33.8 C
Phnom Penh

មេ​បក្ស​ជំនាន់​ថ្មី​ចាត់ទុក​ការ​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ជា វុទ្ធី ថា​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សាសនា និង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ចាត់ទុក​ការ​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ជា វុទ្ធី ថា​ជា​ការ​គំរាមកំហែង​ដល់​វិស័យ​ព្រះពុទ្ធសាសនា និង​ជា​ការ​រំលោភ​សេរីភាព​បញ្ចេញមតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​យ៉ាង​កំរោល។

លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១ មេសា នេះ​ថា លោក​មាន​ការ​ឈឺចាប់ និង​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ករណី​ដែល​មន្ទីរ​ធម្មការ និង​សមត្ថកិច្ច​ខេត្ត​បាត់ដំបង បាន​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ជា វុទ្ធី ដែល​ជា​សកម្មជន​សង្ឃ​ខេត្ត​បាត់ដំបង ដ៏​សកម្ម ទាំង​រាល់​រឿង​កិច្ចការងារ​សង្គម​ជាតិ និង​បញ្ហា​ព្រំដែន។

មេ​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ អំពាវនាវ​ឱ្យ​អង្គការ​សិទ្ធិមនុស្ស​ទាំងឡាយ​ជួយ​តាមដាន​ករណី​ព្រះ​ភិក្ខុ ជា វុទ្ធី ឱ្យ​បាន​ដិតដល់ ព្រោះ​ព្រះអង្គ​គឺជា​សង្ឃ​សកម្ម​ក្នុង​ការ​បញ្ចេញមតិ​អំពី​បញ្ហា​សង្គម​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ។

ព្រះ​ភិក្ខុ ជា វុទ្ធី ជា​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​ធម្មនិមិត្តរាជបុប្ផារាម ហៅ​វត្ត​ប៉ាឆា ក្នុង​ក្រុង​បាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​ជាង ១០​នាក់ ឃាត់​ព្រះ​កាយ​នៅ​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៦ នេះ។

ព្រះសង្ឃ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នេះ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ព្រះនាម នៅ​ថ្ងៃទី​១ មេសា នេះ​ថា មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បាត់ដំបង បាន​ណាត់​ព្រះអង្គ ជា វុទ្ធី ឱ្យ​ទៅ​ជួប​នៅ​វត្ត​ពោធិ៍វាល។ លុះ​ពេល​ព្រះអង្គ ជា វុទ្ធី និមន្ត​ទៅ​ដល់​វត្ត​ពោធិ៍វាល និង​ចូល​ទៅ​ថ្វាយបង្គំ​គ្រូ​ចៅអធិការ​វត្ត​ពោធិ៍វាល ព្រះនាម សួន ឈឿន ស្រាប់តែ​មាន​ជន​ស្លៀកពាក់​ស៊ីវិល​ជិត ២០​នាក់ ចាប់​បង្ខំ​ឱ្យ​ព្រះអង្គ​ឡើង​លើ​រថយន្ត​ដោយ​មិន​ប្រាប់​ពី​មូលហេតុ និង​បាន​ដឹក​ព្រះអង្គ​ចេញពី​វត្ត​តែម្តង។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១ មេសា នេះ​ថា ករណី​នេះ​ជា​រឿង​អយុត្តិធម៌​មួយ​ទៀត​ក្នុង​ចំណោម​រឿង​អយុត្តិធម៌​ជាច្រើន​ដែល​អាជ្ញាធរ​កម្ពុជា ព្យាយាម​រារាំង​សេរីភាព​បញ្ចេញមតិ និង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់ ដោយសារ​ពួកគេ​ឈឺចាប់ និង​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ មក​លើ​ទឹកដី​កម្ពុជា។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​លើកឡើង​ថា ទាំង​ព្រះ​ភិក្ខុ ជា វុទ្ធី និង​អ្នក​ឯ​ទៀត​ដែល​បាន​បញ្ចេញមតិ​ក្នុង​រឿង​ថៃ ឈ្លានពាន​ទឹកដី​ខ្មែរ​នា​ពេលនេះ សុទ្ធតែ​មាន​ទស្សនៈ​ស្រប​ជាមួយ​នឹង​ជំហរ​រដ្ឋាភិបាល​កម្ពុជា ដូច្នេះ​មិន​គួរ​មាន​ការ​ថ្នាំងថ្នាក់​រក​លេស​ចោទប្រកាន់ និង​ចាប់​ឃុំឃាំង​ពួកគេ​ឡើយ។

លោក ម៉ែន ណាត អំពាវនាវ​ឱ្យ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក៏ដូចជា​តុលាការ​ផង​ដែរ ទម្លាក់​ចោល​បទចោទប្រកាន់​នានា និង​ដោះលែង​អ្នក​ទាំងនោះ​ឲ្យ​មាន​សេរីភាព​ដោយ​គ្មាន​លក្ខខណ្ឌ ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ស្រប​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ។

កាលពី​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៦ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បង្ហាញ​ថា ឆ្នាំ​២០២៥ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០២៥ មក មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ជាពិសេស​ការ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញមតិ សិទ្ធិ​នយោបាយ និង​បញ្ហា​ប្រព័ន្ធ​យុត្តិធម៌៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស