31.9 C
Phnom Penh

សហរដ្ឋ​អាមេរិក​រឹបអូស​កប៉ាល់​អ៊ីរ៉ង់ ចំណែក​អ៊ីរ៉ង់​ចោទ​អាមេរិក​ថា​ជា​ចោរ​សមុទ្រ រួម​ទាំង​គំរាម​សងសឹក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​លើ​ទំព័រ​នៃ​សារព័ត៌មាន​អន្តរជាតិ​ជាច្រើន បាន​បង្ហាញ​ពី​ស្ថានការណ៍​វិវត្ត​នៃ​ព័ត៌មាន​ជា​បន្តបន្ទាប់ ជុំវិញ​ភាព​តានតឹង​ដែល​កំពុង​កើន​ឡើង​ដែល​អាច​ឈាន​ទៅ​រក​ការ​ផ្ទុះ​ប្រដាប់​អាវុធ​ជា​ថ្មី​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ ជុំវិញ​សំណុំរឿង​ច្រក​សមុទ្រ​ហ័រមូស (Hormuz)។

ច្រក​សមុទ្រ​ហ័រមូស (Hormuz) ត្រូវ​បាន​អ៊ីរ៉ង់ ចាប់​យក​ជា​ចំណាប់ខ្មាំង​តាំងពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ ជា​ថ្ងៃ​ដំបូង​នៃ​ការ​ផ្ទុះ​សង្គ្រាម​អាមេរិក រួម​នឹង​អ៊ីស្រាអែល វាយប្រហារ​អ៊ីរ៉ង់។

ការ​វិល​ទៅ​រក​ការ​ប្រឈមមុខ​យោធា​រវាង​ភាគី​ទាំង​ពីរ ត្រូវ​បាន​គេ​ដឹង​ថា បាន​កើតឡើង​បន្ទាប់ពី​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់​នៃ​សកម្មភាព​គំរាមកំហែង​យោធា និង​ការ​បរាជ័យ​នៃ​ការ​ចរចា​សន្តិភាព។

ព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នេះ ក៏បាន​កើតឡើង​បន្ទាប់ពី​អាមេរិក បាន​បាញ់​ព្រមាន ហើយ​ចាប់​យក​កប៉ាល់​ដឹកទំនិញ​មួយ​គ្រឿង​ដែល​ពាក់ព័ន្ធ​នឹង​អ៊ីរ៉ង់។ ភ្លាមៗ អ៊ីរ៉ង់​បាន​ចោទប្រកាន់​អាមេរិក ថា​បាន​រំលោភ​ច្បាប់​អន្តរជាតិ ហើយ​បាន​គំរាម​សងសឹក។ ហេតុ​នេះ​បាន​ធ្វើ​ឲ្យ​បទ​ឈប់​បាញ់​ដែល​ផុយ​ស្រួយ​រួច​មក​ហើយ ត្រូវ​ដួល​រលំ​ដោយ​បង្កើន​ភាព​តានតឹង​ឡើងវិញ។

មុន​សកម្មភាព​យោធា​ប្រឈមមុខ​គ្នា​រវាង​គូភាគី ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ឱ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ ថា កងកម្លាំង​សហរដ្ឋ​អាមេរិក បាន​ស្ទាក់​ចាប់​កប៉ាល់​ដឹកទំនិញ​មួយ​គ្រឿង​ដែល​ពាក់ព័ន្ធ​នឹង​អ៊ីរ៉ង់ នៅ​ក្នុង​ឈូង​សមុទ្រ​អូម៉ង់ បន្ទាប់ពី​នាវា​នោះ​មិន​គោរព​តាម​បម្រាម​របស់​កងទ័ព​ជើងទឹក​អាមេរិក។

ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាន​អះអាង​តាម​បណ្ដាញ​សង្គម Truth Social ថា កប៉ាល់​ដែល​មាន​ឈ្មោះ TOUSKA បាន​ព្យាយាម​ឆ្លងកាត់​របាំង​បិទ​ផ្លូវទឹក​ដោយ​កង​នាវាចម្បាំង​របស់​អាមេរិក ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​កងទ័ព​ជើងទឹក​អាមេរិក។

លោក​បាន​បន្ថែម​ថា នាវា​ពិឃាដ​បំពាក់​ដោយ​មីស៊ីល USS Spruance បាន​អន្តរាគមន៍​ស្ទាក់​ចាប់​កប៉ាល់​នោះ និង​ផ្តល់​ការ​ព្រមាន​ឲ្យ​បញ្ឈប់​ការ​បើក​ទម្លុះ​របាំង​របស់​នាវាចម្បាំង​អាមេរិក។

ហេតុការណ៍​នេះ បង្ហាញ​ពី​ភាព​តានតឹង​ដ៏​ផុយ​ស្រួយ​នៅ​លើ​ផ្លូវទឹក​សំខាន់ៗ និង​ជា​ហេតុ​ធ្វើ​ឲ្យ​ជម្លោះ​រវាង​ភាគី​ទាំង​ពីរ​ឡើង​ក្នុង​កម្រិត​ខ្លាំង​ឡើងវិញ។

លោក ត្រាំ បាន​បន្ថែម​ថា ក្រុម​នាវិក TOUSKA បាន​បដិសេធ​មិន​ស្តាប់​ទៅ​តាម​បទបញ្ជា​របស់​ទ័ព​ជើងទឹក​អាមេរិក ដូច្នេះ​កងទ័ព​ជើងទឹក​អាមេរិក​ក៏បាន​បញ្ឈប់​កប៉ាល់​នោះ​ភ្លាមៗ ដោយ​វាយប្រហារ​ជា​ការ​គំរាម​លើ​កប៉ាល់​នោះ​ឱ្យ​ឈប់​ជាបន្ទាន់។

លោក ត្រាំ មាន​ប្រសាសន៍​ថា ឥឡូវ​នេះ កង​ម៉ារីន​អាមេរិក​មាន​សិទ្ធិ​គ្រប់គ្រង​កប៉ាល់​នេះ។ លោក​បាន​បន្ត​លើកឡើង​ថា យើង​មាន​សិទ្ធិ​គ្រប់គ្រង​ពេញលេញ​លើ​កប៉ាល់​នេះ ហើយ​កំពុង​រង់ចាំ​មើល​ថា​មាន​អ្វី​នៅ​លើ​កប៉ាល់​នេះ​ផង​ដែរ។

បន្ទាប់ពី​ការ​វាយប្រហារ និង​រឹបអូស​យក​កប៉ាល់​អ៊ីរ៉ង់ ដោយ​កម្លាំង​ទ័ព​ជើងទឹក​អាមេរិក អ៊ីរ៉ង់​បាន​បង្ហាញ​ពី​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ហេតុការណ៍​នេះ ដោយ​ចាត់ទុក​សកម្មភាព​របស់​អាមេរិក​ថា​ជា​អំពើ​ចោរ​សមុទ្រ​ដោយ​ប្រើ​កម្លាំង​យោធា និង​ជា​ការ​រំលោភ​លើ​បទ​ឈប់​បាញ់។

មន្ត្រី​យោធា​របស់​ទីក្រុង​តេហេរ៉ង់ បាន​បញ្ជាក់​ថា អ៊ីរ៉ង់​នឹង​មិន​នៅ​ស្ងៀម​ឡើយ ហើយ​នឹង​មាន​ការ​ឆ្លើយតប​វិញ​យ៉ាង​ខ្លាំង​ក្នុង​ពេល​ឆាប់ៗ​នេះ។ ពួកគេ​អះអាង​ថា កងកម្លាំង​អាមេរិក​បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​កប៉ាល់​របស់​អ៊ីរ៉ង់ ហើយ​បន្ទាប់​មក​បាន​ដាក់​កម្លាំង​ម៉ារីន​ឡើង​លើ​កប៉ាល់​នោះ ដើម្បី​គ្រប់គ្រង​វា ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​រុករក​ត្រូវ​បាន​ផ្អាក​ដំណើរការ។ អ៊ីរ៉ង់​ក៏បាន​បន្ថែម​ថា កប៉ាល់​នោះ​កំពុង​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន មក​កាន់​អ៊ីរ៉ង់ ហើយ​មិន​មាន​គោលបំណង​យោធា​អ្វី​ឡើយ។

ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ពេល​ដែល​ការ​ចរចា​ជុំ​ទី​២ រវាង​ភាគី​ទាំង​ពីរ ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់ផ្តើម​នៅ​ទីក្រុង Islamabad បាន​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​តានតឹង និង​បង្ក​ការ​ព្រួយបារម្ភ​ថា​ជម្លោះ​អាច​នឹង​កើន​ឡើង​ទៅ​កាន់​ការ​ប៉ះទង្គិច​ធំ​ជាង​នេះ។

ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការ​ផ្ទុះ​ឡើង​នូវ​ប្រតិកម្ម​ពី​សំណាក់​ទីក្រុង​តេហេរ៉ង់ នៅ​ពេលនេះ គេ​បាន​ដឹង​ថា​ពាក្យសម្ដី​គំរាមកំហែង​របស់​របប​នៅ​អ៊ីរ៉ង់ ថា​នឹង​សងសឹក​ទៅ​លើ​អាមេរិក​វិញ បាន​ក្លាយ​ជា​រឿង​ពិតប្រាកដ​មែន។

អ៊ីរ៉ង់ អះអាង​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់ បាន​វាយ​រុញច្រាន​នាវាចម្បាំង​អាមេរិក​ដែល​ឡោមព័ទ្ធ​ច្រក​សមុទ្រ​ហ័រមូស (Hormuz)។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​ព្រមាន “ការ​សងសឹក” ទីភ្នាក់ងារ​ព័ត៌មាន Tasnim News Agency បាន​រាយការណ៍​ថា អ៊ីរ៉ង់​បាន​ចាប់ផ្តើម​ឆ្លើយតប​ដោយ​បើក​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅ​លើ​នាវាចម្បាំង​អាមេរិក ខណៈ​ទូរទស្សន៍​រដ្ឋ Press TV ក៏បាន​បញ្ជាក់​ដូច​គ្នា​ថា កងទ័ព​ជើងទឹក​អ៊ីរ៉ង់ បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​ដ្រូន​ទៅ​កាន់​គោលដៅ​នាវាចម្បាំង​របស់​អាមេរិក​នៅ​តំបន់​សមុទ្រ​អូម៉ង់។

ព្រឹត្តិការណ៍​នេះ​មាន​ន័យ​ថា ជម្លោះ​បាន​ផ្លាស់ប្ដូរ​ពី​ការ​ប្រឈមមុខ​តាម​សមុទ្រ​ទៅ​ជា​ការ​ប្រើ​អាវុធ​ដោយ​ផ្ទាល់​រវាង​ភាគី​ទាំង​ពីរ ដែល​បង្កើន​ហានិភ័យ​នៃ​ការ​ប៉ះទង្គិច​យោធា​ទ្រង់ទ្រាយ​ធំ។

ការ​វាយប្រហារ​ដោយ​ដ្រូន បង្ហាញ​ថា អ៊ីរ៉ង់​ចាប់ផ្តើម​អនុវត្ត​សកម្មភាព​សងសឹក​ជាក់ស្តែង មិន​ត្រឹមតែ​ការ​គំរាម​ទេ ហើយ​វា​អាច​នាំ​ឲ្យ​មាន​ការ​ឆ្លើយតប​បន្ថែម​ពី​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​ឈូងសមុទ្រ​អូម៉ង់ (Oman) និង​តំបន់​ជុំវិញ​កាន់តែ​អស្ថិរភាព។

យ៉ាងណា របាយការណ៍​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ទំហំ​នៃ​ការ​វាយប្រហារ ឬ​ការ​ខូចខាត​ណា​មួយ​ដែល​អាច​កើតមាន​ចំពោះ​នាវាចម្បាំង​អាមេរិក​នោះ​ទេ។

ភ្លាមៗ​បន្ទាប់ពី​ហេតុការណ៍​នេះ កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក បាន​ដាក់​កម្លាំង​របស់​ខ្លួន​ឱ្យ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់ និង​បង្កើន​ការ​ល្បាត​នៅ​ជុំវិញ​តំបន់​សមុទ្រ​សំខាន់ៗ ដូចជា ច្រក​សមុទ្រ​ហ័រមូស (Hormuz) និង​ឈូងសមុទ្រ​អូម៉ង់ (Oman) ដើម្បី​តាមដាន​សកម្មភាព​យោធា​របស់​អ៊ីរ៉ង់។

ចំណែក​អ៊ីរ៉ង់ វិញ បាន​បន្ត​ចោទប្រកាន់​សហរដ្ឋ​អាមេរិក ថា​ជា​អ្នក​បង្ក​ហេតុ និង​បាន​ព្រមាន​ថា​នឹង​មាន​ការ​ឆ្លើយតប​បន្ថែម​ទៀត ប្រសិនបើ​អាមេរិក​បន្ត​វាយប្រហារ​លើ​នាវា​របស់​អ៊ីរ៉ង់។

ស្ថានការណ៍​វិវត្ត​នេះ បាន​ធ្វើ​ឲ្យ​ការ​ដឹកជញ្ជូន​តាម​ច្រក​សមុទ្រ​មាន​ហានិភ័យ​ខ្ពស់ ដោយ​នាវា​ដឹក​ប្រេង និង​នាវា​ពាណិជ្ជកម្ម​ជាច្រើន ត្រូវ​បាន​ណែនាំ​ឲ្យ​កាត់បន្ថយ​ការ​ឆ្លងកាត់​តំបន់​នោះ។ ទន្ទឹម​នឹង​នេះ ការ​ចរចា​សន្តិភាព​រវាង​គូភាគី ក៏​ត្រូវ​បាន​ផ្អាក ឬ​ពន្យារ​ពេល ដោយសារ​ភាព​តានតឹង​យោធា​បាន​កើន​ឡើង​វិញ។

ចំ​ពេល​ដែល​ស្ថានការណ៍​តានតឹង​បាន​វិលត្រឡប់​មក​វិញ​នៅ​ច្រក​សមុទ្រ​តំបន់​មជ្ឈិមបូព៌ា នៅ​ខណៈ​នេះ​មាន​សេចក្ដី​រាយការណ៍​ថា តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent បាន​កើន​ឡើង​ប្រហែល ៦% ដែល​ឡើង​ដល់​ជិត ៩៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដោយសារ​ការ​ព្រួយបារម្ភ​ថា​ការ​ដឹកជញ្ជូន​ប្រេង​តាម​ច្រក​សមុទ្រ​ហ័រមូស (Hormuz) អាច​ទទួល​រង​ការ​វាយប្រហារ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស