31.7 C
Phnom Penh

សង្គ្រាម​នៅ​ច្រក​សមុទ្រ​ហ័រមូស៖ អ៊ីរ៉ង់​មិន​ទៅ​ចរចា​នៅ​ប៉ាគីស្ថាន លោក ត្រាំ សម្រេច​បន្ត​ពេល​ឈប់​ប្រយុទ្ធ​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ខ្សែ​ភ្នែក​ពិភពលោក​កំពុង​ផ្ដោត​ទៅ​លើ​លទ្ធភាព​ដែល​អាច​ទៅ​រួច​នៃ​កិច្ចចរចា​បទ​ឈប់​បាញ់​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តេហេរ៉ង់ និង​ខណៈ​មជ្ឈដ្ឋាន​ខ្លះ​ដាក់​ក្តី​រំពឹង​ថា សន្តិភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​អាច​នឹង​រះ​ឡើងវិញ ហើយ​អស្ថិរភាព​នៃ​សេដ្ឋកិច្ច​សកល​ក៏​នឹង​ត្រូវ​បាន​បញ្ឈប់​ផង​ដែរ​នោះ ក្តី​សង្ឃឹម​នេះ​ដូចជា​មិន​ក្លាយ​ជា​ការពិត​ទេ ពីព្រោះ​អ៊ីរ៉ង់ បាន​បដិសេធ​មិន​បញ្ជូន​ក្រុម​ចរចា​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​អ៊ីស្លាម៉ាបាដ ដើម្បី​បន្ត​ការ​ចរចា​នៅ​សប្តាហ៍​នេះ​ឡើយ។

ទីក្រុង​តេហេរ៉ង់ ដាក់​លក្ខខណ្ឌ​ថា លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវ​លុបចោល​ការ​ឡោមព័ទ្ធ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ជា​មុន​សិន។ ក្នុង​រយៈពេល ២៤​ម៉ោង​នេះ កងកម្លាំង​អ៊ីរ៉ង់ បាន​វាយប្រហារ​ទៅ​លើ​កប៉ាល់​ជំនួញ​ជាច្រើន​គ្រឿង​ដែល​បើក​ឆ្លងកាត់​ច្រក​ហ័រមូស ដោយ​មិន​ទាក់ទង​អ៊ីរ៉ង់ ជា​មុន។

ចំណែក​ភាគី​សហរដ្ឋ​អាមេរិក ដំណាល​ពេល​គ្នា​នេះ ខាង​លោក ដូណាល់ ត្រាំ បែរ​ជា​បាន​បង្ហាញ​ថា ការ​ចរចា​កម្រិត​ខ្ពស់​ជាមួយ​អ៊ីរ៉ង់ អាច​នឹង​ចាប់ផ្តើម​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​មាន​ភាព​មិន​ច្បាស់លាស់​អំពី​ពេលវេលា និង​ផែនការ​ពិតប្រាកដ។

កាលពី​ថ្ងៃ​អង្គារ លោក ដូណាល់ ត្រាំ បាន​លើកឡើង​ថា លោក​មិន​មាន​គម្រោង​បើក​ច្រក​សមុទ្រ​នោះ​ទេ រហូត​ដល់​ភាគី​ទាំង​ពីរ​ឈាន​ដល់​កិច្ចព្រមព្រៀង​រួម​ជាមួយ​គ្នា។ ការណ៍​នេះ បាន​នាំ​ឱ្យ​មាន​ភាព​ជាប់​គាំង​ការ​ចរចា ដែល​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​វ៉ាស៊ីនតោន បាន​បង្ហាញ​ពី​ជំហរ​រឹងរូស​រៀងៗ​ខ្លួន។ ទីក្រុង​តេហេរ៉ង់ មិន​ទុកចិត្ត​ទីក្រុង​វ៉ាស៊ីនតុន ហើយ​ក៏​បន្ត​ពង្រឹង​កម្លាំង​ទ័ព​របស់​ខ្លួន​ដោយ​ស្ងាត់ៗ​ដែរ ដោយសារ​រុស្ស៊ី ឲ្យ​ការណ៍​ថា ក្រុង​វ៉ាស៊ីនតុន និង​អ៊ីស្រាអែល អាច​នឹង​យក​ពេល​ផ្អាក​ប្រយុទ្ធ​គ្នា​នេះ​វាយ​លុក​ចូល​ប្រទេស​អ៊ីរ៉ង់។

បើ​ទោះបីជា​ស្ថានភាព​កំពុង​ជាប់​គាំង​ក៏ដោយ លោក ដូណាល់ ត្រាំ បាន​ផ្តល់​ហេតុផល​ខ្លះ ដោយ​បង្ហាញ​ពី​ការ​ប្រែប្រួល​ជំហរ​របស់​ខ្លួន។ បន្ទាប់ពី​បាន​និយាយ​ថា​មិន​មាន​បំណង​បន្ត​បទ​ឈប់​បាញ់​ជា​លើក​ទី​ពីរ លោក​ក៏បាន​សម្រេច​បន្ត​បទ​ឈប់​បាញ់ ដោយ​ការណ៍​នេះ​បាន​បង្កើត​ភាព​មិន​ស្រប​គ្នា​នៅ​ក្នុង​សារ​នយោបាយ​របស់​សេតវិមាន។

នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ក្នុង​ពេលនេះ ការស្ទង់មតិ​ពលរដ្ឋ​អាមេរិកាំង​ពី​មជ្ឈដ្ឋាន​ស្រាវជ្រាវ​ជាច្រើន​ឲ្យ​ដឹង​ថា ប្រជាប្រិយភាព​លោក ត្រាំ ជាមួយ​ពលរដ្ឋ​អាមេរិកាំង​ធ្លាក់​ចុះ​ពី​ជាង ៦០% ទៅ ៧០% គិត​តាំងពី​រឿង​ធ្វើ​ចម្បាំង រឿង​សេដ្ឋកិច្ច រឿង​អតិផរណា និង​រឿង​អន្តោប្រវេសន៍។

លោក ត្រាំ ពន្យល់​ថា ការ​សម្រេច​ចិត្ត​នេះ គឺ​ធ្វើឡើង​ដើម្បី​បំពេញ​ចិត្ត​ប្រជាជន​ប៉ាគីស្ថាន មិនមែន​ជា​ការ​សម្របសម្រួល​ជា​ផ្លូវការ​ពី​សហរដ្ឋ​អាមេរិក​ឡើយ។

ទោះជាយ៉ាងណា វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​មិន​ច្បាស់លាស់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​ទូលំទូលាយ​មួយ ខណៈ​អ៊ីរ៉ង់ បាន​បដិសេធ​លក្ខខណ្ឌ​ខាង​សហរដ្ឋ​អាមេរិក សម្រាប់​ការ​ចរចា ទោះជា​លោក ត្រាំ បាន​សម្រេច​បន្ត​បទ​ឈប់​បាញ់​គ្នា​ជា​ឯកតោភាគី​ក៏ដោយ។

លោក ត្រាំ បញ្ជាក់​ថា លោក​សម្រេច​ដូច្នេះ ព្រោះ​លោក​ធ្វើ​តាម​សំណើ​សេនាប្រមុខ​កងទ័ព​ប៉ាគីស្ថាន។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់។

ចំពោះ​ការ​បិទ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) នៃ​ឈូង​សមុទ្រ​ពែក្ស៍ គ្រាន់តែ​ជា​ចំណុច​ជាប់​គាំង​មួយ​ក្នុង​ចំណោម​បញ្ហា​ចម្បង​ជាច្រើន ដែល​ក្រុម​ចរចា​ពី​សេត​វិមាន​កំពុង​ប្រឈមមុខ។ ជាមួយ​គ្នា​នេះ ករណី​ដែល​សហរដ្ឋ​អាមេរិក បាន​រឹបអូស​កប៉ាល់​របស់​អ៊ីរ៉ង់ នៅ​ឈូង​សមុទ្រ​អូម៉ង់ កំពុង​ត្រូវ​បាន​អ៊ីរ៉ង់ ស្នើ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ ឱ្យ​ធ្វើ​អន្តរាគមន៍​ដោះលែង។

កាលពី​ថ្ងៃ​អង្គារ អ៊ីរ៉ង់​បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ធ្វើ​អន្តរាគមន៍ បន្ទាប់ពី​សហរដ្ឋ​អាមេរិក បាន​រឹបអូស​នាវា​ពាណិជ្ជកម្ម​អ៊ីរ៉ង់ មួយ​គ្រឿង និង​ឃុំ​ខ្លួន​នាវិក​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ។ ទីក្រុង​តេហេរ៉ង់ បាន​ពណ៌នា​សកម្មភាព​នេះ​ថា​ជា​ការ​រំលោភ​លើ​បទ​ឈប់​បាញ់​គ្នា។

នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក António Guterres ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Amir Saeid Iravani បាន​បញ្ជាក់​ថា ការ​រឹបអូស​នាវា Toska កាលពី​ដើម​សប្តាហ៍​នេះ គឺជា «ការ​រំលោភ​បំពាន​យ៉ាង​ច្បាស់លាស់ និង​ជាក់ស្តែង» លើ​កិច្ចព្រមព្រៀង​ផ្អាក​ប្រយុទ្ធ​គ្នា។

ការ​រឹបអូស​យក​នាវា​ពាណិជ្ជកម្ម​របស់​អ៊ីរ៉ង់ ក៏ដូចជា​ការ​បិទ​ផ្លូវ​នៅ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) គឺជា​សម្ពាធ​ដ៏​មាន​សារសំខាន់​ដែល​មិន​អាច​នាំ​ទីក្រុង​តេហេរ៉ង់ ទៅ​កាន់​តុ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក វិញ​បាន​ទៀត​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក Scott Bessent បាន​និយាយ​ថា កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក នឹង​បន្ត​យុទ្ធនាការ​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់ ដោយ​ផ្ដោត​លើ​ការ​រឹត​បន្តឹង​ពាណិជ្ជកម្ម​តាម​សមុទ្រ និង​កាត់បន្ថយ​ប្រភព​ចំណូល​សំខាន់ៗ​របស់​ទីក្រុង​តេហេរ៉ង់។

លោក Scott Bessent បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​គណនី X ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត “បិទ​ផ្លូវ​ទឹក” កំពង់ផែ​អ៊ីរ៉ង់ ដែល​លោក​ថា​ឃ្លាំង​ស្តុក​ប្រេង​នៅ​កោះ Kharg នៃ​ប្រទេស​អ៊ីរ៉ង់ កំពុង​រង​សម្ពាធ ហើយ​អណ្តូង​ប្រេង​អ៊ីរ៉ង់ ក៏​ត្រូវ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដែរ។

ទោះជា​ដូច្នេះ​ក្តី ការ​ប្រញាប់ប្រញាល់​ទៅ​វាយប្រហារ​ប្រទេស​អ៊ីរ៉ង់ ដោយ​មិន​បាន​ផ្តល់​ដំណឹង​សភា​អាមេរិកាំង និង​ពិគ្រោះ​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិកាំង​ជា​មុន ត្រូវ​បាន​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​ប្រឆាំង​មិន​គាំទ្រ ជាពិសេស​នៅ​ពេល​សាំង​ឡើង​ថ្លៃ ពីព្រោះ​លំហូរ​ប្រេងឥន្ធនៈ​ចេញពី​ប្រទេស​បូម​ប្រេង​ស្ទះ​នៅ​ច្រក​ហ័រមូស។

អតីត​ឧត្ដមនាវី William McRaven អតីត​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កងកម្លាំង​នាវាចរណ៍​ពិសេស ប្រាប់​ទូរទស្សន៍ MSNOW ពី​មុន MSNBC ពី​ថ្ងៃ​អង្គារ​នេះ អំពី​មេដឹកនាំ​ថា៖ បើ​ដឹកនាំ​ប្រើ​កំហឹង មិន​ចេះ​អត់ធ្មត់ មិន​បាន​គិត​អំពី​យុទ្ធសាស្ត្រ​ទេ អ្នក​នោះ​ក៏​នឹង​បាត់បង់​តម្លៃ​ជា​មនុស្ស​ជាតិ​ដែរ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស