោយសារ​ហានិភ័យ​ខ្ពស់​ដែល​ប្រតិបត្តិការ​លើ​ដី​អាច​កើតឡើង​ចំពោះ​ទាហាន​អាមេរិក វា​នៅតែ​មិន​ច្បាស់​ថា​តើ​លោក ដូណាល់ ត្រាំ នឹង​អនុម័ត​ជម្រើស​យោធា​បែប​នេះ​ឬ​អត់។

សម្រាប់​អ្នកនាំពាក្យ​សេតវិមាន អ្នកស្រី Karoline Leavitt បាន​បញ្ជាក់​ថា តួនាទី​របស់​ក្រសួង​សង្គ្រាម គឺ​ត្រូវ​រៀបចំ​ផែនការ និង​ជម្រើស​យោធា​ច្រើន​បំផុត​សម្រាប់​អគ្គមេបញ្ជាការ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា​ប្រធានាធិបតី​បាន​សម្រេច​ចិត្ត​រួច​ហើយ​នោះ​ទេ​ចំពោះ​ផែនការ​លើក​ទ័ព​ជើងគោក​វាយប្រហារ​ចូល​ដែនដី​ប្រទេស​អ៊ីរ៉ង់។

ទន្ទឹម​នឹង​នេះ កាសែត The New York Times បាន​រាយការណ៍​ថា ស្ថានការណ៍​វិវត្ត​នេះ​កើតឡើង​នៅ​ពេល​ដែល​កងកម្លាំង​ពិសេស​អាមេរិក ដែល​រួម​មាន​ទាហាន​ម៉ារីន​ប្រមាណ ៤៥០០​នាក់ ស្ថិត​នៅ​លើ​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ USS Tripoli ដែល​មាន​សមត្ថភាព​បញ្ចេញ​កងកម្លាំង​ប្រតិបត្តិការ​លើ​ដី​គោក និង​ប្រតិបត្តិការ​យោធា​ប្រភេទ​ផ្សេងៗ​បាន​យ៉ាង​លឿន​រហ័ស​បាន​ទៅ​ដល់​តំបន់​មជ្ឈិមបូព៌ា​ហើយ​កាលពី​ថ្ងៃ​ចន្ទ ទី​៣០ ខែ​មីនា។

ក្នុង​ចំណោម​គោលដៅ​ដែល​ត្រូវ​បាន​ពិចារណា​ក្នុង​ការ​វាយប្រហារ រួម​មាន កោះ Kharg ដែល​ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​មួយ​ចំនួន​លើកឡើង​ថា អាច​ជា​ជម្រើស​សំខាន់ ព្រោះ​វា​ជា​គោលដៅ​ដ៏​ចាំបាច់​មួយ​សម្រាប់​ការ​នាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ ដែល​ប្រហែល ៩០% នៃ​ប្រេង​ត្រូវ​ឆ្លងកាត់​ទីនេះ​មុន​ពេល​ដឹកជញ្ជូន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

ទោះជា​យ៉ាងណា អ្នកវិភាគ​យោធា Michael Eisenstadt ពី​វិទ្យាស្ថាន​គំនិត ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​ព្រមាន​ថា បេសកកម្ម​ដណ្តើម​កោះ Kharg នឹង​មាន​ហានិភ័យ​ខ្ពស់ ព្រោះ​តំបន់​តូច​នេះ​អាច​ត្រូវ​បាន​ការពារ​ដោយ​ប្រព័ន្ធ​យោធា​របស់​អ៊ីរ៉ង់ យ៉ាង​រឹងមាំ រួម​ទាំង​យន្តហោះ​គ្មាន​មនុស្ស​បើក និង​ការ​បាញ់​ដោយ​កង​កាំភ្លើងធំ។

លោក Michael Eisenstadt បាន​សន្និដ្ឋាន​ថា ជម្រើស​យុទ្ធសាស្ត្រ​ដែល​អាច​មាន​ប្រសិទ្ធភាព​ជាង​គេ​នោះ គឺ​ការ​កំណត់​គោលដៅ​តំបន់​ឆ្នេរសមុទ្រ​របស់​អ៊ីរ៉ង់ ជិត​ច្រក​សមុទ្រ Hormuz ដើម្បី​កាត់បន្ថយ​សមត្ថភាព​របស់​អ៊ីរ៉ង់ ក្នុង​ការ​គំរាមកំហែង​ដល់​នាវា​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ​សំខាន់​នេះ។

អ្នកជំនាញ​កិច្ចការ​សង្គ្រាម​រូប​នេះ​យល់​ថា ទោះបីជា​កងទ័ព​អាមេរិក​អាច​ដណ្តើម​យក​កោះ Kharg បាន​យ៉ាង​លឿន​រហ័ស​ក៏ដោយ ក៏​ការ​កាន់កាប់​លើ​កោះ​នេះ​អាច​ធ្វើ​ឱ្យ​សង្គ្រាម​បន្ត​រយៈពេល​វែង និង​កាន់តែ​ស្មុគស្មាញ ជាង​ការ​ផ្តល់​អត្ថប្រយោជន៍​យុទ្ធសាស្ត្រ​ពិតប្រាកដ​ទៅ​សហរដ្ឋ​អាមេរិក។

កោះ Kharg ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ជាង ២៥​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ នៅ​ភាគ​ខាងជើង​នៃ​ឈូងសមុទ្រ​ពែក្ស និង​នៅ​ភាគ​ពាយព្យ​នៃ​ច្រក​សមុទ្រ Hormuz ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ដ៏​សំខាន់​នៃ​ពិភពលោក។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Financial Times លោក ត្រាំ បាន​និយាយ​ថា លោក​ចង់​ទាញ​យក​ប្រេង​នៅ​អ៊ីរ៉ង់ តែ​លោក ត្រាំ ក៏​មិន​បាន​បដិសេធ​លទ្ធភាព​នៃ​ការ​ប្រើ​កម្លាំង​ទ័ព​ដើម្បី​វាយ​កាន់កាប់​ដែនដី​កោះ Kharg ដែល​ជា​ដែន​កោះ​មួយ​មាន​សារសំខាន់​ខ្លាំង​សម្រាប់​ការ​នាំចេញ​ប្រេង​ចេញ​ពី​កោះ​នោះ​ទៅ​កាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នោះ​ដែរ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស