តម្លៃប្រេងម៉ាស៊ូតបន្តហក់ឡើងជិត ១ម៉ឺនរៀល (៨២០០រៀល) ហើយក្នុង ១លីត្រ ខណៈតម្លៃប្រេងសាំងរក្សានៅដដែល គឺត្រឹម ៥៥០០រៀលក្នុង ១លីត្រ សម្រាប់ដើមខែមេសា នេះ។
ក្រសួងពាណិជ្ជកម្ម ចេញតារាងកំណត់តម្លៃប្រេងឥន្ធនៈឡើងវិញសម្រាប់ថ្ងៃទី៧ ខែមេសា នេះ ដោយដំឡើងតម្លៃប្រេងម៉ាស៊ូត ១០០រៀលបន្ថែមទៀត ដែលស្មើនឹង ៨២០០រៀលក្នុងមួយលីត្រ ខណៈតម្លៃប្រេងសាំងត្រូវរក្សាតម្លៃ ៥៥០០រៀលក្នុងមួយលីត្រដដែល។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ ប្រទេសកម្ពុជាសម្រេចទម្លាក់ពន្ធគយមកសូន្យដុល្លារ និងបញ្ចុះពន្ធអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកសូន្យដុល្លារដែរ រួមទាំងបញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មកនៅ ១៥% និងប្រេងម៉ាស៊ូតពី ៤% មកនៅ ០% ថែមទៀត។ ការបញ្ចុះពន្ធអាករ និងតម្លៃប្រេងសាំង ប្រេងម៉ាស៊ូត រាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកចេញចំណាយជំនួសពលរដ្ឋ។
ទាក់ទងនឹងបញ្ហាប្រេងឥន្ធនៈ ឬប្រេងឆេះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងមុនចេញធ្វើទស្សនកិច្ចទៅប្រទេសបារាំង ថា ការរត់ពន្ធសាំង ឬម៉ាស៊ូតពីប្រទេសថៃឡង់ដ៍ នឹងត្រូវផ្ដន្ទាទោសជនល្មើសតាមច្បាប់ឥតបន្ថយដៃឡើយ ហើយអះអាងថាប្រទេសកម្ពុជាមិនត្រូវការប្រេងពីប្រទេសថៃឡង់ដ៍ ទេ ព្រោះមានប្រេងគ្រប់គ្រាន់ហើយ។
ពីរថ្ងៃមុននេះ កងល្បាតនាវាចរណ៍សមុទ្រថៃ កំពុងតែស៊ើបអង្កេតសេចក្តីរាយការណ៍ផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែមេសា តាមសារព័ត៌មាន The Nation ដែលថាមានកប៉ាល់ ឬកាណូតថៃ បណ្តែតយឺតៗហាក់ដូចជាផ្ទុកទំនិញធ្ងន់ បើកអែបកាណូតមួយទៀតក្នុងដែនទឹកប្រទេសកម្ពុជា បង្ហូរផ្ទេរប្រេងឥន្ធនៈដាក់ក្នុងកាណូតខ្មែរ។
នាយករដ្ឋមន្ត្រីថៃ អនុធីន ឆានវីរៈគុល បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចរកមុខជនល្មើសឱ្យឃើញ ដែលប្រព្រឹត្តអំពើថោកទាបបែបនោះ។ អាជ្ញាធរថៃ និយាយថា កាណូតនោះអាចដឹកប្រេងឥន្ធនៈចំណុះ ៥៧លានលីត្រ។
នៅថ្ងៃអង្គារ ទី៧ ខែមេសា នេះ អាជ្ញាធរល្បាតជាយដែនថៃ ក្នុងខេត្តស្រះកែវ បានឃាត់ខ្លួនជនជាតិខ្មែរពីរនាក់ដើរតាមផ្លូវលំជាប់ព្រំដែន ហើយថតរូបទីតាំងច្រកយាមល្បាតត្រួតពិនិត្យសន្តិសុខថៃ។
តាមព័ត៌មានក្នុងកាសែតបាងកកប៉ុស្តិ៍ កងល្បាតប្រដាប់អាវុធថៃ បានឃាត់ខ្លួនបុរស អុង សារី អាយុ ៤២ឆ្នាំ ពីខេត្តបន្ទាយមានជ័យ មានបណ្ណឆ្លងដែនផុតកំណត់ថ្ងៃខែ និងបុរស សុខ សាឡេក អាយុ ២៩ឆ្នាំ ពីខេត្តតាកែវ មានតែអត្តសញ្ញាណប័ណ្ណខ្មែរ នៅម្តុំផ្សាររុងគឿ ស្រុកអារញ្ញ។ ទាហានថៃ បានបញ្ជូនបុរសខ្មែរទាំងពីរនាក់ទៅប៉ុស្តិ៍តម្រួតថៃ ដោយគេសង្ស័យថាជាភ្នាក់ងារយកការណ៍សម្ងាត់ ពីព្រោះដើរថតរូបក្នុងទូរសព្ទ។
ហេតុការណ៍នោះ បង្កើនការមន្ទិលសង្ស័យកាន់តែខ្លាំង បន្ទាប់ពីពលរដ្ឋថៃ ឈ្មោះ វីរៈ សោមខ្វាមឃិត អះអាងថាភ្នាក់ងារសមាជិកក្នុងកងអង្គរក្សពិសេសលោក ហ៊ុន សែន បានបន្លំខ្លួនលួចជ្រៀតចូលប្រទេសថៃឡង់ដ៍ ដើម្បីយកការណ៍រៀបផែនការធ្វើវិច្ឆេទកម្ម និងឃាតកម្មក្នុងទឹកដីថៃ។ មន្ត្រីរដ្ឋាភិបាលខ្មែរបានបដិសេធការអះអាងនោះទាំងស្រុង។
ពលរដ្ឋខ្មែរនៅចាំបានអំពីការជួលប្រើមនុស្សឱ្យតាមសម្លាប់មន្ត្រីបក្សប្រឆាំង សមាជិកសភា លិម គិមយ៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដែលទាក់ទងនឹងឈ្មោះ ពេជ្រ គឹមស្រ៊ិន ប្អូនប្រធានបក្សយុវជន ពេជ្រ ស្រស់ និងលោក ឃ្លាំង ហួត ភូឈួយអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង និងអតីតសកម្មជនបក្សជំទាស់ លី រតនៈរស្មី។
ចំពោះបញ្ហាប្រឈមរឿងថាមពលឡើងថ្លៃ អតិផរណាកើន ចំណូលរដ្ឋចុះ ដោយសារមិនហ៊ានដំឡើងពន្ធ ខ្លាចពលរដ្ឋបះបោរ រាជរដ្ឋាភិបាលបានងាកទៅរកវិធីចេញឥណទានបណ្ណ ឬបណ្ណសន្យាខ្ចីបុលជាង ៥០០លានដុល្លារពីក្រុមហ៊ុន ឬពីសេដ្ឋី ដើម្បីបង្គ្រប់កង្វះខាតចំណាយ និងការអភិវឌ្ឍគម្រោងការជាតិ។
អ្នកជំនាញខាងសេដ្ឋកិច្ចនិយាយថា ឥណទានបណ្ណ ឬអង់គ្លេសហៅថា bonds នឹងធ្វើឱ្យរដ្ឋាភិបាលធ្លាក់ក្នុងឥណពន្ធកាន់តែច្រើនថែមទៀត។ រដ្ឋាភិបាលអាចប្រើទុននេះសងបំណុលចាស់ ការប្រាក់លើកទឹកចិត្តដល់អ្នកដាក់ទុន ឬបង្គ្រប់ចំណាយ។
ពេលនេះ គិតត្រឹមដើមឆ្នាំ២០២៦ រាជាណាចក្រកម្ពុជា ជំពាក់បំណុលបរទេស ទាំងប្រទេស ទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិសរុបចំនួន ៩៩៤៩លានដុល្លារ ដែលម្ចាស់បំណុលពីធំទៅតូច មានចិន ធនាគារអភិវឌ្ឍន៍អាស៊ី ADB ធនាគារពិភពលោក ជប៉ុន កូរ៉េខាងត្បូង បារាំង មូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម IFAD ធនាគារអភិវឌ្ឍន៍រចនាសម្ព័ន្ធអាស៊ី AIIB ថៃឡង់ដ៍ និងអាល្លឺម៉ង់។
កាលពីចុងខែមីនា ប្រទេសឥណវន្ត អាហ្វ្រិក-អាគ្នេយ៍ ម៉ូហ្ស៊ំប៊ិក (Mozambique) បានសងបំណុលមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដាច់អស់ចំនួន ៧០១លានដុល្លារ ដើម្បីជម្រះបញ្ជីចាស់៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

