កាលពីម្សិលមិញ សាលាដំបូងខេត្តសៀមរាបបានចោទប្រកាន់ជនជាតិវៀតណាមបីនាក់ពីបទគំរាមទារប្រាក់ ផលិតនិងប្រើប្រាស់ឯកសារក្លែងក្លាយដែលតាមចោទពីបទក្លែងជាបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលដើម្បីគំរាមទារប្រាក់ពីអ្នកនេសាទមូលដ្ឋានបានជាង៤០០ដុល្លារនៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
លោក ចៅ ម៉ៅវីរៈ ស្នងការរងនគរបាលខេត្តទទួលបន្ទុកអន្តោប្រវេសន៍បានមានប្រសាសន៍ថា បុរសបីនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅមាត់បឹងទន្លេសាប កន្លែងដែលពួកគេបានចតទូករបស់ខ្លួន។ លោក ម៉ៅវីរៈ បានមានប្រសាសន៍ថា “កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ បុរសជនជាតិវៀតណាមបីនាក់បានស្លៀកពាក់ឯកសណ្ឋានដូចបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលអ៊ីចឹងមកគំរាមទារប្រាក់ចំនួន៤២៥ដុល្លារពីអ្នកនេសាទខ្មែររបស់យើង”។លោកបានបន្ថែមថា អ្នកនេសាទជនជាតិខ្មែរទាំងនេះមិនបានធ្វើអ្វីខុសច្បាប់ឡើយ។
លោក ម៉ៅវីរៈ បានមានប្រសាសន៍ថា បុរសទាំងបីនាក់នេះបានប្រើប័ណ្ណសម្គាល់ខ្លួនក្លែងក្លាយដែលបានបង្ហាញអត្តសញ្ញាណថា ជាបុគ្គលិកអង្គការការពារបរិស្ថាន និងអង្គការសិទ្ធិមនុស្ស ហើយបានប្រាប់អ្នកនេសាទទាំងនេះឲ្យបង់លុយឲ្យពួកគេដើម្បីចៀសវាងការចាប់ប្រគល់ឲ្យអាជ្ញាធរ។ លោក ម៉ៅវីរៈ បានបន្ថែមថា លោកមិនច្បាស់ថា តើអង្គការនេះជាអង្គការពិតប្រាកដឬយ៉ាងណានោះឡើយ។
មិនមាននរណាម្នាក់លើកទូរស័ព្ទដែលហៅទៅកាន់លេខក្នុងបញ្ជីរបស់អង្គការមិនមែនរដ្ឋាភិបាលនេះនៅក្នុងឯកសារក្លែងសម្រាប់ការិយាល័យនៅក្នុងរាជធានីភ្នំពេញ និងការហៅទៅកាន់លេខនៅក្នុងសៀវភៅ Yellow Pages សម្រាប់ការិយាល័យក្នុងខេត្តបាត់ដំបងឡើយ ដោយមានការឆ្លើយតបស្វ័យប្រវត្តិថា មិនមានក្នុងប្រព័ន្ធយើងខ្ញុំទេ។
លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា អេង ផាង អាយុ៥៨ឆ្នាំ ត្រាន ទុងវៀត អាយុ៤៨ឆ្នាំ និង ឡេ ដុងឡយ អាយុ២៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទគំរាមទារប្រាក់ ប្រើប្រាស់ ហើយផលិតឯកសារក្លែងក្លាយ។ លោកបានបន្ថែមថា “ពួកគេត្រូវបានបញ្ជូនទៅពន្ធនាគារហើយ” ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន។
លោក ឯម ម៉ាន ចៅសង្កាត់ចុងឃ្នៀស បានមានប្រសាសន៍ថា ឈ្មោះ ផាង បានគំរាមទារប្រាក់ពីអ្នកនេសាទនៅក្នុងសង្កាត់នេះពីមុនមក។ លោកបានមានប្រសាសន៍ថា “អេង ផាង ជាជនជាតិវៀតណាមរូបនេះ គាត់ស្គាល់នគរច្រើនដើម្បីការពារគាត់នៅពេលគាត់គំរាមទារប្រាក់ជាច្រើនលើកក្នុងពេលកន្លងមក”។ លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕សារុន