25.5 C
Phnom Penh

អ្នក​ស្រាវជ្រាវ​ឯកសារ​ខ្មែរក្រហម ចោទ​ថៃ​បង្កើត​លេស​បាត់​ទង់ជាតិ​ចង់​បង្ក​សង្គ្រាម​ជាមួយ​កម្ពុជា​ម្ដង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ ចាត់ទុក​ការ​មន្ទិល​សង្ស័យ​លើ​កងកម្លាំង​ប្រដាប់​អាវុធ​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​បាត់​ទង់ជាតិ​មួយ​ផ្ទាំង​ពី​ដងទង់​នៅ​តាម​ព្រំដែន គឺជា​អំពើ​ពុតត្បុត​ថៃ ដែល​មាន​ចេតនា​បង្ក​រឿង​ជាមួយ​ប្រទេស​កម្ពុជា ជុំវិញ​បញ្ហា​ព្រំដែន ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បង្ហាញ​នូវ​ជំហរ​ដ៏​ម៉ឺងម៉ាត់​ក្នុង​ការ​ដោះស្រាយ​វិវាទ​ព្រំដែន​តាមរយៈ​វិធាន​ការទូត​ដោយ​សន្តិវិធី និង​សន្តិភាព។

លោក ឆាំង យុ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ មេសា នេះ ដោយ​ចោទ​ថា កងទ័ព​ថៃ កំពុង​ធ្វើ​មិន​ដឹង​មិន​ឮ​អំពី​ភាព​ពុតត្បុត​ក្នុង​ពេល​ដែល​ពួកគេ​ទាមទារ​កាន់កាប់​លើ​ទីតាំង​ព្រំដែន រួម​ទាំង​តំបន់​ជា​ទី​សក្ការៈ​របស់​កម្ពុជា ទាំង​ដែល​ពួកគេ​កំពុង​កាន់កាប់​ដោយ​ខុស​ច្បាប់​លើ​ដែន​អធិបតេយ្យ​របស់​ភាគី​ដែល​ខ្លួន​កំពុង​ចោទប្រកាន់​រហូត​មក​នោះ។

អ្នក​ស្រាវជ្រាវ​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​រូប​នេះ​លើកឡើង​ថា ពេល​នេះ​កងទ័ព​ថៃ កំពុង​ផ្ទុះ​កំហឹង ដោយសារតែ​ការ​បាត់​ទង់ជាតិ​មួយ​ផ្ទាំង ដូច្នេះ​ថ្ងៃ​ក្រោយ បើ​ថៃ បាត់​ដើមឈើ​មួយ​ដើម ឬ​វត្ថុ​បុរាណ​ណា​មួយ​ផ្សេង​ទៀត​ចេញពី​ដែន​អធិបតេយ្យ​របស់​គេ ប្រហែលជា​អាច​ត្រូវ​ប្រើ​ធ្វើ​ជា​លេស​ដើម្បី​បង្ក​ឱ្យ​មាន​ជម្លោះ​ប្រដាប់​អាវុធ​ទ្រង់ទ្រាយ​ធំ​ជាមួយ​ប្រទេស​កម្ពុជា ក៏​អាច​ថា​បាន។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រូប​នេះ បញ្ជាក់​ថា ការ​សម្ដែង​ការ​ខឹងសម្បា​ខុស​រឿង​ដែល​គួរ​ឱ្យ​អស់សំណើច​របស់​កងទ័ព​ថៃ ក្នុង​កាលៈទេសៈ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បង្ហាញ​នូវ​ជំហរ​ដ៏​ម៉ឺងម៉ាត់​ក្នុង​ការ​ដោះស្រាយ​វិវាទ​ព្រំដែន​តាមរយៈ​វិធាន​ការទូត​ដោយ​សន្តិវិធី និង​សន្តិភាព ដើម្បី​ទទួល​បាន​ជ័យជម្នះ​ជា​ស្ថាពរ។

កាលពី​ថ្ងៃទី​២១ ខែ​មេសា កាសែត​ថៃ ខៅស៊ុត បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក អាឌុល ប៊ុនថាំចារ៉ើន ថា​អាជ្ញាធរ​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​ករណី​បាត់​ទង់ជាតិ​ថៃ មួយ​ផ្ទាំង នៅ​ក្បែរ​ព្រំដែន​កម្ពុជា ទោះបីជា​មន្ត្រី​យោធា​កម្ពុជា​បញ្ជាក់​ថា កងទ័ព​របស់​ពួកគេ​មិន​ពាក់ព័ន្ធ​ក៏ដោយ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ រូប​នេះ​បញ្ជាក់​ថា ទោះ​ភាគី​កម្ពុជា​បាន​បដិសេធ​មិន​ពាក់ព័ន្ធ​នឹង​ការ​បាត់​ទង់ជាតិ​នេះ​ក៏ដោយ ប៉ុន្តែ​អាជ្ញាធរ​ថៃ ត្រូវតែ​ស៊ើបអង្កេត​ដោយ​ខ្លួនឯង ព្រោះ​ថៃ មិន​អាច​ទុកចិត្ត​ទៅ​លើ​ពាក្យសម្ដី​ភាគី​ម្ខាង​នោះ​ទេ ក្នុង​នោះ កងទ័ព​ថៃ ក៏​ត្រូវតែ​ដាក់​ពង្រាយ​ដើម្បី​ត្រួតពិនិត្យ​ដែរ។

ចំណែក​អ្នកនាំពាក្យ​កងទ័ព​ជើងទឹក​ថៃ ឧត្ដមនាវីត្រី បារ៉ាត់ រ៉ាត់ណាឆៃយ៉ាផាន់ (Parat Rattanachaiyaphan) បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​កងទ័ព​ជើងទឹក​ថៃ កាលពី​ថ្ងៃ​ចន្ទ ទី​២០ ខែ​មេសា ថា កងកម្លាំង​យោធា​ថៃ ក្នុង​ខេត្ត​ចន្ទបុរី បាន​ស៊ើបអង្កេត និង​ស្វែងរក​ភស្តុតាង​ដើម្បី​កំណត់​មុខ​អ្នក​ដែល​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​ដក​ទង់ជាតិ​ថៃ។

អ្នកនាំពាក្យ​កងទ័ព​ជើងទឹក​ថៃ រូប​នេះ ព្រមាន​ចាត់​វិធានការ​តបត​នឹង​ភាគី​កម្ពុជា ក្នុង​ករណី​ស្រាវជ្រាវ​រក​ឃើញ​ថា កម្ពុជា​ជា​អ្នក​ចូល​ទៅ​លួច​ដក​ទង់ជាតិ​ថៃ នៅ​តំបន់​ព្រំដែន​នេះ។

តាម​ទូរទស្សន៍​ថៃ PBS កងទ័ព​ថៃ មិន​បាន​ប្រើ​ពាក្យ​ចោទ​ដោយ​គ្មាន​ព័ស្តុតាង ថា​ទាហាន​ខ្មែរ​ជា​អ្នក​ប្រព្រឹត្ត​ទង្វើ​នោះ​ទេ ប៉ុន្តែ​គេ​និយាយ​ថា គេ​សង្ស័យ​ថា​អាច​មាន​ទាក់ទិន​នឹង​យោធា​ខ្មែរ ហើយ​ថា​គេ​នឹង​ស៊ើបអង្កេត​ឲ្យ​ដឹង​រឿង​ពិត។

កាលពី​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៦ ហេតុការណ៍​បាត់​ទង់ជាតិ​ថៃ មួយ​ផ្ទាំង នៅ​តំបន់​មាន​អូរ​បត់បែន​រាង​អក្សរ U ក្បែរ​ព្រំដែន​ប្រទេស​ទាំង​ពីរ គឺ​ស្ថិត​ក្នុង​ភូមិ​ផាក់កាត ស្រុក​ពុងណាំរ៉ុន ខេត្ត​ចន្ទបុរី ប្រទេស​ថៃ ជាប់​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ កងកម្លាំង​កម្ពុជា បាន​អះអាង​ថា ហេតុការណ៍​បាត់​ដងទង់​ជាតិ​ថៃ នៅ​តំបន់​រាង​អក្សរ U ក្បែរ​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ចន្ទបុរី មិន​ពាក់ព័ន្ធ​នឹង​កម្ពុជា​ឡើយ ប៉ុន្តែ​វា​បាន​កើតឡើង​ដោយសារ​គ្រោះធម្មជាតិ ដ្បិត​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កួច​យ៉ាង​ខ្លាំង។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ប្រើ​វិធានការ​ទប់ស្កាត់​ភាព​គឃ្លើន​របស់​ភាគី​ថៃ លើ​ដី​ជាក់ស្តែង និង​ដំឡើង​កម្រិត​ការទូត​ឱ្យ​កាន់តែ​ខ្ពស់ ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន កុំ​ឱ្យ​មាន​ការ​បង្ក​ជម្លោះ និង​ការ​ឈ្លានពាន​ពី​ភាគី​ថៃ បន្ត​ទៀត។

ព័ត៌មាន​ដោយឡែក​ទាក់ទង​នឹង​ភាព​តានតឹង​តាម​ព្រំដែន​ដែរ ប៉ុន្តែ​នៅ​ក្នុង​ខេត្ត​ស្រះកែវ។ កាសែត​បាងកក​ប៉ុស្តិ៍ ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​២១ ខែ​មេសា ដោយ​ស្រង់​សេចក្តី​រាយការណ៍​ពី​យោធា​ថៃ ថា​ភាគី​ខ្មែរ​បាន​ពង្រាយ​ទាហាន​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​តំបន់​ទល់​មុខ​ភូមិ​បានណងចាន់ និង​ឃុំ​ណនម៉ាក់មឿន ស្រុក​គោកស៊ូង តាម​បណ្តោយ​ផ្លូវ​ក-៥ ដោយ​មាន​ជីក​លេណដ្ឋាន​ផង។

តាម​កាសែត​ដដែល យោធា​ថៃ បាន​សង្កេត​ឃើញ​មាន​សកម្មភាព​ចល័ត​ទ័ព​នៅ​ភូមិ​ទល់​មុខ​បានណងចាន់ និង​បានណងយ៉ាកែវ ដែល​គេ​ថា​យោធា​បាន​ដណ្តើម​យក​ទៅ​កាន់កាប់​វិញ​ក្នុង​រយៈពេល​មាន​ជម្លោះ​ព្រំដែន​ប្រដាប់​អាវុធ​កន្លង​ទៅ​នោះ។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ យោធា​ថៃ ផ្នែក​ដោះ​មីន បាន​រក​ឃើញ ហើយ​ដោះ​មីន​កម្ទេច​មនុស្ស​ប្រភេទ PMN ចំនួន ៧​គ្រាប់​ថ្មីៗ​ថែមទៀត​នៅ​ភូមិ​បានណងចាន់។

ហេតុការណ៍​មួយ​ទៀត​កើតឡើង​នៅ​ខេត្ត​ស្រះកែវ នោះ​ដែរ ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១៣ ខែ​មេសា គឺ​ប៉ូលិស​ថៃ កំពុង​ស៊ើបអង្កេត​ករណី​នាយក​ទូរទស្សន៍​បញ្ចាំង​រឿង​ភាគ​ឯកសារ​ម្នាក់​ឈ្មោះ កានរ៉ាពី ដែល​រាយការណ៍​ប្រាប់​ប៉ូលិស​ថា ខ្លួន​បាន​ចាញ់បោក​ជន​ឆបោក​ដែល​បញ្ឆោត​ឲ្យ​ខ្លួន​ចូល​ទៅ​ក្នុង​ដី​ខ្មែរ​នៅ​ប៉ោយប៉ែត ហើយ​បង្ខំ​ឲ្យ​បើក​គណនី​ផ្ទេរ​ប្រាក់ បង្ខាំង​ទុក​កន្លែង​មួយ​អស់​រយៈពេល ២​អាទិត្យ ទើប​ដោះលែង​វិញ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស